សម្ពាធនយោបាយចាប់ផ្តើមគាបសង្កត់មកលើបក្សប្រឆាំងក្រោមកណ្តាប់ដៃរបស់បុរសខ្លាំងប្រមុខបក្សកាន់អំណាច
បេក្ខជនតំណាងរាស្ង្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា ត្រូវទទួលរងការឃាត់-ចាប់ និងឃុំខ្លួនដាក់ពន្ធនាគារព្រៃសជាបន្តបន្ទាប់ ព្រោះតែរឿងទាមទារឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីបិទរាយដោយលួសបន្លាកាលពីដើមឆ្នាំ២០១៤កន្លងមក ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួនបានបញ្ចេញមតិយោបល់ ស្របតាមលទ្ធិប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ។
ក្រុមបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរឃាត់ខ្លួន និងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសរួចហើយមានចំនួន៥នាក់ គឺលោកជំទាវ មួរ សុខហួរ(មណ្ឌលខេត្តបាត់ដំបង) ឯកឧត្តម ហូរ វ៉ាន់(មណ្ឌលរាជធានីភ្នំពេញ) ឯកឧត្តម ម៉ែន សុថាវរិន្ទ្រ(មណ្ឌលខេត្តកំពង់ធំ) ឯកឧត្តម រៀល ខេមរិន្ទ្រ(មណ្ឌលខេត្តស្វាយរៀង) និងឯកឧត្តម កែវ ភីរម្យ(មណ្ឌលខេត្តក្រចេះ) ខណៈដែលឯកឧត្តម ឡុង រី(មណ្ឌលខេត្តបន្ទាយមានជ័យ) និងឯកឧត្តម នុត រំដួល(មណ្ឌលខេត្តកំពង់ស្ពឺ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចហើយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ គេក៏អាចទស្សន៍បានថា នឹងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសដូចបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតទាំង៥នាក់មុននោះដែរ ។ លើសពីនេះ លោក អឿ ណារិទ្ធ ជាតំណាងយុវជនគណបក្សសង្គ្រោះជាតិ និងជាជំនួយការរបស់លោកជំទាវ មួរ សុខហួរ ក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសរួចហើយដែរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ ។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ ឯកឧត្តម កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតនៅមណ្ឌលខេត្តកំពង់ចាម ក៏បានចេញលិខិតផ្លូវការមួយកោះហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំងទាំងអស់ដែលកំពុងឋិតនៅក្រៅប្រទេសជាលក្ខណៈឯកជនក្តី ជាលក្ខណៈបំពេញបេសកកម្មក្តី ឲ្យវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញជាបន្ទាន់ លើកលែងតែអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ ។
ជាមួយគ្នានេះដែរ តាមការប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងដែរថា ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងបំពេញបេសកកម្មនៅបរទេសនោះ នឹងវិលត្រឡប់មកមាតុប្រទេសវិញនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ខណៈដែលគណបក្សសង្គ្រោះជាតិគ្រោងរៀបចំសន្និបាតក្រុមប្រឹក្សាជាតិលើកទី១របស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ ពោលគឺនៅក្រោយកាលបរិច្ឆេទតុលាការកោះហៅឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ(បច្ចុប្បន្នប្រធានស្តីទីគណបក្សសង្គ្រោះជាតិ)ឲ្យចូលខ្លួនមកឆ្លើយបំភ្លឺករណីអំពើហិង្សានៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងមក ដែលត្រូវកំណត់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ។
ក្រុមអ្នកវិភាគព្រឹត្តិការណ៍នយោបាយឯករាជ្យនៅកម្ពុជា បានលើកឡើងថា កណ្តាប់ដៃអំណាចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខមេដឹកនាំគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់អំណាចដ៏មានឥទ្ធិពល បានក្លាយជាសម្ពាធនយោបាយគាបសង្កត់យ៉ាងខ្លាំងទៅលើគណបក្សសង្គ្រោះជាតិជាគណបក្សនយោបាយប្រឆាំង ហើយបុរសខ្លាំងអាចប្រើប្រាស់សម្ពាធនេះតាមរយៈការចាប់ឃុំខ្លួនបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំងជាហូរហែ ដោយឧបករណ៍តុលាការយកមកដោះស្រាយភាពតានតឹងខាងនយោបាយនៅកម្ពុជា ដើម្បីយកប្រៀបឈ្នះលើគណបក្សប្រឆាំង ខណៈដែលបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សប្រឆាំងទាំងនោះមិនទាន់មានអភ័យឯកសិទ្ធិសភានៅឡើយ ៕
Source from: www.dtn7.com























Loading...




Post a Comment