ឧត្តមសេនីយ៍យោធាម្នាក់ដែលមានរឿងអាស្រូវក្នុងទំនាស់ដីធ្លីនិងស្និទ្ធជាមួយកូនប្រុសបុរសខ្លាំងបានឡើងឋានន្តរស័ក្តិពាក់ផ្កាយ៣
នាយទាហាននៃកងយោធពលខេមរភូមិន្ទម្នាក់ដែលមានអាស្រូវក្នុងករណីទំនាស់ដីធ្លីមួយកន្លែងទំហំជាង១៧ហិកតា រវាងប្រជាពលរដ្ឋចំនួន១១១គ្រួសារ(ការរៀបចំ) និងប្រជាពលរដ្ឋចំនួន៩គ្រួសារ ឋិតនៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប និងជាមនុស្សស្និទ្ធជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៣៨ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ។
បុរសនាយទាហានដែលមានរឿងអាស្រូវក្នុងករណីទំនាស់ដីធ្លី និងជាមនុស្សស្និទ្ធជាមួយកូនប្រុសបុរសខ្លាំង ដែលទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)នោះមានឈ្មោះ យូ សិរីវុឌ្ឍ អត្តលេខ០១៩៧០៣ ធ្លាប់កាន់កាប់មុខតំណែងជាជំនួយការបុរសខ្លាំងនាអាណត្តិទី៤ និងជានាយករងទីចាត់ការកលយុទ្ធនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ។
លោកឧត្តមសេនីយ៍យោធា យូ សិរីវុឌ្ឍ គឺជាជនដែលមានការពាក់ព័ន្ធយ៉ាងជ្រៅទៅនឹងដំណើរការជំរុញឲ្យរាជរដ្ឋាភិបាលបុរសខ្លាំងប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាជនពាក់ស្លាក១១១គ្រួសារ ប្រកបដោយភាពមិនប្រក្រតី តាមគំនាបនៃកិច្ចសន្យាប្រគល់សិទ្ធិដ៉ស្រាយដីទំនាស់ និងកិច្ចសន្យាលក់-ទិញដីទំនាស់ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០៦ ធ្វើឲ្យក្រុមប្រជាជនចំនួន៩គ្រួសារទទួលរងអំពើអយុត្តិធម៌ និងរងការឈឺចាប់មកទល់បច្ចុប្បន្ន ខណៈដែលលោកឧត្តមសេនីយ៍យោធារូបនេះកើបប្រមូលលុយបានយ៉ាងច្រើនសន្ធឹក តាមរយៈធ្វើជាឈ្មួញកណ្តាលយកដីពីប្រជាពលរដ្ឋ(ទទួលបានដីធ្លីទំនាស់តាមរយៈលិខិតស.ជ.ណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី)លក់ឲ្យទៅកូនប្រសា និងដន្លងឯកឧត្តមឧកញ៉ា លី យ៉ុងផាត់ ជាឈ្មួញដ៏មានឥទ្ធិពលនៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ គ្រប់គ្រងអំណាចដោយបុរសខ្លាំង ។
គួររំលឹកជូនថា បន្ទាប់ពីដើរតួធ្វើជាឈ្មួញកណ្តាលបានសម្រេច និងវេចស្ពាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ក្នុងរឿងទំនាស់ដីធ្លីរវាងប្រជាជនពាក់ស្លាក១១១គ្រួសារ និងប្រជាជនចំនួន៩គ្រួសារ ទំហំជាង១៧ហិកតា ឋិតនៅខេត្តសៀមរាបរួចមក លោឧត្តមសេនីយ៍យោធា យូ សិរីវុឌ្ឍ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៧/៦៥៧ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៧ និងបច្ចុប្បន្ន ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១៤/៥៣៨ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ៕
Source from: www.dtn7.com























Loading...




Post a Comment