
ថ្ងៃដំបូងប្រឡងបាក់ឌុបឆ្នាំនេះ មានការចាប់ឃាត់ខ្លួនអ្នកបន្លំចូលប្រឡងជំនួសអ្នកដទៃ និងអ្នកលក់ឯកសារចម្លើយវិញ្ញាសាក្លែងក្លាយ
សេចក្តីរាយការណ៍ពីសមត្ថកិច្ចដែលការពារសណ្តាប់ធ្នាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) បានឲ្យដឹងថា នៅក្នុងថ្ងៃដំបូងនៃការប្រឡង មានមនុស្សយ៉ាងតិចចំនួន២នាក់ ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំធ្វើជាបេក្ខជនចូលប្រឡងជំនួសអ្នកដទៃ និងចំនួន២នាក់ផ្សេងទៀត ត្រូវបានចាប់ឃាត់ខ្លួនផងដែរ ពីបទលក់ឯកសារចម្លើយវិញ្ញាសាក្លែងក្លាយ ខណៈដែលទិដ្ឋភាពនៃការប្រឡងទូទៅថ្ងៃដំបូង នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤នេះ ត្រូវបានមជ្ឈដ្ឋានភាគច្រើនវាយតម្លៃថា បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ។
ករណីចាប់ឃាត់ខ្លួនមនុស្សដែលបានបន្លំធ្វើបេក្ខជនចូលប្រឡងជំនួសអ្នកដទៃនោះ គឺបានកើតឡើងនៅខេត្តស្វាយរៀង ដោយយុវជនម្នាក់ឈ្មោះ ស្តើង ចាន់ផុន អាយុ២១ឆ្នាំ បានបន្លំខ្លួនចូប្រគល់ជំនួសបេក្ខជនឈ្មោះ ស្តើង ធឿន អាយុ៣០ឆ្នាំ ត្រូវជាបងប្រុសបង្កើត ជាសិស្សថ្នាក់ទី១២បំពេញវិជ្ជានខេត្តស្វាយរៀង ក្នុងមុខវិជ្ជាគីមីវិទ្យានៅវេលាម៉ោង០៧និង៣០នាទីព្រឹក បន្ទប់លេខ៧ លេខតុ១៥២ ។ យុវជនដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនរូបនេះ អាចនឹងត្រូវប្រឈមនឹងការចោទប្រកាន់ដោយស្ថាប័នតុលាការ ។ រីឯករណីមានមនុស្សលក់ឯកសារចម្លើយវិញ្ញាសាក្លែងក្លាយទៅឲ្យក្រុមគ្រួសារ និងសាច់ញាតិបេក្ខជនប្រឡងចំនួន៥វិញ្ញាសា ក្នុងតម្លៃ១០០ដុល្លារអាមេរិកនោះ បានកើតឡើងនៅខេត្តតាកែវ ។
ទោះយ៉ាងណាក៏ដោយ មជ្ឈដ្ឋានទូទៅកំពុងរង់ចាំមើលប្រសិទ្ធភាពនៃការរឹតបន្តឹងដើម្បីធានាគុណភាពនៃការប្រឡងសញ្ញាបមធ្យមសិក្សាត្រទុតិយភូមិឆ្នាំ២០១៤នេះ ក្រោមប្រធានបទ"អ្នកចេះគឺជាប់" របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តម បណ្ឌិត ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រីថ្មី សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ មានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធាន ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីចាស់ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង តើនឹងមានលទ្ធផលល្អលើការបណ្តុះបណ្តាលធនធានមនុស្សចេញពីការប្រឡងនេះពិតប្រាកដដែរឬទេ ? ៕
Source from: www.dtn7.com
Post a Comment