ឧត្តមសេនីយ៍មេទ័ពថៃម្នាក់ត្រូវបានចាប់ខ្លួនក្នុងរឿងជំរិតទារប្រាក់ពីក្លិបកម្សាន្តភ្លើងពណ៌
នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ ឧត្តមសេនីយ៍មេទ័ពថៃមួយរូបត្រូវបានចាប់ខ្លួន ដោយសារជាប់ពាក់ព័ន្ធនឹងការជំរិតទារប្រាក់ពីម្ចាស់ក្លិបកម្សាន្ត និងអ្នកលក់ទំនិញនៅក្នុងតំបន់ភ្លើងពណ៌ Patpong ដែលជាតំបន់កម្សាន្តដ៏ល្បីល្បាញបំផុតក្នុងទីក្រុងបាងកក សម្រាប់ភ្ញៀវបរទេស ព្រោះតែវត្តមានស្ត្រីវ័យក្មេងៗអាចបម្រើសេវាសប្បាយត្រេកត្រអាលកាមតណ្ហាបានរហូត ទល់ភ្លឺ ។
មេទ័ពថៃដែលត្រូវបានចាប់ខ្លួននោះ ត្រូវក្រសួងការពារជាតិថៃប្រាប់ឲ្យដឹង គឺលោកឧត្តមសេនីយ៍ត្រី Jenronnarong Detwan អាយុ៥៦ឆ្នាំ ត្រូវចាប់ខ្លួនបាននៅក្នុងសណ្ឋាគារមួយនៃតំបន់ Patpong ដោយសារការចោទប្រកាន់ពីបទជំរិតទារប្រាក់ពីម្ចាស់ក្លិបកម្សាន្ត និងអ្នកលក់ទំនិញនៅតំបន់ភ្លើងពណ៌ Patpong ។
លោកវរសេនីយ៍ Burin Tongprapai ដែលជាអ្នកដឹកនាំកម្លាំងទាហានថៃទៅចាប់ខ្លួនលោកឧត្តមសេនីយ៍ Jenronnarong Detwan នោះ បានបញ្ជាក់ឲ្យដឹងថា "ការចាប់ខ្លួនសមាជិកជាន់ខ្ពស់ក្នុងជួរកងទ័ពថៃពីបទជំរិតទារប្រាក់នេះ គឺជាសកម្មភាពមួយដើម្បីលុបបំបាត់អំពើពុករលួយក្នុងជួរកងទ័ព ដើម្បីធ្វើការកែទម្រង់ " ៕
Source from: www.dtn7.com
Post a Comment