
ស្ត្រីម្នាក់ត្រូវបានឃាតកចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិនៅក្នុងផ្ទះយ៉ាងសាហាវឃោរឃៅ
មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១៥និង៤៥នាទីរសៀល នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤នេះ ដោយស្ត្រីម្នាក់ត្រូវបានឃាតកចាក់សម្លាប់យ៉ាងសាហាវឃោរឃៅប្លន់យកទ្រព្យសម្បត្តិនៅក្នុងផ្ទះជាន់ទី៣ ឋិតនៅក្នុងស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ដែលគេដាក់ការសង្ស័យថា ឃាតកគឺជាក្មួយថ្លៃ(ក្មួយរបស់ប្តី) ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលត្រូវគេចាក់សម្លាប់ប្លន់យកទ្រព្យសម្បត្តិរហូតដល់ថ្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនោះ មានឈ្មោះ ឈឹម សុឃីម អាយុ៣៣ឆ្នាំ មានកូន៣នាក់រស់នៅក្នុងបន្ទុក មុខរបរជាអ្នកលក់ផ្លែឈើនៅផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ស្ត្រីឈ្មោះ ឡុង ស្រ៊ុន អាយុ៦៣ឆ្នាំ បាននិយាយរៀបរាប់ឲ្យដឹងថា ឃាតកដៃដល់ដែលសម្លាប់ស្ត្រីរងគ្រោះយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ រួចគេចខ្លួនដោយសុវត្ថិភាពនោះ គឺឈ្មោះ វ៉ែន អាយុ៣០ឆ្នាំ មុខរបរជាជាងទង មានស្រុកកំណើតនៅខេត្តក្រចេះ ត្រូវជាក្មួយខាងប្តីរបស់ស្ត្រីរងគ្រោះ បានមករស់នៅជាមួយស្ត្រីរងគ្រោះអស់រយៈពេលជាងមួយខែមកហើយៗនៅថ្ងៃកើតហេតុ មិនដឹងជាឃាតកនោះនិងស្ត្រីរងគ្រោះមានបញ្ហាអ្វីជាមួយគ្នាទេ ស្រាប់តែដល់ម៉ោងកើតហេតុ ក៏មានអំពើឃាតកម្មសម្លាប់ប្លន់យកទ្រព្យសម្បត្តិតែម្តង ។
មន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា ស្ត្រីរងគ្រោះបានស្លាប់ដោយឃាតកចាក់នឹងកាំបិតស្នៀតជាច្រើនកាំបិត ហើយទំនងជាស្លាប់បានប្រមាណជាង១ម៉ោងទើបមានការភ្ញាក់ផ្អើល ។ ជាជំហានបឋម សមត្ថកិច្ចកំពុងផ្តោតការសង្ស័យទៅលើឈ្មោះ វ៉ែន ត្រូវជាក្មួយថ្លៃជាឃាតកចាក់សម្លាប់ ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ស្ត្រីរងគ្រោះ ដោយសមត្ថកិច្ចបានរកឃើញកាំបិតស្នៀតនៅជិតសព និងនៅក្នុងផ្ទះមានការបាត់បង់ទ្រព្យសម្បត្តិ និងគ្រឿងអលង្ការរបស់ស្ត្រីរងគ្រោះមួយចំនួន ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនជនដៃដល់ជាឃាតកដែលចាក់សម្លាប់ម្តាយមីងថ្លៃប្លន់យកទ្រព្យសម្បត្តិ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ៕
Source from: www.dtn7.com
Post a Comment