បើកឡានលឿនពេក បែកកង់ជ្រុលទៅបុកតូបលក់ដូរ ខ្ទេចអស់២ និងខូចខាតសម្ភារជាច្រើន
ខេត្តកណ្តាល ៖ តូបលក់ដូរចំនួនពីរកន្លែង ដែលនៅនឹងចិញ្ចើមផ្លូវ ត្រូវបានរថយន្ត មួយគ្រឿងបើកបុក បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២០និង១០ នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥១ក្នុងភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ប៉ុន្តែសំណាងល្អ ដោយគ្មានអ្នកស្នាក់នៅក្នុងតូបនោះ រីឯអ្នកបើករថយន្តវិញ ក៏ពុំមានរងរបួសនោះដែរ គ្រាន់តែរងការខូចខាតរថយន្ត និងតូបលក់ដូរប៉ុណ្ណោះ។
រថយន្តបង្កម៉ាកហ្វត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-1561 បើកបរដោយឈ្មោះ សាន់ ហ៊ួយប៉ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន មានមុខរបរជាបុគ្គលិក របស់ក្រុមហ៊ុន AVIC រស់នៅផ្ទះលេខ៤A សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ រីឯតូបដែលត្រូវរថយន្តបុកចូលនោះទី១ មានទំហំ ៨ម៉ែត្រគុណនឹង៥ ម៉ែត្រដែលមានម្ចាស់ឈ្មោះ ជិន គន្ធា ភេទប្រុស អាយុ ៤៧ឆ្នាំនិងទី២ មានទំហំ ៥ម៉ែត្រគុណនឹង៥ ម៉ែត្រមានម្ចាស់ឈ្មោះ ជិន ធី ភេទប្រុស អាយុ ៥២ឆ្នាំ អ្នកទាំង២ រស់នៅក្នុងភូមិឃុំកើតហេតុ។
មុនពេលកើតហេតុរថយន្តខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៥១ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បែកកង់មុខផ្នែកខាងឆ្វេង ខណៈដែលកំពុងតែមានល្បឿន ធ្វើអោយរេចង្កូតជ្រុលបុកចូល តូបលក់ដូររបស់ ប្រជាពលរដ្ឋតែម្តង។ ប៉ុន្តែសំណាងល្អ អ្នកលក់ដូរមិនស្នាក់នៅក្នុងតូប រីឯអ្នកបើករថយន្ត ក៏ពុំរងរបួសផងដែរ គ្រាន់តែខូចខាតរថយន្ត ឥវ៉ាន់ និងតូបលក់ដូរ ស្ទើរតែខ្ទេចទាំងស្រុងផងដែរ។ ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ភ្លាមៗ រួចហើយធ្វើការវាស់វែង និងស្ទូចរថយន្តយកមករក្សាទុក នៅអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីរង់ចាំដោះស្រាយ៕
Source from: watphnom-news.com























Loading...




Post a Comment