មេធាវីគ្រោងដាក់បណ្តឹងតវ៉ាឲ្យឯកឧត្តម សម រង្ស៊ី បានក្លាយជាសមាជិកគណៈមេធាវីឡើងវិញ
ព្រោះតែរឿងជួយឈឺឆ្អាលដល់ក្រុមប្រជារាស្ត្ររស់នៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលប្រឈមនឹងការបាត់បង់ដីស្រែចម្ការ ដោយសារការបោះតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នាអំឡុងចុងឆ្នាំ២០០៩ ក្នុងនាមជាអ្នកតំណាងរាស្ត្រមួយរូបនោះ ឯកឧត្តម សម រង្ស៊ី អតីតប្រធានគណបក្សសម រង្ស៊ី និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ត្រូវបានស្ថាប័នតុលាការកម្ពុជាចោទប្រកាន់ និងផ្តន្ទាទោសពីបទធ្វើឲ្យខូចខាតដោយចេតនាតម្រុយបង្គោលព្រំដែនលេខ១៨៥ កម្ពុជា-វៀតណាម និងការញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ ប្រព្រឹត្តនៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ ។
ក្រោមទម្ងន់នៃការផ្តន្ទាទោសរបស់ស្ថាប័នតុលាការខេត្តស្វាយរៀង ដែលឯកឧត្តម សម រង្ស៊ី ធ្លាប់បានចោទប្រកាន់ថា ជាតុលាការក្រោមអំណាចគណបក្សប្រជាជនកម្ពុជា និងពិតប្រាកដឋិតនៅទីក្រុងហាណូយ ប្រទេសវៀតណាមនោះ ធ្វើឲ្យឯកឧត្តមប្រធានគណបក្សនយោបាយប្រឆាំងរូបនេះត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥(២០១៣-២០១៨) និងក៏ត្រូវបានក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលុបឈ្មោះចេញពីបញ្ជីគណៈមេធាវីនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ។
ដោយសារមានការសម្របសម្រួលខាងផ្នែកនយោបាយរវាងគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាអនុប្រធានគណបក្សដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សម រង្ស៊ី គឺឯកឧត្តម សម រង្ស៊ី ដែលមានឈ្មោះជាទណ្ឌិត ក៏ត្រូវបានព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់លើកលែងទោសវិញ តាមព្រះរាជក្រឹត្យលេខនស/រកត/០៧១៣/៨២៧ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ និងបានក្លាយជាឱកាសឲ្យឯកឧត្តម សម រង្ស៊ី បានធ្វើមាតុភូមិនិវត្តន៍មកចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ជួយឲ្យគណបក្សសង្គ្រោះជាតិទទួលបានអាសនៈចំនួន៥៥នៅក្នុងអាសនៈរដ្ឋសភានីតិកាលទី៥សរុបចំនួន១២៣ ។
កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ តាមសំណើរបស់គណបក្សសង្គ្រោះជាតិ ឯកឧត្តម សម រង្ស៊ី ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចទទួលស្គាល់ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមរួចហើយៗក៏ត្រូវបានរដ្ឋសភាប្រកាសទទួលស្គាល់ជាតំណាងរាស្ង្រខេត្តកំពង់ចាម តាមប្រកាសលេខ១៧៤ រស ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ។
ដោយឡែក ឯកឧត្តម សម រង្ស៊ី ដែលជាអតីតសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១០៨(ធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៧)មួយរូប ហើយត្រូវបានក្រុមប្រឹក្សាគណៈមេធាវីសម្រេចលុបឈ្មោះចេញពីបញ្ជីគណៈមេធាវីនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ ព្រោះតែជាប់ឈ្មោះជាទណ្ឌិតនោះ មិនទាន់ត្រូវបានក្រុមប្រឹក្សាគណៈមេធាវីសម្រេចឲ្យក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឡើងវិញនៅឡើយទេ ។
លោកមេធាវី ជូង ជូងី អត្តលេខ៣០០ ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៧ និងជារឿយៗតែងតែធ្វើជាមេធាវីតំណាងសិទ្ធិ និងការពារក្តីឲ្យឯកឧត្តម សម រង្ស៊ី នោះ បានមានប្រសាសន៍ប្រាប់គេហទំព័រសារព័ត៌មានដើមត្នោត នៅវេលាល្ងាចនាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤នេះថា លោកគ្រោងនឹងរៀបចំសំណុំឯកសារដាក់សំណើឲ្យក្រុមប្រឹក្សាគណៈមេធាវីប្រជុំសម្រេចបញ្ចូលឈ្មោះឯកឧត្តម សម រង្ស៊ី បានក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាវិញ នៅពេលខាងមុខឆាប់ៗ ហើយលោកសង្ឃឹមថា សំណើនេះនឹងទទួលបានលទ្ធផលជាផ្លែផ្កា ពីព្រោះឯកឧត្តម សម រង្ស៊ី ដែលជាអតីតសមាជិកគណៈមេធាវី អត្តលេខ១០៨ មិនមានឈ្មោះជាទណ្ឌិត ឬមានកំហុសឆ្គងដូចការចោទប្រកាន់តាមផ្លូវតុលាការអ្វីទៀតឡើយ ៕
Source from: www.dtn7.com
Post a Comment