Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ច្បាប់​ស្តី​ពី​ការ​លើកលែងទោស​ចេញ​មិន​រួច​អស់​រយៈពេល​ជាង​២០​ឆ្នាំ​ក្រោម​ការ​គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​

​មាត្រា​៩០​ថ្មី​(​ពីរ​)​ វាក្យខណ្ឌ​ទី​៤​នៃ​ច្បាប់រដ្ឋធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​មាត្រា​៨២,​ មាត្រា​៨៨​ថ្មី​,​ មាត្រា​៩០​ថ្មី​,​ មាត្រា​៩៨,​ មាត្រា​១០៦​ថ្មី​,​ មាត្រា​១១១​ថ្មី​(​មួយ​)​ មាត្រា​១១៤​ថ្មី​ នៃ​រដ្ឋធម្មនុញ្ញ​ និង​មាត្រា​៦​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​ បាន​ចែង​ថា​ "​រដ្ឋសភា​អនុម័ត​ច្បាប់​ស្តី​ពី​ការ​លើកលែងទោស​ជា​ទូទៅ​"​ ។​

​ថ្វិ​ដ្បិត​ច្បាប់​ធម្មនុញ្ញ​ស្តី​ពី​វិសោធនកម្ម​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​តម្រូវ​ឲ្យ​មានច្បាប់​ស្តី​ពី​ការ​លើកលែងទោស​ជា​ទូទៅ​ ដែល​អនុម័ត​ដោយ​រដ្ឋសភា​ក៏​ពិតមែន​ ប៉ុន្តែ​ជាក់ស្តែង​រហូត​មក​ទល់​នឹង​សព្វថ្ងៃ​ គឺ​មាន​រយៈពេល​ជាង​២០​ឆ្នាំ​ហើយ​ចាប់តាំងពី​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ប្រើ​នា​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​១៩៩៣​នោះ​ ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ មិន​ទាន់​មានច្បាប់​ស្តី​ពី​ការ​លើកលែងទោស​ជា​ទូទៅ​នៅឡើយ​ ពោល​បាន​ត្រឹម​ប្រើ​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ របស់​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ស្តី​ពី​ការ​លើកលែងទោស​ និង​បន្ធូរ​បន្ថយទោស​ដ៏​ចាស់​គំ​រិល​(២៦​ឆ្នាំ​)​ប៉ុណ្ណោះ​ ។​

​ដោយឡែក​ មាត្រា​២៧​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ដែរ​ថា​ "​ព្រះមហាក្សត្រ​ទ្រង់មាន​ព្រះរាជ​សិទ្ធិ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​"​ ។​ ប៉ុន្តែ​ជាក់ស្តែង​អស់​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ​ គេ​មិន​ដែល​បានឃើញ​ព្រះមហាក្សត្រ​ទ្រង់​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ទ្រង់​ដូច​មាន​បញ្ញត្តិ​ក្នុង​រដ្ឋធម្មនុញ្ញ​ត្រាស់​បង្គាប់​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ឲ្យ​ទណ្ឌិត​ណា​ម្នាក់​ដោយ​គ្មាន​ឆ្លង​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​ពី​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នោះ​ទេ​ ។​

​លើស​ពី​នេះ​ មាត្រា​៧៧​នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២១១/០២១​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១១​ បាន​ចែង​ថា​ "​ក្នុង​ករណី​ចាំបាច់​ ប្រមុខ​រាជរដ្ឋាភិបាល​មាន​បុព្វសិទ្ធិ​ធ្វើ​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស​ឲ្យ​ទណ្ឌិត​នៅ​ពេល​ណា​ក៏​បាន​"​ ។​

​អនុលោម​តាម​មាត្រា​៧៧​នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ និង​តាម​រូបភាព​ជាក់ស្តែង​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្នុង​របប​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​នេះ​ គឺ​ការ​លើកលែងទោស​ និង​ការ​បន្ធូរ​បន្ថយទោស​ឲ្យ​ទណ្ឌិត​ឋិត​នៅ​លើ​អំណាច​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ទាំងស្រុង​ ហើយ​អំណាច​របស់​បុរស​ខ្លាំង​នេះ​រឹតតែ​ខ្លាំងក្លា​ថែម​ទៀត​នៅ​ពេល​ដែល​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មិន​ទាន់​មានច្បាប់​ស្តី​ពី​ការ​លើកលែងទោស​ជា​ទូទៅ​ឲ្យ​បាន​ច្បាស់លាស់​ ដូច​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែង​ ។​

​ក្រុម​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ ការណ៍​ដែល​ច្បាប់​ស្តី​ពី​ការ​លើកលែងទោស​ជា​ទូទៅ​មិន​អាច​ចេញ​រួច​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​ គឺជា​ចេតនា​របស់​អ្នកកាន់កាប់​អំណាច​មិន​ចង់​ឲ្យ​មានច្បាប់​នេះ​ទាន់​ពេលវេលា​ ដើម្បី​ឲ្យ​បុរស​ខ្លាំង​មាន​បុព្វសិទ្ធិ​ពេញទី​ក្នុង​ការ​លើកលែងទោស​ឲ្យ​ទណ្ឌិត​គ្រប់ពេលវេលា​ដែល​បុរស​ខ្លាំង​ចង់​ ខណៈ​ដែល​រូបភាព​នៃ​ការ​បន្ធូរ​បន្ថយទោស​ និង​ការ​លើកលែងទោស​បច្ចុប្បន្ន​មាន​បង្កប់​ដោយ​អំពើ​ពុក​រលួយ​ បក្ខពួក​និយម​ និង​រើសអើង​មិន​អាច​គ្រប់គ្រង​ និង​ត្រួតពិនិត្យ​បាន​ ។​

​មជ្ឈដ្ឋាន​អ្នក​រិះគន់​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​ថា​ របប​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​បច្ចុប្បន្ន​ គឺ​អំណាច​នៃ​ការ​ដាក់ទោស​លើ​មនុស្ស​(​យក​តុលាការ​ធ្វើ​ជា​ខែល​)​ និង​អំណាច​នៃ​ការ​លើកលែងទោស​មនុស្ស​ស្រេច​លើ​បុរស​ខ្លាំង​តែ​ម្នាក់​ប៉ុណ្ណោះ​ ដូច​ពាក្យ​សាមញ្ញ​និយាយ​ថា​ "​អ្នក​ចង​ក៏​សម្តេច​តេ​ជោ​ រីឯ​អ្នក​ស្រាយ​ក៏​សម្តេច​តេ​ជោ​"​ ៕​

Hun-Sen-89890


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item