Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

ក្រុមហ៊ុន​ Chevron​ អា​មេ​រិ​ក​បោះបង់​សិទ្ធិ​រុករក​និង​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា​ដោយ​លក់​គម្រោង​ឲ្យ​ក្រុមហ៊ុន​សិង្ហ​បុរី​វិញ​

​បន្ទាប់​ពី​ដំណើរការ​ផលិត​ប្រេង​នៅ​កម្ពុជា​ក្នុង​ប្លុក​ A​ ឲ្យ​ចេញ​ជា​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ ដោយ​ក្រុមហ៊ុន​ប្រេង​របស់​សហរដ្ឋអាមេរិក​មួយ​ឈ្មោះ​ Chevron​ ត្រូវ​បាន​ពន្យារពេល​អស់​ជា​ច្រើន​ឆ្នាំ​ ព្រោះ​រឿង​ចម្រូង​ចម្រូង​លើ​កិច្ចព្រមព្រៀង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ ឥឡូវនេះ​ ក្រុមហ៊ុន​ប្រេង​ Chevron​ របស់​សហរដ្ឋអាមេរិក​បាន​បោះបង់​សិទ្ធិ​រុករក​ និង​ធ្វើ​អាជីវកម្ម​បូម​ប្រេង​ពី​ក្នុង​ដែនសមុទ្រ​កម្ពុជា​ហើយ​ ដោយ​សម្រេច​លក់​គម្រោង​វិនិយោគ​នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ប្រេង​សិង្ហ​បុរី​មួយ​ឈ្មោះ​ Kris​ Energy​ ក្នុង​តម្លៃ​៦៥​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ Kris​ Energy​ កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Kris​ Energy​ បាន​ទិញ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន​ Chevron​ Overseas​ Petroleum(Cambodia)​ Ltd.​ ជា​ក្រុមហ៊ុន​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​នៅ​លើ​ពិភពលោក​នោះ​រួច​ហើយ​ ដោយ​កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​នេះ​ទទួល​បានការ​អនុញ្ញាត​ពី​ដៃគូ​សហការ​បណ្តាក់ទុន​ជា​ច្រើន​ទៀត​ ដូច​ជា​ក្រុមហ៊ុន​ MOECO(Cambodia)​ Co.,​ Ltd.​ និង​ក្រុមហ៊ុន​ GS​ Energy​ Corporation​ ។​

​គេ​មិន​ទាន់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ Chevron​ ដ៏​ធំ​របស់​សហរដ្ឋអាមេរិក​បោះបង់​សិទ្ធិ​រុករក​ និង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា​ ដោយ​សម្រេច​លក់​ភាគហ៊ុន​ឲ្យ​ទៅ​ក្រុមហ៊ុន​ប្រេង​ Kris​ Energy​ របស់​សិង្ហ​បុរី​នោះ​នៅឡើយ​ទេ​ ។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ដន្លងដងស្នែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្លាប់​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៣​កន្លង​ទៅ​ថា​ កម្ពុជា​អាច​នឹង​ទទួល​បាន​ចំណូល​ជាង​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ​ ប្រសិនបើ​ការ​បូម​ប្រេងកាត​នៅ​ប្លុក​ A​ បាន​សម្រេច​ និង​មានការ​ចរចា​ត្រូវរ៉ូវ​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ប្រេង​ Chevron​ ។​ លើស​ពី​នេះ​ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ក៏​ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១១​ថា​ នៅ​តំបន់​ត្រួត​គ្នា​ក្នុង​ដែនសមុទ្រ​រវាង​កម្ពុជា​និង​ថៃ​ ត្រូវ​បាន​អ្នកឯកទេស​វាយតម្លៃ​ថា​ មាន​ធនធាន​ប្រេង​ច្រើន​ជាងគេ​ បើ​ធៀប​នឹង​តំបន់​នានា​ក្នុង​ដែនសមុទ្រ​កម្ពុជា​ ។​

​ដោយឡែក​ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​(IMF)​ ធ្លាប់​បាន​ព្យាករណ៍​ទុក​ថា​ កម្ពុជា​នឹង​អាច​ទទួល​បាន​ពី​ចំណូល​ប្រេង​ប្រចាំឆ្នាំ​កើនឡើង​ដល់​១,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២១​ខាង​មុខ​ ខណៈ​ដែល​លោក​ ឆាយ​ សា​រ៉េ​ត​ នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​ បាន​ឲ្យ​ដឹង​ថា​ ធនធាន​ប្រេងកាត​នៅ​កម្ពុជា​អាច​ធ្វើ​អាជីវកម្ម​បាន​រយៈពេល​៣០​ឆ្នាំ​ ។​

​គួរ​រំលឹក​ជូន​ដែរ​ថា​ កាលពី​អំឡុង​ខែកក្កដា​ ឆ្នាំ​២០១១​កន្លង​ទៅ​ មិនដឹង​ជា​មក​ពី​ទីប្រឹក្សា​ផ្ទាល់​ ឬ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ផ្តល់​យោបល់​ និង​រាយការណ៍​ភូតភរ​ ឬ​ក៏​អ្នកជំនាញ​របស់​ក្រុមហ៊ុន​ប្រេង​ Chevron​ ផ្តល់​ទិន្នន័យ​ខុសឆ្គង​ដល់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យ៉ាងណា​នោះ​ទេ​ ទើប​បុរស​ខ្លាំង​ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា​ កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​ដំបូង​របស់​ខ្លួន​នៅ​វេលា​ម៉ោង​១២​យប់​ នា​ថ្ងៃ​ទី​១២​ ខែ​១២(​ធ្នូ​)​ ឆ្នាំ​២០១២​ ខណៈ​ដែល​ដន្លងដងស្នែង​របស់​បុរស​ខ្លាំង​ គឺ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​អតីត​ជា​ប្រធាន​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ធ្លាប់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១១​ថា​ ក្រុម​អ្នក​ច្បាប់​ និង​មន្ត្រី​ជំនាញ​របស់​កម្ពុជា​កំពុង​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ប្រេងកាត​ និង​ឧស្ម័ន​ ។​

​ការ​ប្រកាស​ដោយ​ផ្ទាល់មាត់​ជា​សាធារណៈ​របស់​បុរស​ខ្លាំង​នា​ពេល​នោះ​ ដែល​អ្នក​ដង្ហែ​គាំទ្រ​បុរស​ខ្លាំង​តែងតែ​និយាយ​ថា​ ជា​អនុសាសន៍​ពេជ្រ​អំពី​តំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​ ដោយ​សង្ឃឹមថា​ ការ​គ្រប់គ្រង​ និង​ការ​បែងចែក​ផល​ពី​ប្រេងកាត​បាន​ល្អ​ប្រសើរ​ នាំ​ឲ្យ​សេដ្ឋកិច្ចជាតិ​បាន​រីក​លូត​លាត់​ ជៀស​ផុត​ពី​បណ្តាសា​នៃ​ប្រេងកាត​ចំពោះ​ប្រទេស​កម្ពុជា​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ផ្ទុយ​ពី​ការ​ប្រកាស​របស់​បុរស​ខ្លាំង​ទាំងស្រុង​ គឺ​រហូត​មក​ទល់​សព្វ​ថ្ងៃនេះ​មាន​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ​ តំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​មិន​ទាន់​ទទួល​បាន​លទ្ធផល​នៅឡើយ​ ដូច​បាន​បំបាក់​មុខមាត់​បុរស​ខ្លាំង​ឲ្យ​អាម៉ាស់​ និង​ខ្មាស​សម្តី​ដែល​ល្បី​ថា​"​ជា​មាស​ ជា​ពេជ្រ​"​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ដែល​មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​បាន​អះអាង​សា​ជា​ថ្មី​ថា​ ការ​បូម​ប្រេង​ និង​ឧស្ម័ន​ពី​បាតសមុទ្រ​កម្ពុជា​នឹង​ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ​២០១៦​ខាង​មុខ​ ៕​

Chevron-in-CambodiaChevron-in-Cambodia-1


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item