
សាលប្រជុំសាលាខណ្ឌឫស្សីកែវដាក់តាំងតម្កល់រូបថតបុរសខ្លាំងនិងភរិយាជំនួសព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រយ៉ាងហ៊ឺហា
មន្ត្រីរាជការក្រោមឱវាទរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានអំណាច ដែលមានប្រភពមកពីគណបក្សប្រជាជនកម្ពុជាផ្តាច់មុខនៅសាលាខណ្ឌឫស្សីកែវ គឺបានផ្តល់តម្លៃបុរសខ្លាំង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយារបស់បុរសខ្លាំង យ៉ាងខ្ពស់ខ្ពស់ឧត្តុង្គឧត្តមបំផុត រហូតដល់ថ្នាក់នៅសាលប្រជុំរបស់សាលាខណ្ឌទាំងមូលដាក់តាំងតម្កល់រូបថតបុរសខ្លាំង និងភរិយា មានទំហំសឹងប៉ុនជញ្ជាំងអគារ ជំនួសព្រះឆាយាលក្ខណ៍ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងហ៊ឺហាទៅវិញ ដែលឆ្លុះបញ្ជាំងឲ្យឃើញថា នៅក្នុងកែវភ្នែករបស់ថ្នាក់ដឹកនាំសាលាខណ្ឌឫស្សីកែវ ព្រះមហាក្សត្រដែលទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិដូចមានចែងក្នុងមាត្រា៨នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជានោះ មានតម្លៃមិនស្មើនឹងបុរសខ្លាំងនិងភរិយាឡើយ ។
អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបច្ចុប្បន្ននេះ គឺលោក ធុយ សុខន ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ២ ដែលទទួលបានការតែងតាំងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៥៧៨អនក្រ.តត ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ថ្វីដ្បិតសាលាខណ្ឌឫស្សីកែវបម្រើការងារក្នុងក្របខ័ណ្ឌទទួលខុសត្រូវចំពោះមុខសាលារាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលក៏ដោយ ក៏នៅសាលប្រជុំរបស់សាលាខណ្ឌទាំងមូលគប្បីដាក់តាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រឲ្យស្របទៅតាមមាត្រា៤ និងមាត្រា៨នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា "បាវចនានៃព្រះរាជាណាចក្រកម្ពុជា គឺ ៖ ជាតិ សាសនា ព្រះមហាក្សត្រ ។ ព្រះមហាក្សត្រព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ។…" ដ្បិតមន្ត្រីរាជការទាំងអស់ត្រូវបំពេញការងារដើម្បីបម្រើជាតិ និងប្រជារាស្ត្រ មិនមែនសំដៅបម្រើ និងគោរពចំពោះបុគ្គលម្នាក់ ឬពីរនាក់ដែលមានអំណាច និងផ្តល់ផលប្រយោជន៍ឲ្យខ្លួននោះទេ ៕
Source from: www.dtn7.com
Post a Comment