កូនប្រុសច្បងរបស់បុរសខ្លាំងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលកំណែទម្រង់កងយោធពលខេមរភូមិន្ទ
ក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទដែលធ្លាប់បានបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧១ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៩នោះ ត្រូវបានកែសម្រួលថ្មីហើយដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៧៦អនក្រ.បក ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ ក្នុងនោះកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្តលេខ០៣៣៨៨៣ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកម្លាំងពិសេសប្រឆាំងភេរវកម្ម ក៏ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលកំណែទម្រង់កងយោធពលខេមរភូមិន្ទនេះដែរ ។ លើសពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ត្រូវបានតែងតាំងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានទទួលបន្ទុកការងារអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទថែមទៀត ។
ក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទដែលត្រូវបានកែសម្រួលដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៧៦អនក្រ.បក ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជានាយករដ្ឋមន្ត្រីនោះ មានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ អត្តលេខ០០០០០៦ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អត្តលេខ០០០០១៧ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន អត្តលេខ០០០០១០ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធាន និងឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អត្តលេខ០០៤៤៥៦ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ជាអនុប្រធាន ព្រមទាំងមាននាយឧត្តមសេនីយ៍ជាច្រើននាក់ទៀតជាសមាជិក ។
ក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទមានភារកិច្ចធ្វើផែនការកំណែទម្រង់ និងផែនការកសាងកម្លាំងយូរអង្វែងដែលទាក់ទងទៅនឹងការងារកំណែទម្រង់កងយោធពលខេមរភូមិន្ទ តាមទិសដៅរបស់ឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ មានបុរសខ្លាំងជាប្រធាន និងតាមដានត្រួតពិនិត្យជាអចិន្ត្រៃយ៍នូវកម្មវិធីកំណែទម្រង់ ។
លោក ហ៊ុន ម៉ាណែត អាយុ៣៦ឆ្នាំ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ ត្រូវជាកូនប្រុសច្បងរបស់បុរសខ្លាំង ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ និងបានកាន់កាប់មុខតំណែងជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។
ឥឡូវនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទថែមទៀត ដោយមានអំណាចស្មើ ឬលើសនាយឧត្តមសេនីយ៍(ផ្កាយ៤)ជាច្រើននាក់បណ្តើរៗហើយ ៕
Source from: www.dtn7.com























Loading...




Post a Comment