
បាញ់ប្រហារតាមផ្លូវសាធារណៈទាំងព្រឹកចំនួន៤គ្រាប់បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម
នៅវេលាម៉ោង០៩ព្រឹក នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤នេះ ត្រង់ចំណុចមុខអាហារដ្ឋានកំពង់ចាម បណ្តោយផ្លូវលេខ២០០៤ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានហេតុការណ៍បាញ់ប្រហារមួយបង្កដោយខ្មាន់កាំភ្លើងចំនួន២នាក់ ជិះទោចក្រយានយន្ត១គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់កំពុងធ្វើដំណើរតាមផ្លូវដោយទោចក្រយានយន្តជិះឌុបម្តាយទៅលេងផ្ទះបងប្អូន បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុ ហើយក្រុមជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល ។
ស្ត្រីរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារទាំងព្រឹកនេះ ត្រូវបានគេស្គាល់មានឈ្មោះ គឹម សុជាតា អាយុ៣៦ឆ្នាំ មានស្វាមីឈ្មោះ នោ ជាឈ្មួញឈើប្រណីតនៅខេត្តរតនគិរី មានទីលំនៅផ្ទះលេខ៣៣៨ មហាវិថីកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមសម្តីរបស់ស្ត្រីឈ្មោះ គឹម សុខា អាយុ៥៤ឆ្នាំ ត្រូវជាម្តាយរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់និងកូនស្រីបានជិះទោចក្រយានយន្តមួយគ្រឿងម៉ាក icon ពណ៌ត្រួយចេកលាយស ពាក់ស្លាកលេខភ្នំពេញ 1X-4366 ចេញពីផ្ទះទៅលេងបងប្ពូននៅម្តុំរោងចក្រ៦ជាន់ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានខ្មាន់កាំភ្លើងចំនួន២នាក់ជិះទោចក្រយានយន្តមួយគ្រឿងមកក្បែរ ដោយគ្មាននិយាយអ្វីមួយម៉ាត់សោះ ដកកាំភ្លើងបាញ់សំដៅមកលើកូនស្រីគាត់ចំនួន៤គ្រាប់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង ។
ករណីបាញ់ប្រហារទាំងព្រឹកនៅតាមផ្លូវសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ សមត្ថកិច្ចមិនទាន់ធ្វើការសន្និដ្ឋានអ្វីនៅឡើយទេ គឺកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្ត ប៉ុន្តែបានដាក់ការសង្ស័យថា អាចជារឿងស្នេហាត្រីកោណ ខណៈទោចក្រយានយន្តរបស់ស្ត្រីរងគ្រោះគ្មានបាត់បង់ ហើយសមត្ថកិច្ចបានរកឃើញសម្បកគ្រាប់កាំភ្លើងចំនួន៤គ្រាប់នៅកន្លែងកើតហេតុ ៕
Source from: www.dtn7.com
Post a Comment