ឡានក្រុង រិទ្ធមុន្នី បើកបុកម៉ូតូសណ្តោងរទេះ បែកក្បាលស្លាប់ទាំង ២នាក់ ប្តីប្រពន្ធគួរឲ្យរន្ធត់
ខេត្តបាត់ដំបង ៖ ជនរងគ្រោះ ២នាក់ប្តីប្រពន្ធ បានបែកក្បាលស្លាប់ទន្ទឹមគ្នា នៅលើទ្រូងផ្លូវ យ៉ាងអាណោចអាធ័មបំផុត ដោយសាររថយន្តក្រុមហ៊ុនរិទ្ធមុន្នី ដឹកអ្នកដំណើរ បើកលឿនដូចហោះជ្រុលឆ្លងគំនូសផ្លូវ ទៅបុកអ្នកជិះម៉ូតូសណ្តោងរទេះ ដែលបើកបញ្ច្រាសទិសគ្នា ហើយចំណែកអ្នកបើករថយន្តបង្ក បានចតរថយន្តទុក ចោលពីកន្លែងកើតហេតុ ជាង ៣០០ម៉ែត្រ រត់គេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៤និង១០ នាទីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោង ក្នុងភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោក ម៉ែន បូរី នាយផ្នែកវាស់វែង និងដោះស្រាយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យ ដឹងថា ជនរងគ្រោះដែលស្លាប់ទាំង ២នាក់ រួមមានឈ្មោះ ផាវ សុផាត អាយុ ៣៥ឆ្នាំ ជាប្តី និងឈ្មោះ ទាវ ចាន់រី អាយុ ២៧ឆ្នាំ ជាប្រពន្ធ មានមុខរបរលក់ចាប់ហួយ និងមានកូនតូចៗ ២នាក់ រស់នៅក្នុងភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែ។ ជនរងគ្រោះទាំង ២នាក់ ជិះម៉ូតូសណ្តោងរទេះដឹកឥវ៉ាន់ចាប់ហួយ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1H4789 ។ ចំណែករថយន្តបង្កហេតុ គឺជារថយន្តរបស់ ក្រុមហ៊ុនរិទ្ធមុន្នី ដឹកអ្នកដំណើរ ពាក់ស្លាកលេខ ភ្នំពេញ 3B-4949 ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង សណ្តោងរ៉ឺម៉ក ជិះឌុបគ្នា ២នាក់ បើកបរពីទិសខាងលិចទៅកើត គឺពីបាត់ដំបងទៅភ្នំពេញ ដោយដឹកសណ្តែកបាយ ពីបាត់ដំបង យកទៅលក់ នៅភូមិស្វាយជាតិ។ ស្របពេលនោះ មានរថយន្តក្រុងរិទ្ធមុនី ដឹកមនុស្សពេញ បើកបញ្ច្រាសទិសគ្នា ពីកើតមកលិច ដោយមានល្បឿនយ៉ាងលឿនដូចព្រួញ ពេលដល់ផ្លូវកោង យកចង្កូតមិនទាន់ ក៍ជ្រុលទៅបុកអ្នកជិះម៉ូតូទាំង ២នាក់ នៅខាងស្តាំដៃបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ ចំណែករថយន្តបង្ក បានបើកទៅមុខជាង ៣០០ម៉ែត្រ ទើបឈប់ រួចអ្នកបើកបររថយន្ត បានលោតចុះរត់គេចខ្លួនបាត់ស្រមោល ហើយសាកសពត្រូវបានរថយន្ត នគរបាលចរាចរណ៍ខេត្ត ដឹកយកទៅប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕ ដោយ សុខជា
Source from: watphnom-news.com























Loading...




Post a Comment