Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មន្ត្រី​ចិន​ជិត​១០​ម៉ឺន​នាក់​ទទួលទោស​ទណ្ឌ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​

​ថ្លែង​នៅ​ក្នុង​អង្គ​សិក្ខាសាលា​មួយ​ស្តី​ពី​ការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​ រៀបចំ​ឡើង​ដោយ​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ ប៉ា​ស៊ី​ហ្វិ​ក​(APEC)​ លោក​ Huang​ Shuxian​ រដ្ឋមន្ត្រីក្រសួង​ត្រួតពិនិត្យ​ចិន​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថា​ មាន​មន្ត្រី​ចិន​ជាង​៨៤.០០០​នាក់​ ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ខាង​រដ្ឋបាល​ និង​វិន័យ​របស់​បក្សកុម្មុយនិស្ត​ចិន​ ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០១៤​នេះ​ ដោយ​មានការ​កើនឡើង​ប្រមាណ​៣០​ភាគរយ​ ។​

​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ អាជ្ញាធរ​ចិន​ទទួល​បន្ទុក​ខាង​វិន័យ​ និង​ត្រួតពិនិត្យ​បាន​ទទួល​បណ្តឹង​បរិហារ​ប្រមាណ​ជា​១,៩៥​លាន​ករណី​ ដោយ​ទទួល​ពិនិត្យ​លើ​បណ្តឹង​បាន​ជាង​១៧២.០០០​ករណី​ និង​ដាក់​ទណ្ឌកម្ម​មន្ត្រី​ចំនួន​១៨២.០០០​នាក់​ ខណៈ​សំណុំរឿង​របស់​មន្ត្រី​ចំនួន​៩.៦០០​នាក់​ត្រូវ​បាន​ផ្ទេរ​ទៅ​អាជ្ញាធរ​តុលាការ​ចាត់ការ​ជា​សមត្ថកិច្ច​ ។​

​សារព័ត៌មាន​ China​ Daily​ ធ្លាប់​បាន​ដកស្រង់​សម្តី​លោក​ Liao​ Jinrong​ ប្រធាន​ការិយាល័យ​ទទួល​បន្ទុក​ទំនាក់ទំនង​ការ​បរទេស​របស់​ស្នងការ​ប៉ូលិស​ចិន​ ឲ្យ​ដឹង​ថា​ មាន​មន្ត្រីជាន់ខ្ពស់​ចិន​ដល់​ចំនួន​១៥០​នាក់​ដែល​ប្រឈម​នឹង​ការ​ស៊ើបអង្កេត​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ បាន​រត់គេច​ទៅ​សំងំ​លាក់ខ្លួន​រស់នៅ​សហរដ្ឋអាមេរិក​ ដោយសារ​ចិន​និង​អា​មេ​រិ​ក​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ដោះ​ដូរ​អ្នក​ប្រព្រឹត្ត​ល្មើស​ និង​ទំនាក់ទំនង​នយោបាយ​រវាង​អា​មេ​រិ​ក​និង​ចិន​មិនសូវ​ល្អ​ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បញ្ជូន​មន្ត្រី​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ទាំងនោះ​ត្រឡប់​មក​ស្រុក​ចិន​ ដើម្បី​កាត់ទោស​ជួប​ការ​លំបាក​ ហើយ​ក៏​ជា​ឱកាស​ឲ្យ​ក្រុម​មន្ត្រី​ពុក​រលួយ​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​នៅ​ប្រទេស​ចិន​ សម្រេច​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ ដើម្បី​សោយសុខ​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​លុយកាក់​របស់​ពួក​គេ​ ។​

​អាជ្ញាធរ​តុលាការ​ចិន​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថា​ លោក​ Wang​ Zongnan​ បច្ចុប្បន្ន​ជា​ពាណិជ្ជករ​ និង​អតីត​ជា​អ្នក​ទទួលខុសត្រូវ​ខាង​នយោបាយ​ក្រុង​សៀង​ហៃ​ម្នាក់​ ដែល​គេ​ស្គាល់​ថា​ មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​លោក​ Jiang​ Zemin​ អតីត​ប្រធានាធិបតី​ចិន​ និង​អតីត​ជា​ដៃស្តាំ​របស់​លោក​ Chan​ Liangyu​ អតីត​ប្រមុខ​បក្សកុម្មុយនិស្ត​ក្រុង​សៀង​ហៃ​ ដែល​មានរឿង​អាស្រូវ​ពុក​រលួយ​ដ៏​ធំ​ ហើយ​ទទួល​បានការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១៨​ឆ្នាំ​ កាលពី​អំឡុង​ឆ្នាំ​២០០៨​នោះ​ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​មានការ​ស៊ើបអង្កេត​អស់​រយៈពេល​ចំនួន​២​ស​ប្តា​ហ៍​រួច​មក​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ចាប់តាំងពី​លោក​ Xi​ Jinping​ បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ចិន​មក​ លោក​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​កម្ចាត់​អំពើ​ពុក​រលួយ​ក្នុង​ជួរ​មន្ត្រី​រដ្ឋការ​របស់​ចិន​ ពី​ថ្នាក់លើ​ដល់​ថ្នាក់​ក្រោម​ មិន​គិត​ថា​ជា​មន្ត្រី​មាន​ស្នាដៃ​ធំធេង​ក្នុង​សង្គម​អ្វី​នោះ​ឡើយ​ ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​ចិន​ជាប់​សង្ស័យ​នឹង​អំពើ​ពុក​រលួយ​ជា​ច្រើន​នាក់​បាន​ខ្លាចរអា​ និង​រត់គេច​ខ្លួន​ទៅ​រស់នៅ​ឯ​បរទេស​ និង​ខ្លះ​ទៀត​ក៏​បាន​លួច​ផ្ទេរ​លុយកាក់​ពុក​រលួយ​របស់​ខ្លួន​បញ្ជូន​ទៅ​លាង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ៕​

Xi-Jinping-3 Wang-Zongnan


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item