តណ្ហាឡើងដល់កម្រិតអគតិ នាយប៉ុស្តិ៍ភ្នំត្បាល់ចាប់បង្ខាំងធ្វើបាបនិងរំលោភក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានសម្រេច២លើក
ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ឈ្មោះ ប.ស.រ ជាកូនកសិករកំពុងសិក្សារៀនសូត្រ រស់នៅភូមិអូរស្រម៉ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបាននាយប៉ុស្តិ៍នគរបាលការពារព្រំដែនភ្នំត្បាល់ ប្រចាំការតាមខ្សែបន្ទាត់ព្រំដែនចំណុចច្រករបៀងក្បាលទន្សោង ឋិតក្នុងភូមិអូរគ្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់បង្ខាំងវាយធ្វើបាប និងចាប់រំលោភសេពសន្ថវៈបានសម្រេចរហូតដល់ទៅចំនួន២លើក នៅក្នុងបន្ទប់ការិយាល័យធ្វើការរបស់ខ្លួនតែម្តង កាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ខណៈដែលក្មេងស្រីរងគ្រោះជាមួយកម្មការិនី២នាក់ផ្សេងទៀតទៅស៊ីឈ្នួលដាំដើមតាង៉ែននៅក្នុងចម្ការរបស់នាយប៉ុស្តិ៍នគរបាលការពារព្រំដែនរូបនោះ ឋិតមិនឆ្ងាយពីប៉ុស្តិ៍នគរបាលការពារព្រំដែនភ្នំត្បាល់ ។
នាយប៉ុស្តិ៍នគរបាលការពារព្រំដែនភ្នំត្បាល់ចំណុះឲ្យវរសេនាតូចនគរបាលព្រំដែនលេខ៩០៥ ខេត្តឧត្តរមានជ័យ ដែលល្មោភតណ្ហាដូចគោឈ្មោលឡើងក ចាប់បង្ខាំងវាយធ្វើបាប និងរំលោភសេពសន្ថវៈទៅលើក្មេងស្រីជាអនីតិជនទាំងអគតិនោះ មានឈ្មោះ ឡេង សារ៉ាន់ ឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ត្រី មានទីលំនៅភូមិស្រះឈូក ឃុំត្រពាំងប្រីយ៍ ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ។
តាមសម្តីរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ក្រោយពេលនាងសម្រាកពីការងារដាំដើមតាង៉ែន ដើម្បីបានលុយយកទៅរៀនសូត្រនៅក្នុងចម្ការរបស់ឈ្មោះ ឡេង សារ៉ាន់ រួចមក ក៏រៀបចំខ្លួនវិលត្រឡប់ទៅផ្ទះវិញ និងដើរបានចម្ងាយប្រមាណ១០០ម៉ែត្រពីស្នាក់ការប៉ុស្តិ៍ ស្រាប់តែមានមនុស្សចំនួន៣ទៅ៤នាក់ ធ្វើសកម្មភាពចាប់នាងយកមកដាក់ក្នុងបន្ទប់ធ្វើការរបស់មេប៉ុស្តិ៍ការពារព្រំដែននោះ ដោយចាក់សោជាប់ ប្រើកាំភ្លើងខ្លីគំរាមកំហែងវាយដំ និងចាប់រំលោភនាងយ៉ាងកំរោលតែម្តងបានសម្រេចចំនួន២លើក ។ មិនតែប៉ុណ្ណោះ នាយប៉ុស្តិ៍ ឡេង សារ៉ាន់ មានបំណងបង្ខាំងនាងទុកតទៅទៀតមិនចង់ដោះលែងនាងឡើយ ប៉ុន្តែនាងបានប្រើល្បិចធ្វើជាលែងខឹងសម្បា និងព្រមធ្វើជាប្រពន្ធលួចលាក់ ទើបនាយប៉ុស្តិ៍រូបនោះទន់ចិត្តដឹកមកដល់ផ្ទះសម្បែងវិញ ។ ពេលមកដល់ផ្ទះភ្លាម នាងក៏បាននិយាយរៀបរាប់ប្រាប់ដល់ឪពុកម្តាយរបស់នាងអំពីដំណើររឿងមេប៉ុស្តិ៍ ឡេង សារ៉ាន់ ចាប់បង្ខាំងវាយធ្វើបាប និងរំលោភលើនាងទាំងកំរោលរហូតបានសម្រេច ជាហេតុធ្វើឲ្យឪពុកម្តាយរបស់នាងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងតាវ ដើម្បីទាមទាររកយុត្តិធម៌ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះរួចហើយ កម្លាំងនគរបាលស្រុកអន្លង់វែងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនភ្នំត្បាល់នោះកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ ។
ព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកអន្លង់វែង បានឲ្យដឹងដែរថា ឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារអាមេរិក និងទាមទារឲ្យមានការផ្តន្ទាទោសទៅលើជនសង្ស័យតាមច្បាប់ជាធរមាន ខណៈដែលក្រុមគ្រួសាររបស់ជនសង្ស័យបានព្យាយាមរត់ការយ៉ាងសកម្ម ដោយហ៊ានចំណាយប្រាក់ប្រមាណ១ម៉ឺនដុល្លារអាមេរិក និងទោចក្រយានយន្តថ្មីមួយគ្រឿងទៀតឲ្យទៅក្មេងស្រីរងគ្រោះ ជាថ្នូរឲ្យមានការដោះលែងបានរួចខ្លួនផុតពីការចោទប្រកាន់ និងការជាប់ពន្ធនាគារ ។
ប្រភពព័ត៌មានច្បាស់ការណ៍ពីសាលាដំបូងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ជនសង្ស័យជានាយប៉ុស្តិ៍នគរបាលការពារព្រំដែនភ្នំត្បាល់ឈ្មោះ ឡេង សារ៉ាន់ នោះ ត្រូវបានលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចោទប្រកាន់ប្តឹងទៅចៅក្រមស៊ើបសួរ ឲ្យឃុំខ្លួនបណ្តោះអាសន្នរួចហើយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញ ពីបទបង្ខាំងមនុស្សខុសច្បាប់ និងបទរំលោភសេពសន្ថវៈទៅលើអនីតិជន ។
ក្រុមគ្រួសារសាច់ញាតិរបស់ក្មេងស្រីរងគ្រោះ បានសំណូមពរឲ្យស្ថាប័នតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជួយដោះស្រាយផ្តល់យុត្តិធម៌តាមច្បាប់ជូនក្មេងស្រីរងគ្រោះនោះផង ដ្បិតជនល្មើសមានអំណាច និងមានលុយកាក់ ជាន់ដីព្រំដែនស្រុកអន្លង់វែងឡើងផ្អៀងទៅហើយ ធ្វើឲ្យអ្នកក្រីក្រតូចតាចមិនហ៊ានប៉ះពាល់ទេ ៕
Source from: www.dtn7.com























Loading...




Post a Comment