ប្រធានកាកបាទក្រហមកម្ពុជាអាណត្តិទី៦អាចនឹងធ្លាក់ក្នុងដៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាបុរសខ្លាំងបន្តទៀត
នៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០១៤ខាងមុខនេះ កាកបាទក្រហមកម្ពុជា(Cambodian Red Cross-CRC) នឹងប្រារព្ធមហាសន្និបាតអាណត្តិទី៦របស់ខ្លួននៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ និងក៏ត្រូវរៀបចំឲ្យមានការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការកណ្តាល(ប្រធាន អនុប្រធាន អគ្គហេរញ្ញិក និងសមាជិក) សមាជិកបម្រុង ឥស្សរជន និងអគ្គលេខាធិការ អគ្គលេខាធិការរងសម្រាប់អាណត្តិទី៦(២០១៤-២០១៨)ផងដែរ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា និងអ្នកស្និទ្ធនឹងកាកបាទក្រហមកម្ពុជា បានធ្វើការទស្សន៍ទាយទុកជាមុនថា តំណែងប្រធានកាកបាទក្រហមកម្ពុជាអាណត្តិទី៦អាចនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏មានឥទ្ធិពលបន្តទៀត ដ្បិតអាចគ្មានបុគ្គលរូបណាមួយហ៊ានឈរឈ្មោះបោះឆ្នោតប្រកួតប្រជែងជាមួយភរិយារបស់បុរសខ្លាំងដោយប្តូរផ្តាច់ឡើយ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាភរិយារបស់បុរសខ្លាំង បានឡើងកាន់កាប់មុខតំណែងជាប្រធានកាកបាទក្រហមកម្ពុជា ចាប់តាំងពីអំឡុងឆ្នាំ១៩៩៨តរៀងមក បន្តពីព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ អតីតជាប្រធានកាកបាទក្រហមកម្ពុជា ចន្លោះឆ្នាំ១៩៩៤-១៩៩៨ គឺក្រោយពេលបុរសខ្លាំងវាយផ្តួលរំលំអំណាចរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១នៅឆ្នាំ១៩៩៧ដោយកម្លាំងយោធា ។ ដូច្នេះ ប្រសិនបើសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានទទួលស្គាល់ជាប្រធានកាកបាទក្រហមកម្ពុជាអាណត្តិទី៦ទៀតនោះ គឺភរិយារបស់បុរសខ្លាំងរូបនេះបានកាន់កាប់មុខតំណែងជាប្រធានកាកបាទក្រហមកម្ពុជាអស់រយៈពេល២០ឆ្នាំជាប់ៗគ្នា ។
កាកបាទក្រហមកម្ពុជាអាណត្តិទី៥កន្លងមក មានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន, លោកជំទាវ អាន្នី សុខ អាន ជាអនុប្រធានទី១, លោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាភរិយារបស់ឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជានាយកក្រុមហ៊ុនស៊ូកាគូអ៊ីន វិនិយោគតំបន់បឹងកក់ ជាអនុប្រធានទី២ និងលោកជំទាវ អ៊ុក ម៉ាលី ជាអគ្គហេរញ្ញិក ព្រមទាំងមានសមាជិក សមាជិកាចំនួន២០នាក់ផ្សេងទៀត ។ សមាជិកបម្រុងរួមមាន ៖ ១-លោកជំទាវ សន ម៉ារ៉ាដា, ២-ឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់របស់បុរសខ្លាំង និង៣-លោក កែ ក្រានីត ។ ឥស្សរជនរួមមាន ៖ ១-លោកជំទាវ តៅ តឿន ទៀ បាញ់, ២-លោកជំទាវ សុខ កែវ ច័ន្ទ សារុន និង៣-លោកជំទាវ ជា ខេង ស៊ុយ សែម ។
សូមរំលឹកជូនថា សមាគមជាតិកាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើងនាសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់អង្គសម្តេចតា-សម្តេចឪ ត្រូវបានទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ៣៧៨/នស ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៥៨ និងក្រោយមកនាសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ កាកបាទក្រហមកម្ពុជា(CRC) ត្រូវបានទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០២/១១៣ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០០២ ៕
Source from: www.dtn7.com
Post a Comment