មន្ត្រីទម្លាយរឿងអាស្រូវពុករលួយរបស់ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺថាបានកិបកេងលុយជាតិជិត១០ម៉ឺនដុល្លារ
ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺ គឺលោក លុយ ឡុំ និងគូកនមួយចំនួនទៀត ត្រូវបានក្រុមមន្ត្រីរាជការក្រោមឱវាទបរិហារចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយ កិបកេងថវិកាជាតិមិនតិចជាង៣០០លានរៀលឡើយ ក្នុងថវិកាជំពូក៦៥ លើការចំណាយសម្រាប់ជួយជនរងគ្រោះដោយសារគ្រោះធម្មជាតិ ដែលមានទំហំទឹកប្រាក់ចំនួនជាង៦២៩លានរៀលនៅឆ្នាំ២០១៣កន្លងទៅ ខណៈដែលមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ស្ពឺនេះបានចំណាយថវិកាជាតិអស់ចំនួនជាង១៦ពាន់លានរៀល(ក្នុងនោះថវិកាជំពូក៦៥មានចំនួនជិត១.០០០លានរៀល) ។
ក្រុមមន្ត្រីបានបង្ហើបប្រាប់ឲ្យដឹងថា កាលពីឆ្នាំ២០១៣កន្លងទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ស្ពឺ បានចំណាយថវិកាជាតិសរុបអស់ចំនួន១៦.១៥៧.៧៥១.៥១០រៀល ដោយក្នុងនោះជំពូក៦០មានចំនួន១៧៧.២៤៩.៦១០រៀល, ជំពូក៦១ មានចំនួន១០៨.៦១០.០០០រៀល,ជំពូក៦២ មានចំនួន២៩.៩៨០.០៨០រៀល, ជំពូក៦៤ មានចំនួន១៤.៨៥២.៩២៩.៨២០រៀល និងជំពូក៦៥ មានចំនួន៩៨៨.៩៨២.០០០រៀល ។
ក្នុងជំពូក៦៥ ដែលមានទំហំទឹកប្រាក់ចំណាយចំនួន៩៨៨.៩៨២.០០០រៀលនោះ គឺចំណាយសម្រាប់ជួយជនរងគ្រោះដោយសារគ្រោះធម្មជាតិអស់ចំនួន៦២៩.៧១៧.៧០០រៀល និងចំណាយសម្រាប់ឧបត្ថម្ភមណ្ឌលស្តារលទ្ធភាពពលកម្ម និងនីតិសម្បទា អស់ចំនួន២៤៩.៧៧៥.៣០០រៀល ។ ក្រុមមន្ត្រីបានទម្លាយឲ្យដឹងថា ប្រាក់ចំណាយលើការជួយជនរងគ្រោះដោយសារគ្រោះធម្មជាតិ ដែលមានចំនួន៦២៩.៧១៧.៧០០រៀលនោះ គឺគ្រាន់តែជាតួលេខបំប៉ោងខ្ទង់ចំណាយ ដើម្បីយកមកចែកគ្នាចាយវាយប៉ុណ្ណោះ រីឯការពិតជាក់ស្តែង មន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺនេះ បានចំណាយទឹកប្រាក់ក្នុងកម្មវិធីជួយជនរងគ្រោះដោយសារគ្រោះធម្មជាតិអស់ចំនួនតិចតួចបំផុត ហើយត្រូវបានលោកប្រធានមន្ទីរ និងបក្ខពួកកិបកេងដាក់ហោប៉ៅផ្ទាល់ខ្លួនអស់ចំនួនមិនតិចជាង៣០០លានរៀលឡើយ(ប្រមាណ៧៥.០០០ដុល្លារអាមេរិក) ។
មន្ត្រីរាជការក្រោមឱវាទមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ស្ពឺ បាននិយាយពេញៗមាត់ថា បើចង់ដឹងរឿងរ៉ាវនៃការប្រព្រឹត្តអំពើពុករលួយរបស់លោកប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ឈ្មោះ លុយ ឡុំ នោះ សូមឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតស្រាវជ្រាវផ្ទាល់ នឹងឃើញការពិតជាក់ស្តែងមិនខាន ។
គួររំលឹកជូនដែរថា កាលជំនាន់ឯកឧត្តម អ៊ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាន់កាប់មុខតំណែងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានោះ គឺចាប់តាំងពីក្រសួងរហូតមកដល់ថ្នាក់មន្ទីរសង្គមកិច្ចនៅតាមបណ្តារាជធានី-ខេត្តនានា មានរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយកិបកេងថវិកាជាតិយ៉ាងល្បីសុះសាយ ដល់ថ្នាក់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឧបនាយករដ្ឋមន្ត្រី គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមទារលុយពុករលួយពីឯកឧត្តម អ៊ិត សំហេង ទៀតផង ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានអំណាច និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនមានវិធានការក្តៅក្នុងរឿងពុករលួយនេះទាល់តែសោះ ៕
Source from: www.dtn7.com
Post a Comment