Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

នរណា​ទទួលខុសត្រូវ​លើ​ការ​ស៊ើបអង្កេត​ករណី​វះកាត់​ប្តូរ​ក្រលៀន​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​រហូត​មានការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ផ្អើល​ពេញ​ប្រទេស​ ?

​ក្រុម​សារព័ត៌មាន​ក្នុងស្រុក​មិន​តិច​ឡើយ​ បាន​ធ្វើការ​ចុះ​ផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​ទាក់ទង​នឹង​ប្រតិបត្តិការ​ របស់​កងកម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​បើក​ការ​ស៊ើបអង្កេត​ជុំវិញ​ករណី​វះកាត់​ប្តូរ​ក្រលៀន​មនុស្ស​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ឬ​ហៅ​ថា​ ពេទ្យ​យោធា​១-៧៩​ រហូត​ដល់​មានការ​ចាប់​ឃាត់ខ្លួន​មនុស្ស​យ៉ាងតិច​ចំនួន​៦​នាក់​ កាលពី​ថ្ងៃ​ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៤​នោះ​ ដោយ​មាន​សារព័ត៌មាន​ខ្លះ​បាន​ចុះ​ផ្សាយ​ផ្តោត​ទៅ​លើ​រូបភាព​នៃ​ការ​ជួញដូរ​សរីរាង្គ​មនុស្ស​(​ក្រលៀន​)​ ផ្តើម​ចេញពី​ការ​វះកាត់​ដោះ​ដូរ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក​ លី​ សុវណ្ណ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ជា​ប្រធាន​មន្ទីរពេទ្យ​ទៀត​ផង​ ។​

​វេជ្ជបណ្ឌិត​ជនជាតិ​ចិន​ និង​វៀតណាម​មួយ​ចំនួន​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ធ្វើការ​ចាប់​ឃាត់ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​នោះ​ រួម​មាន​ ៖​ លោក​វេជ្ជបណ្ឌិត​ ចឹ​ង​ ហ្វាំ​ជន​ អាយុ​៥៨​ឆ្នាំ​ ជា​ជនជាតិ​ចិន​ និង​លោក​វេជ្ជបណ្ឌិត​ រ៉េ​ន​ ជៀវ​ អាយុ​៧៧​ឆ្នាំ​ ជា​ជនជាតិ​ចិន​កាត់​វៀតណាម​…​ជាដើម​ ខណៈ​ដែល​លោក​វេជ្ជបណ្ឌិត​ ជុន​ ប៊ុ​ន​ហាក់​ ជា​ជនជាតិ​ខ្មែរ​,​ លោក​ឧត្តមសេនីយ៍ទោ​ កែវ​ ដា​រា​វុ​ធ​ ជា​អនុប្រធាន​មន្ទីរពេទ្យ​ និង​លោក​ឧត្តមសេនីយ៍ឯក​ លី​ សុវណ្ណ​ ជា​ប្រធាន​មន្ទីរពេទ្យ​ ព្រះ​កេតុមាលា​ ត្រូវ​បាន​គេ​ដាក់​ការ​សង្ស័យ​ថា​ អាច​មានការ​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ ។​

​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​បង្ហាញ​អំពី​ទីផ្សារ​ងងឹត​ជួញដូរ​ក្រលៀន​មនុស្ស​នៅ​កម្ពុជា​ តាម​រយៈ​ការ​វះកាត់​ដោះ​ដូរ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ក្នុង​អគារ​វះកាត់​ជា​អំណោយ​របស់​រដ្ឋាភិបាល​ចិន​ មាន​រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ​ ដោយ​តម្លៃ​ជួញដូរ​ក្រលៀន​១​គូ​ពី​៣៥.០០០​ដុល្លារ​អា​មេ​រិ​ក​ ទៅ​៤០.០០០​ដុល្លារ​អា​មេ​រិ​ក​ ដែល​អ្នក​ដូរ​ភាគច្រើន​មក​ពី​ប្រទេស​ចិន​ ចំណែក​អ្នកលក់​ក្រលៀន​គឺជា​ជនជាតិ​ខ្មែរ​ ដែល​ទទួល​បាន​តម្លៃ​លក់​ត្រឹម​ប្រមាណ​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ ដើម្បី​ដាក់បន្ទុក​បន្ថែម​ទៅ​លើ​ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​នគរបាល​ធ្វើការ​ចាប់​ឃាត់ខ្លួន​នោះ​ ។​

​រយៈពេល​២​ថ្ងៃ​ក្រោយមក​ បន្ទាប់​ពី​រឿងរ៉ាវ​វះកាត់​ប្តូរ​ក្រលៀន​ត្រូវ​បាន​បណ្តាញសារព័ត៌មាន​ជា​ច្រើន​ផ្សព្វផ្សាយ​ ផ្តោត​ទៅ​លើ​ការ​ជួញដូរ​ក្រលៀន​មនុស្ស​ផ្អើល​ពេញ​ប្រទេស​រួច​ហើយ​ ទើប​នៅ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៤​ ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​គ្មាន​មនុស្ស​ចុះហត្ថលេខា​ទទួលខុសត្រូវ​ ដោយ​បញ្ជាក់​ថា​ "​ករណី​ការ​វះកាត់​ប្តូរ​ក្រលៀន​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ គឺ​ធ្វើ​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ក្របខ័ណ្ឌ​ជំនួយ​ឥត​សំណង​ ដោយ​មានការ​បញ្ជូន​អ្នកឯកទេស​ដែល​ជា​វេជ្ជបណ្ឌិត​ចិន​ឲ្យ​មក​បណ្តុះបណ្តាល​វេជ្ជបណ្ឌិត​យោធា​កម្ពុជា​ ដើម្បី​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ផ្នែក​វះកាត់​ប្តូរ​ក្រលៀន​ ក្នុង​គោលដៅ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ពេល​អនាគត​ ។​ ករណី​នេះ​ គឺជា​ប្រតិបត្តិការ​ផ្នែក​វេជ្ជសាស្ត្រ​សុទ្ធសាធ​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ក្នុង​គោលដៅ​បង្កើន​សមត្ថភាព​ផ្នែក​សុខាភិបាល​ដល់​វេជ្ជបណ្ឌិត​យោធា​កម្ពុជា​ និង​មិន​ផ្ទុយ​ពី​ច្បាប់ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​"​ ។​

​មជ្ឈដ្ឋាន​នានា​បាន​ផ្តោតអារម្មណ៍​ថា​ យោង​តាម​ពិធីសារ​រវាង​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៣​ ស្តី​ពី​ការ​ផ្តល់​ជំនួយ​បរិក្ខារ​ពេទ្យ​ឥត​សំណង​របស់​ចិន​,​ លិខិត​អញ្ជើញ​សាស្ត្រាចារ្យ​ឯកទេស​របស់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ចុះ​ថ្ងៃ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០១៣​ និង​ពិធីសារ​ចុះ​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០១៤​ រវាង​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែល​បាន​ក្លាយជា​មូលដ្ឋាន​នាំ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​យល់​ឃើញ​ថា​ "​ករណី​នេះ​ពុំ​មែន​ជា​បទល្មើស​ជួញដូរ​សរីរាង្គ​មនុស្ស​(​ក្រលៀន​)​តាម​ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា​ ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន​នោះ​ឡើយ​"​ គឺ​រាជរដ្ឋាភិបាល​ និង​ក្រសួងមហាផ្ទៃ​របស់​កម្ពុជា​ ពិតជា​បានដឹង​ច្បាស់​អំពី​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ពិធីសារ​រវាង​ក្រសួងការពារជាតិ​កម្ពុជា​ និង​ក្រសួងការពារជាតិ​ចិន​ លើ​ករណី​វះកាត់​ប្តូរ​ក្រលៀន​មនុស្ស​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​នេះ​ ។​

​ដូច្នេះ​ តើ​ប្រភព​មកពីណា​ដែល​ផ្តល់​ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​ឆែកឆេរ​ និង​ចាប់​ឃាត់ខ្លួន​ក្រុម​វេជ្ជបណ្ឌិត​ចិន​និង​កម្ពុជា​ផ្នែក​វះកាត់​ប្តូរ​ក្រលៀន​មនុស្ស​ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ដែល​ជា​មន្ទីរពេទ្យ​យោធា​ ឡើង​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​ ?​ តើ​សមត្ថកិច្ច​នគរបាល​ទាំងនោះ​មានបាន​សុំ​គោលការណ៍​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឬ​នាយក​រដ្ឋមន្ត្រី​ដែរ​ឬទេ​ ?​ ម្យ៉ាងទៀត​ ហេតុ​អ្វី​បានជា​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដែល​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ដែរ​នោះ​ មិនមែន​ជា​ម្ចាស់​ករណី​ដ៏​សំខាន់​ក្នុង​រឿងរ៉ាវ​ចុះ​ឆែកឆេរ​នៅ​មន្ទីរពេទ្យ​យោធា​នេះ​ទៅ​វិញ​ ?

​ឥឡូវ​ ការ​ស៊ើបអង្កេត​ជុំវិញ​ព័ត៌មាន​ទាក់ទង​នឹង​ករណី​វះកាត់​ប្តូរ​ក្រលៀន​មនុស្ស​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ ហៅ​ពេទ្យ​យោធា​១-៧៩​នោះ​ គ្មាន​ទទួល​បាន​នូវ​លទ្ធផល​ល្មើសច្បាប់​អ្វី​ទេ​ បាន​ត្រឹម​ចាប់​ឃាត់ខ្លួន​មនុស្ស​ជា​វេជ្ជបណ្ឌិត​ចិន​-​ខ្មែរ​ ធ្វើ​ឲ្យ​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​ និង​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ កិត្តិយស​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ខ្មែរ​-​បរទេស​ ព្រមទាំង​ប៉ះពាល់​ដល់​ស្មារតី​នៃ​ការ​អនុវត្ត​ពិធីសារ​រវាង​ក្រសួងការពារជាតិ​កម្ពុជា​ និង​ក្រសួងការពារជាតិ​ចិន​យ៉ាងធ្ងន់ធ្ងរ​ ។​ ដូច្នេះ​ តើ​នរណា​ចេញ​មុខ​ទទួលខុសត្រូវ​ក្នុង​រឿងរ៉ាវ​ដ៏​ធំ​នេះ​ ទោះបី​វា​បាន​បញ្ចប់​ទៅ​ហើយ​ក្តី​ ប៉ុន្តែ​វា​បាន​ប៉ះពាល់​យ៉ាង​ខ្លា​ង​ដល់​សតិអារម្មណ៍​របស់​មន្ត្រី​ និង​អ្នកឯកទេស​ប្រតិបត្តិ​ការងារ​ឯទៀត​ ។​

​មន្ត្រី​សមាជិក​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​រូប​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ ករណី​ចុះ​ឆែកឆេរ​ស៊ើបអង្កេត​ជុំវិញ​ព័ត៌មាន​វះកាត់​ប្តូរ​ក្រលៀន​មនុស្ស​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​យ៉ាង​ក្តៅ​គគុក​ រហូត​ដល់​ថ្នាក់​មានការ​ចាប់​ឃាត់ខ្លួន​ក្រុម​វេជ្ជបណ្ឌិត​ និង​អ្នកឯកទេស​វេជ្ជសាស្ត្រ​ទាំង​ខ្មែរ​ ទាំង​បរទេស​ ធ្វើ​ឲ្យ​ផ្អើល​ពេញ​ផ្ទៃ​ប្រទេស​នោះ​ អាច​ផ្តើម​ចេញ​មក​ពី​បញ្ហា​កាច់​កុង​គ្នា​ក្នុង​រង្វង់​បក្ខពួក​ ខ្សែ​ខុស​គ្នា​ ក្នុង​ជួរ​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​ថ្នាក់ខ្ពស់ៗ​ ៕​   Prea-Keto-Mealea-HospitalLy-Sovn-13-08-02Ly-Sovn-13-08Ly-Sovn-13-08-01


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item