អាជ្ញាធរអប្សរាបំភ្លឺបកស្រាយលើករណីកាប់ដើមត្នោតនៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញ
កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញនេះ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា "អាជ្ញាធរអប្សរា" ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវជាដន្លងដងស្នែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន បានធ្វើការបំភ្លឺបញ្ជាក់ទាក់ទងនឹងការកាប់រំលំដើមត្នោតដែលជារុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ដើម នៅមុខប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ក្រោយមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានប្រជារាស្ត្រទូទៅ ដូចខាងក្រោម ៖
រមណីយដ្ឋានអង្គរបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២អាស្រ័យដោយតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋាននេះ។ ដូច្នេះ ការគ្រប់គ្រងរមណីយដ្ឋានអង្គរជាបឋមត្រូវតែថែរក្សាការពារតម្លៃលេចធ្លោជាសកលនេះឲ្យនៅគង់វង្សជារៀងរហូត និងត្រូវអនុលោមតាមគោលការណ៍សំខាន់ៗនៃការគ្រប់គ្រងបេតិកភណ្ឌពិភពលោក ដែលនៅពេលនេះអាជ្ញាធរអប្សរាសូមលើកតែគោលការណ៍ពីរមកបរិយាយជូនតែប៉ុណ្ណោះ គឺ៖
ភាពដើមបរិសុទ្ធរបស់ប្រាសាទ និងបូរណភាពរបស់រមណីយដ្ឋាន ។ តាមគោលការណ៍ខាងលើ ការងារអភិរក្សរមណីយដ្ឋានមិនសំដៅតែការអភិរក្សប្រាសាទប៉ុណ្ណោះទេ គឺត្រូវអភិរក្សផងដែរនូវទេសភាពវប្បធម៌ដែលមានលក្ខណៈបរមបុរាណ ពោលគឺអភិរក្សព្រៃឈើ ផ្លូវថ្នល់ បារាយណ៍ កសិណទឹក ប្រឡាយដែលបានកសាងដោយស្ថាបត្យករ វិស្វករសម័យអង្គរ ហើយដែលចូលរួមជាមួយនឹងប្រាសាទនានាបង្កើតតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានអង្គរ ដើម្បីរក្សាភាពសុខដុមរមនារវាងប្រាង្គប្រាសាទ និងធម្មជាតិ ។ ក្រៅពីការអភិរក្សបេតិកភណ្ឌរូបីខាងលើដោយមិនទាន់និយាយពីការអភិរក្សបេតិកភណ្ឌអរូបីនៅត្រូវធ្វើការលើកតម្លៃរមណីយដ្ឋានថែមទៀត។ឧទាហរណ៍ផ្លូវថ្នល់ខ្លះដែលកសាងក្រោយសម័យអង្គរហើយប៉ះពាល់ដល់កិច្ចការពារបេតិកភណ្ឌប៉ះពាល់ដល់គោលការណ៍សំខាន់ៗពីរនៃការគ្រប់គ្រងបេតិកភណ្ឌដូចលើកឡើងនៅខាងលើត្រូវតែធ្វើការកែតម្រូវនិងលើកតម្លៃឡើងវិញ ។ ជាក់ស្ដែងនៅប្រាសាទបន្ទាយស្រី កាលមុនផ្លូវថ្នល់រត់ក្បែរប្រាសាទភ្ញៀវចុះពីយានជំនិះដើរចូលប្រាសាទដោយពុំមានឱកាសបានទស្សនាពីចម្ងាយនិងចំពីមុខប្រាសាទពោលគឺពុំបានឃើញរូបភាពប្រាសាទក្នុងទិដ្ឋភាពគួរឲ្យកោតស្ញប់ស្ញែងពីចម្ងាយឡើយ ។
អាជ្ញាធរអប្សរាបានកសាងផ្លូវថ្មីមួយខ្សែឃ្លាតឆ្ងាយពីប្រាសាទជាបង្គួរដើម្បីមានកន្លែងសមរម្យអាចរៀបចំចំណតយានជំនិះឆ្ងាយជាបង្គួរពីប្រាសាទ កន្លែងលក់ដូរ កន្លែងស្វាគមន៍ភ្ញៀវ កន្លែងផ្សព្វផ្សាយព័ត៌មានពីប្រាសាទ និង សេវាដទៃទៀតសម្រាប់ភ្ញៀវ ។ ការរៀបចំទីលាននៅមុខប្រាសាទបន្ទាយស្រីទទួលបានការកោតសរសើរពីភ្ញៀវ ភាគច្រើនលើសលប់ និងទទួលបានការពេញចិត្តពីអ្នកជំនាញបេតិកភណ្ឌនានា ។ ផ្អែកលើបទពិសោធន៍នេះ អាជ្ញាធរអប្សរាមានគម្រោងបង្កើតទីលានមួយចំនួនទៀតនៅតាមទីតាំងប្រាសាទសំខាន់ៗ ហើយដំបូងគេគឺប្រាសាទអង្គរវត្ត។
គម្រោងទីលានមុខប្រាសាទអង្គរវត្តទទួលបានការអនុម័តផ្នែកបច្ចេកទេសពីគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) ហើយកំពុងដំណើរការជាបណ្ដើរៗមកហើ់យ ។ ចំណតយានជំនិះបានកសាងរួចនៅចម្ងាយប្រហែល ៣០០ម៉ែត្រ នៅខាងមុខប្រាសាទអង្គរវត្ត។តាមគម្រោងនេះផ្លូវថ្នល់ពីចំណតយានជំនិះមកស្ពានហាលចូលប្រាសាទអង្គរវត្តត្រូវប្រើប្រាស់ជាផ្លូវដើរហើយសម្រាប់រថយន្ត ម៉ូតូ ត្រូវប្រើផ្លូវផ្សេងដែលបានរៀបចំរួចហើយ ។ ផ្លូវដើរនេះមានសារសំខាន់ណាស់បង្កលក្ខណៈភ្ញៀវទេសចរអាចគយគន់ទស្សនាប្រាង្គប្រាសាទច្បាស់ល្អតាំងពីពេលចេញពីចំណតមក។ អាជ្ញាធរអប្សរាបានពិគ្រោះយោបល់ជាមួយអ្នកជំនាញការរបស់ ICC-Angkor លើករណីកូនត្នោតពីរដើមដែលបានដាំកាលពីប៉ុន្មានឆ្នាំមុនកាន់តែធំឡើងៗរំខានការទស្សនាប្រាសាទពីចម្ងាយ ហើយអ្នកជំនាញការបានផ្ដល់យោបល់ថាគួរតែយកចេញ ទើបភ្ញៀវទេសចរអាចមើលឃើញប្រាសាទអង្គរពីចម្ងាយបានល្អ ។ ហេតុដូច្នេះហើយបានជាមានការកាប់កូនត្នោតពីរដើមនេះចេញ ។
សូមបញ្ជាក់ថា ការគ្រប់គ្រងរមណីយដ្ឋានអង្គរត្រូវឆ្លើយតបទៅនឹងគោលដៅពីរ៖
ការគ្រប់គ្រងរុក្ខជាតិដើមឈើទាំងឡាយក្នុងឧទ្យានអង្គរត្រូវបានចុះបញ្ជីសារពើភណ្ឌនិងមានដាំស្លាកសញ្ញាប្រាប់ឈ្មោះដើមឈើទៀតផង។ភ្នាក់ងារព្រៃឈើរបស់អាជ្ញាធរអប្សរាធ្វើការតាមដានដើមឈើយ៉ាងទៀងទាត់ដើម្បីកំណត់ដើមឈើណាមានជំងឺ ដើមឈើណាអាចបង្កគ្រោះថ្នាក់ចំពោះប្រាសាទ ឬភ្ញៀវទេសចរ និងដើមឈើណាធ្វើឲ្យប្រែក្លាយទេសភាពវប្បធម៌របស់រមណីយដ្ឋាន។
ការរៀបចំផ្លូវថ្នល់ផ្លូវថ្នល់ដែលបានកសាងឡើងកាលសម័យអាណានិគមបារាំងលែងស្របនឹងសេចក្ដីត្រូវការក្នុងការអភិវឌ្ឍទេសចរណ៍សម័យនេះហើយ។ ផ្លូវខ្លះបានកសាងឡើងដើម្បីបំពេញសេចក្ដីត្រូវការក្នុងការជួសជុលប្រាសាទ មិនមែនសម្រាប់ចរាចរដ៏មមាញឹកដូចបច្ចុប្បន្ននេះទេជាពិសេសនៅមុខស្ពានហាលចូលប្រាសាទអង្គរវត្ត និងមុខខ្លោងទ្វារចូលប្រាសាទតាព្រហ្មពីខាងលិច។ រីឯនៅប្រាសាទប្រែរូបវិញ ផ្លូវថ្នល់រត់កាត់លើរចនាសម្ព័ន្ធមួយផ្នែករបស់ប្រាសាទតែម្ដង។
អាជ្ញាធរអប្សរាមានការចាំបាច់ត្រូវកសាងផ្លូវវាងមួយចំនួន និងរៀបចំទេសភាពវប្បធម៌ឡើងវិញ ដើម្បីលើកតម្លៃបេតិកភណ្ឌអង្គរទាំងមូល ពោលគឺលើកតម្លៃប្រាង្គប្រាសាទនិងរុក្ខជាតិ ៕
Source from: www.dtn7.com
Post a Comment