មន្ត្រីយោធាកងពលតូចលេខ៧០ម្នាក់រួមដៃជាមួយជនជាតិយួនម្នាក់ទៀតប្រើរថយន្តទំនើប Lexus 470 ដឹកឈើគ្រញូងត្រូវសមត្ថកិច្ចបង្ក្រាប
កាលពីវេលាម៉ោង១៣និង៤៧នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ នៅចំណុចភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សមត្ថកិច្ចចម្រុះរួមមានរដ្ឋបាលព្រៃឈើស្ទោង កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានស្ទាក់បង្ក្រាបរថយន្តទំនើបមួយគ្រឿងម៉ាក Lexus 470 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 2A-1881 ដឹកបង្កប់ឈើគ្រញូងជាច្រើនដុំ ប្រើប្រាស់ដោយមន្ត្រីយោធាកងពលតូចលេខ៧០ម្នាក់ រួមដៃជាមួយបុរសជាជនជាតិយួនម្នាក់ទៀត ។
ក្នុងបេសកកម្មចុះបង្ក្រាបរថយន្តទំនើបលួចបង្កប់ដឹកឈើគ្រញូងលោតឆត្រនេះ កម្លាំងសមត្ថកិច្ចរឹបអូសឈើគ្រញូងប្រវែង១ម៉ែត្របានចំនួន១៥៥ដុំ និងឃាត់ខ្លួនបានបុរសចំនួន២នាក់ គឺម្នាក់ឈ្មោះ អ៊ឹម ធី អាយុ៤៤ឆ្នាំ ជាមន្ត្រីយោធាកងពលតូចលេខ៧០ មានទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្នាក់ទៀតឈ្មោះ សុខ សុធី ជាជនជាតិវៀតណាម អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិព្រែកជីក សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឲ្យដឹងថា បន្ទាប់ពីមានភ្នាក់ងារបណ្តាញសម្ងាត់រាយការណ៍ឲ្យដឹងថា មានរថយន្ត Lexus មួយគ្រឿងធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៦២ ចេញពីខេត្តព្រះវិហារឆ្លងកាត់ភូមិសាស្ត្រខេត្តកំពង់ធំ ឆ្ពោះសំដៅទៅខេត្តកំពង់ចាម ទើបកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំចុះបង្ក្រាបបានតែម្តង ។ ឥឡូវ ជនសង្ស័យក្នុងបទល្មើសព្រៃឈើទាំង២នាក់នេះខាងអាជ្ញាធររដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ហើយ ។
មជ្ឈដ្ឋាននានារង់ចាំតាមដានមើលថា តើលោកមេបញ្ជាការកងពលតូចលេខ៧០ដ៏មានអំណាច អាចជួយធ្វើអន្តរាគមន៍ឲ្យមន្ត្រីយោធាក្រោមឱវាទរបស់ខ្លួន និងជនជាតិយួនម្នាក់ទៀតដែលដឹកជញ្ជូនឈើគ្រញូងខុសច្បាប់នោះ បានរួចផុតពីសំណាញ់ច្បាប់ដ៏ផុយស្រួយរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីដែរឫទេ ? ៕
Source from: www.dtn7.com























Loading...




Post a Comment