
ផឹកស៊ីស្រវឹងឈ្លោះគ្នាតាមផ្លូវ យកដែកឆាបចាក់គូជម្លោះ រងរបួសដេកសន្លប់ស្តូកស្តឹង
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានដើរលេងផឹកស៊ី បង្កជាជម្លោះពាក្យសំដី ឌឺដងដាក់គ្នា ហើយត្រូវមិត្តភក្តិ យកដែកឆាបចាក់ បណ្តាលឲ្យរងរបួសធ្ងន់ ដេកសន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង ១និង៤០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅបណ្តោយផ្លូវលំ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលត្រូវមិត្តភក្តិ ចាក់ចំនួន ៤ដែកឆាប មានឈ្មោះ ប្រុស ហៅទឹកកក អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ បានរត់គេចខ្លួនបាត់ស្រមោល មិនត្រូវបានស្គាល់ឈ្មោះនោះទេ។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនដៃដល់ ជាមិត្តភក្តិនឹងគ្នា បានជិះម៉ូតូមួយគ្រឿង មកផឹកស៊ីនៅហាងមួយកន្លែង ។
ពេលផឹកស៊ីរួចជនសង្ស័យ និងជនរងគ្រោះ បានឌុបគ្នាតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែជនសង្ស័យ និងជនរងគ្រោះ បានទាស់ពាក្សសម្តីគ្នា រួចក៏ឈប់ម៉ូតូនិងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ទើបជនសង្ស័យជិះម៉ូតូ ចេញបាត់មួយភ្លែត ត្រឡប់មកវិញ យកដែកឆាប ចាក់ទៅលើជនរងគ្រោះចំនួន ៤ដែកឆាប ត្រូវចំក្រោមដោះ១ និងខាងក្រោយខ្នង៣ ធ្វើឲ្យជនរងគ្រោះ ប្រកាច់សន្លប់ស្តូកស្តឹង នៅនឹងកន្លែងកើតហេតុ៕
Source from: watphnom-news.com
Post a Comment