
ម្តាយគ្មានលុយជូនទៅពេទ្យ នាងដាច់ចិត្តចងកសម្លាប់ខ្លួនទាំងព្រឹក គួរឲ្យអនិច្ចាបំផុត
រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់អាយុ ១២ឆ្នាំ ដែលម្តាយខំប្រឹងអូសរទេះលក់ធ្យូង រកលុយមកចិញ្ចឹមបីបាច់ ត្រូវបានប្រជាពលរដ្ឋ រស់នៅក្នុងភូមិប្រទះឃើញចងក នឹងដំបូលផ្ទះស្លាប់ មិនដឹងតាំងពីពេលណា បន្ទាប់ពីបាត់មុខមិនឃើញចេញមកដាំបាយដូចសព្វដង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅក្រុម២ ភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ក្រូច ស្រីលក្ខណ៍ អាយុ ១២ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សា ជ្រោយចង្វា ជាកូនទី៥ ក្នុងចំណោមបងប្អូន៦ នាក់ប្រុស៣ ស្រី៣ ដែលមានម្ដាយឈ្មោះ អ៊ឹម ថារី អាយុ ៥០ឆ្នាំ មុខរបររុញរទេះលក់ធ្យូងតាមភូមិ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ក្មេងស្រីរងគ្រោះត្រូវបាន គេប្រទះឃើញចងក នឹងខ្សែនីឡុងជាមួយនឹងធ្នឹមផ្ទះ មិន ដឹងស្លាប់តាំងពីពេលណានោះទេ ខណៈ ដែលម្ដាយចាកចេញពីផ្ទះ តាំងពីម៉ោង ៥ព្រឹក ដើម្បីរុញរទេះលក់ធ្យូង ។
ស្ដ្រីឈ្មោះ អ៊ឹម ថារី ជាម្ដាយ បានឱ្យដឹងថា កន្លងមកកូនស្រីរបស់គាត់ មិនដែលមានបញ្ហាអ្វីនោះទេ ជាពិសេស បញ្ហាផ្លូវចិត្ដក៏មិនមានដែរ ព្រោះគាត់មិនដែល ប្រើឱ្យធ្វើអ្វីធ្ងន់នោះទេ។ ប៉ុន្ដែប៉ុន្មានថ្ងៃកន្លងមកនេះ កូនស្រីរបស់គាត់ចេះតែត្អូញថា ឈឺអួលណែន ក្នុងទ្រូងចុកដង្ហើមស្ទើរដកដង្ហើមមិនរួច។ ពេលឮកូនស្រីត្អូញត្អែរដូច្នេះ គាត់បានអង្វរកូនថា ចាំម៉ែរកលុយបានសិន ចាំនាំកូនទៅពេទ្យ ឥឡូវនេះម៉ែគ្មានមួយរៀលទេ កូនទ្រាំសិនទៅ ។
ក្រោយមកមិនដឹងរឿងហេតុអ្វី ពេលដែលគាត់ ចាកចេញពីផ្ទះរុញរទេះ ដើរលក់ធ្យូងតាមផ្លូវ ស្រាប់តែមានប្រជាពលរដ្ឋ រស់នៅក្បែរខាង ទូរស័ព្ទប្រាប់ថា កូនស្រីរបស់គាត់ បានចងកស្លាប់បាត់ទៅហើយ។ ដំណឹងនេះធ្វើឱ្យ គាត់មានក្ដីរន្ធត់យ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកផ្ទះវិញប្រទះឃើញ កូនស្រីចងកស្លាប់មែន ធ្វើឱ្យគាត់តូចចិត្ដខ្លាំងណាស់ មិនគួរណាកូនស្រី គិតខ្លីយ៉ាងដូច្នេះទេ ព្រោះគាត់បានប្រឹងប្រែង រកស៊ីបែកញើសហូរញើស ដើម្បីចិញ្ចឹមឱ្យកូនរស់ មិនគួរកូនដាច់ចិត្តចងកសម្លាប់ខ្លួន ចោលម្ដាយទៅវិញ៕
Source from: watphnom-news.com
Post a Comment