
តុលាការចេញដីកាបង្គាប់ឲ្យកម្មករ និយោជិតរោងចក្រ Wing Star Shoes ដែលធ្វើកូដកម្មឲ្យចូលធ្វើការងារវិញ
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ របស់និយោជក(ថៅកែ)ក្រុមហ៊ុន Wing Star Shoes ដែលមានទីតាំងឋិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នោះ សាលាដំបូងខេត្តកំពង់ស្ពឺដែលមានលោក ឆឹម ឫទ្ធី ជាចៅក្រមទទួលបន្ទុក បានចេញដីកាសម្រេចរក្សាការពារលេខ៣៦"គ" ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ដោយបង្គាប់ឲ្យកម្មករ និយោជិតទាំងអស់បម្រើការងារនៅរោងចក្រ Wing Star Shoes ដែលកំពុងធ្វើកូដកម្មមិនចូលធ្វើការ ឲ្យចូលធ្វើការងារក្នុងរោងចក្រវិញតាមវេន និងតាមម៉ោងរៀងៗខ្លួនក្នុងរយៈពេល៤៨ម៉ោងជាបណ្តោះអាសន្ន រហូតដល់តុលាការសម្រេចដល់អង្គសេចក្តី។
ដីកាសម្រេចរក្សាការពារលេខ៣៦"គ" ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ របស់ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺនេះ ត្រូវបានខាងភាគីកម្មករ និយោជិត ទទួលបាននៅវេលាព្រឹកនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤នេះ ដោយដីកាសម្រេចរក្សាការពារនេះដែរបានបញ្ជាក់ថា មានអានុភាពអនុវត្តន៍ភ្លាមៗ ទោះបីមានបណ្តឹងតវ៉ាក៏ដោយ ។
សូមរំលឹកជូនថា កម្មករ កម្មការិនីបម្រើការងារនៅរោងចក្រ Wing Star Shoes ចំនួនជាង៦.០០០នាក់ សឹងតែទាំងអស់ក្នុងចំណោមកម្មករ និយោជិត បាននាំគ្នាធ្វើកូចកម្មអស់រយៈពេលចំនួន៤ថ្ងៃមកហើយ ដើម្បីទាមទារឲ្យថៅកែ(និយោជក)រោងចក្រដោះស្រាយនូវសំណើរបស់កម្មករ កម្មការិនីយ៉ាងតិចចំនួន១០ចំណុច ដែលជាផ្នែកនៃលក្ខខណ្ឌការងារល្អប្រសើរ ប៉ុន្តែខាងភាគីនិយោជកមិនផ្តល់ចម្លើយឆ្លើយតបជាដំណោះស្រាយជូនភាគីកម្មករ និយោជិតនៅឡើយទេ ទោះបីភាគីទាំងពីរបានចូលរួមដោះស្រាយនៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺរួចហើយក៏ដោយ ។
រោងចក្រ Wing Star Shoes នេះធ្លាប់មានរឿងអាស្រូវយ៉ាងធំមួយនាពេលកន្លងមក ដោយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ មានហេតុការណ៍រលំបាក់អគារ បណ្តាលឲ្យកម្មករ កម្មការិនីរោងចក្រកំពុងបម្រើការងារទទួលរងការស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់ ខណៈដែលលក្ខខណ្ឌការងារនៅក្នុងរោងចក្រនេះមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយ ហើយមានការរើសអើងសហជីពយ៉ាងខ្លាំងក្លាទៀតផង ។
ឥឡូវនេះ ដល់ដំណាក់កាលនិយោជករោងចក្រ Wing Star Shoes ចាប់ផ្តើមប្រើអំណាចរបស់ស្ថាប័ន តុលាការយកមកធ្វើការគាបសង្កត់មកលើភាគីកម្មករ និយោជិត ដើម្បីឲ្យកម្មករ កម្មការិនីដែលកំពុងធ្វើកូដកម្ម ទាមទារលក្ខខណ្ឌការងារល្អប្រសើរ ឲ្យបង្ខំចិត្តចូលបម្រើការងារវិញ ប៉ុន្តែបើកម្មករមិនចូលធ្វើការវិញទេ គឺនឹង ត្រូវប្រឈមការបណ្តេញចេញ តាមរយៈការប្រើប្រាស់អំណាចតុលាការ ៕
Source from: www.dtn7.com
Post a Comment