ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមួយរូបទទួលមរណភាពនៅរសៀលថ្ងៃនេះ
ឯកឧត្តម ប្រាក់ សុខ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានទទួលមរណភាពនាវេលាម៉ោង១៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤នេះ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ ។
តាមសេចក្តីប្រកាសដំណឹងមរណភាពរបស់ឯកឧត្តម ប្រាក់ សុខ រៀបចំដោយក្រុមគ្រួសារសាច់ញាតិរបស់សព បានឲ្យដឹងថា សពឯកឧត្តម ប្រាក់ សុខ នឹងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាននៅគេហដ្ឋានភូមិចុងថ្នល់ខាងលិច(ជាប់ផ្លូវរថភ្លើង ជិតផ្សារដីហុយ) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ហើយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង០៧និង៣០នាទីព្រឹក នឹងប្រារព្ធពិធីរំកិលសពតម្កល់លើរថយន្តបុស្បុក ដង្ហែឆ្ពោះទៅកាន់មេរុនៅមុខវត្តបទុមវតី ដើម្បីប្រារព្ធពិធីបូជាសពស្របតាមទំនៀមទម្លាប់សាសនា និងប្រពៃណីជាតិ ។
ឯកឧត្តម ប្រាក់ សុខ បានតែងតាំងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ជ្រើសចេញពីស្ថាប័នព្រឹទ្ធសភា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៤៩៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១០ និងត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១០/៥១៥ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១០ ៕
Source from: www.dtn7.com























Loading...




Post a Comment