
ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកំពង់ធំទទួលរងការប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយមួយជាន់ទៀត
បន្ថែមពីលើការចុះស៊ើបអង្កេតស្រាវជ្រាវរឿងអាស្រូវពុករលួយនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ពីសំណាក់ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមួយក្រុម ដឹកនាំដោយឯកឧត្តម ជា វុធណា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងជាប្រធានប្រតិភូ រយៈពេលចំនួន២ថ្ងៃគឺថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៤កន្លងមកថ្មី្ៗនេះ គឺលោក សុខ សុផល ជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ បានទទួលរងការប្តឹងផ្តល់ពីសំណាក់មន្ត្រីរាជការក្រោមឱវាទមន្ទីរទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ជាប្រធានមួយជាន់ទៀត ។
ប្រភពព័ត៌មានច្បាស់ការណ៍បានឲ្យដឹងថា ពាក្យបណ្តឹងរបស់មន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំ ដែលបានប្តឹងលោក សុខ សុផល ជាប្រធានមន្ទីរជុំវិញការប្រព្រឹត្តអំពើពុករលួយទៅអង្គភាពប្រឆាំងអំពើពុករលួយនោះ ត្រូវបានដាក់ជូនទៅដល់ការិយាល័យទទួលពាក្យបណ្តឹងនៃអង្គភាពប្រឆាំងអំពើពុករលួយនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ ។
ព័ត៌មានពីប្រភពដដែលបានឲ្យដឹងដែរថា យ៉ាងហោចណាស់មានចំនួន១០ចំណុចដែលមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំលើកឡើងអំពីអំពើពុករលួយ និងភាពអសកម្មរបស់លោកប្រធានមន្ទីរ សុខ សុផល បានបង្ហាញជូនអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់ការ ៕
Source from: www.dtn7.com
Post a Comment