សម្លាប់មេចោរប្លន់ទើបចេញពីគុកបានម្នាក់និង៦នាក់រត់រួចក្នុងហេតុការណ៍បាញ់តដៃយ៉ាងគឃ្លើនជាមួយសមត្ថកិច្ច
ប្រពព័ត៌មានពីសមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា មេចោរប្លន់ជាមុខសញ្ញាចាស់ទើបចេញពីគុកម្នាក់ ត្រូវបានបាញ់សម្លាប់នៅកណ្តាលវាលស្រែ និង៦នាក់ផ្សេងទៀតរត់រួច ក្នុងហេតុការណ៍ក្រុមចោរបាញ់តដៃយ៉ាងគឃ្លើនជាមួយសមត្ថកិច្ច កាលពីវេលាម៉ោង២៣និង៣០នាទី រាត្រីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រោយក្រុមចោរប្រដាប់ដោយកាំភ្លើង AK ពី២ទៅ៣ដើម បានធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ឋិតនៅក្នុងភូមិអំពិល ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងរួចមក ។
សមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានឲ្យដឹងថា នៅវេលាម៉ោង១៩និង៣០នាទីយប់ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៤ ពួកចោរប្លន់មួយក្រុមមានគ្នា៧នាក់ ប្រដាប់ដោយកាំភ្លើង AK ពី២ទៅ៣ដើម បានធ្វើសកម្មភាពប្លន់នៅផ្ទះប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ប៉ោ សុវណ្ណ ហៅមាន់តក់ ពេលកំពុងអង្គុយមើលទូរទស្សន៍នៅក្រោមផ្ទះជាមួយកូន ដោយក្រុមចោរបានចូលទៅភ្ជង់ម្ជាស់ផ្ទះជាជនរងគ្រោះ ហើយបានដោះយកចិញ្ចៀនប្លាទីន១វង់ ទម្ងន់៣ជី ទូរស័ព្ទ iPhone២គ្រឿង កាតATM១ និងលុយមួយចំនួនទៀតនៅក្នុងកាបូប និងបន្ទាប់មក ក្រុមចោរបានសម្លុតឲ្យជនរងគ្រោះយកសោចាក់ទូប្រមូលមាសប្រាក់ប្រគល់ខ្លួន ។ ពេលដែលជនរងគ្រោះដើរទូចាក់សោទូ ខណៈនោះជនរងគ្រោះជាម្ចាស់ផ្ទះក៏បានរត់គេចខ្លួនតាមទ្វារខាងក្រោយ ហើយក្រុមចោរបានបាញ់សំដៅទៅលើម្ចាស់ផ្ទះចំនួន៣គ្រាប់ តែសំណាងល្អម្ចាស់ផ្ទះជាជនរងគ្រោះមិនត្រូវគ្រាប់កាំភ្លើងដែលក្រុមចោរបាញ់នោះទេ ។ ក្នុងហេតុការណ៍បែបនេះ ក្រុមចោរក៏បានរត់គេចខ្លួនបាត់ រួចហើយក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង និងក៏ទៅរាយការណ៍ដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍បន្ទាយចក្រីភ្លាមៗ ។
បន្ទាប់ពីទទួលបានរបាយការណ៍ពីនគរបាលប៉ុស្តិ៍បន្ទាយចក្រីរួចហើយ សមត្ថកិច្ចនគរបាលខេត្តព្រៃវែងក៏បានបញ្ជាឲ្យនគរបាលអធិការដ្ឋានស្រុកព្រះស្តេចដឹកនាំកម្លាំងចុះត្រៀមឃ្លាំមើលសកម្មភាពរបស់ក្រុមចោរ នៅចំណុចព្រំប្រទល់ស្រុកព្រះស្តេច និងស្រុកកំពង់ត្របែក ។ ពេលសមត្ថកិច្ចកំពុងត្រៀមពួនស្ទាក់ដំណើររបស់ក្រុមចោរនោះ នៅវេលាម៉ោង២៣និង៣០នាទីយប់ សមត្ថកិច្ចក៏បានឃើញភ្លើងពិលរបស់ក្រុមចោរធ្វើដំណើរតាមផ្លូវខ្សែត្រៀមរបស់សមត្ថកិច្ច ក៏សួរនិងស្រែកឲ្យក្រុមចោរនោះឈប់ ស្រាប់តែក្រុមចោរបានបាញ់សំដៅមកលើសមត្ថកិច្ចជាំច្រើនគ្រាប់ បង្ខំឲ្យសមត្ថកិច្ចបាញ់តបតវិញ បណ្តាលឲ្យមេចោរម្នាក់ត្រូវគ្រាប់កាំភ្លើងដេកស្លាប់នៅកណ្តាលវាលស្រែភ្លាមៗ រីឯបក្ខពួកក្រុមចោរចំនួន៦នាក់ទៀតបានរត់គេចខ្លួនបាត់ ខណៈក្រុមចោរទាំង៦នាក់នោះក៏មានម្នាក់ត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចរងរបួសធ្ងន់ធ្ងរផងដែរ ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ឲ្យដឹងថា មេចោរដែលត្រូវបានសមត្ថកិច្ចបាញ់ស្លាប់នៅកណ្តាលវាលស្រែនោះ មានឈ្មោះ ប្រាក់ ហៀប ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ហើយជាមុខសញ្ញាចាស់ដែលទើបចេញពីគុកបានប្រហែលជា២ខែប៉ុណ្ណោះ បន្ទាប់ពីមេចោររូបនេះបានធ្វើសកម្មភាពប្លន់នៅខេត្តតាយនិញ ប្រទេសវៀតណាម និងបានជាប់ពន្ធនាគារនៅខេត្តស្វាយរៀងអស់រយៈពេល៧ឆ្នាំមកហើយ ។ ឥឡូវ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវតាមចាប់បក្ខពួកក្រុមចោរដ៏សាហាវនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕
Source from: www.dtn7.com























Loading...




Post a Comment