ខេត្តកណ្តាល៖លោកផៃប៊ុនឈឿនជាអភិបាលខេត្តកណ្តាលកំពុងរងនូវការរិះគន់ចំពោះការបណ្តែតបណ្តោយខេត្តកណ្តាល ៖ លោក ផៃ ប៊ុនឈឿន ជាអភិបាលខេត្តកណ្តាល កំពុងរងនូវការរិះគន់ ចំពោះការបណ្តែតបណ្តោយ ឲ្យក្រុមឈ្មួញបង្កើតទីតាំងស្តុកឈើ រាប់សិបកន្លែង តាមផ្លូវជាតិលេខ ២១បេ ក្នុងស្រុកស្អាង និងស្រុកកោះធំរួមទាំងភាពអនាធិបតេយ្យនៃការ ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រកជ្រៃធំ ដោយគ្មានការបង្ក្រាប។ ជាពិសេសជំនួញឈើខុសច្បាប់ របស់ឈ្មោះ ហុង ដែលមានស្បែកជាកងកម្លាំងប្រដាប់អាវុធ ដ៏មានអំណាចប្រចាំខេត្តកណ្តាល បានក្លាយជាប្រធានបទដ៏សំខាន់មួយ ដែលលោក ផៃ ប៊ុនឈឿន មិនគួរមើលរំលងឡើយ។
ឈ្មោះ ហុង បានក្លាយជាមេឈ្មួញដុះស្លែ ក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រកព្រំដែនជ្រៃធំ ឆ្លងកាត់តាមផ្លូវជាតិលេខ២១បេ មិនដែលមាននរណាហ៊ានប៉ះពាល់ទេ ហើយគ្រប់ពេលដែលរថយន្តដឹកជញ្ជូនឈើ របស់ឈ្មោះ ហុង ត្រូវបានសមត្ថកិច្ច បង្ក្រាប គេតែងតែឃើញឈ្មោះ ហុង ចេញមុខទៅអន្តរាគមន៍ ដោយផ្ទាល់។ ជាក់ស្តែងរថយន្តបាឡែន ពណ៌ទឹកប៊ិច មួយគ្រឿង គ្មានស្លាកលេខជារបស់ឈ្មោះ ហុង ដែលសកម្មបំផុតក្នុងការ រត់ការដឹកឈើគ្រញូងឆ្លងកាត់ ផ្លូវជាតិលេខ៥ ត្រូវបានសមត្ថកិច្ចចម្រុះ ស្ទាក់ចាប់បាន កាលពីវេលាម៉ោង ១០និង២៥ នាទី ព្រឹកថ្ងៃទី១៧ ខែកញ្ញា នៅមុខវត្តថ្មី ក្នុងភូមិអូរតានីស ឃុំរលាប្អៀរ នៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយភ្លាមៗនោះ គេឃើញឈ្មោះ ហុង បានបើករថយន្តទំនើប ម៉ាករ៉ង់រ៉ូវែ ពណ៌ខ្មៅ ទៅអន្តរាគមន៍ភ្លាមៗ។
ឈ្មោះ ហុង គឺជាមេឈ្មួញរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ធំជាងគេ ប្រចាំផ្លូវជាតិលេខ៥ ហើយបន្តនាំឈើគ្រញូង ចេញទៅលក់នៅស្រុកយួន តាមច្រកជ្រៃធំ ដោយដឹកជញ្ជូនឆ្លងកាត់ ស្រុកស្អាងនិងស្រុកកោះធំ តាមផ្លូវជាតិលេខ២១បេ ជាពិសេសដឹកឆ្លងកាត់ ទីស្នាក់ការសង្កាត់ រដ្ឋបាលព្រៃឈើតាខ្មៅរបស់លោក អ៊ុង តារា យ៉ាងរលូនល្អ មិនដែលមានផលរមាស់អ្វីទេ។ ប្រជាពលរដ្ឋក៏បានបង្ហើបឲ្យដឹងផងដែរថា តាមផ្លូវជាតិលេខ២១បេ ក្នុងភូមិសាស្ត្រស្រុកស្អាង និងស្រុកកោះធំ គេសង្កេតឃើញមាន ទីតាំងស្តុកឈើគ្រញូងខុសច្បាប់ដល់ទៅ ៤ទៅ៥កន្លែង មានការយាមកាមយ៉ាងតឹងតែង ហើយគ្រប់ទីតាំងស្តុកឈើគ្រញូងទាំងនោះ មានទាំងច្រកលើកដាក់ទូក និងសម្រាប់រថយន្តបើកឆ្លងកាត់តាមផ្លូវគោកទៀតផង។
មុននេះប៉ុន្មានខែ គេប្រទះឃើញទីតាំង ស្តុកឈើខុសច្បាប់ដ៏ធំមួយកន្លែង ហើយសមត្ថកិច្ចចម្រុះ ក៏បានឡោមព័ទ្ធទីនោះ ពេញមួយយប់ និងពេញមួយព្រឹក ប៉ុន្តែលទ្ធផលចុងក្រោយ បានត្រឹមតែដកកម្លាំងត្រឡប់មកវិញ មិនហ៊ានធ្វើអ្វីដល់មេឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ក៏ដូចជាបង្កើតទីតាំងស្តុកឈើ រាប់សិបកន្លែងតាមផ្លូវជាតិលេខ២១បេ នោះទេ។ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន សុទ្ធតែបានដឹងអំពីសកម្មភាព ដែលក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់និងបង្កើតទីតាំងស្តុកឈើ ផ្ទុយពីបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ដើម្បីដឹកជញ្ជូនចុះទៅស្រុកយួន យ៉ាងអនាធិបតេយ្យ មិនដែលមានការបង្ក្រាបទេ ព្រោះក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ សុទ្ធសឹងជាកងកម្លាំងប្រដាប់អាវុធ ដូចជាឈ្មោះ ហុង ជាដើម គ្មាននរណាហ៊ានបង្ក្រាបទេ។
ប្រជាពលរដ្ឋបានទទូចសុំឲ្យ ផ្នែកពាក់ព័ន្ធពិនិត្យមើលឡើងវិញ ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មោះ ហុង តាមផ្លូវជាតិលេខ៥ ឆ្លងចូលរាជធានីភ្នំពេញ កាត់តាមខេត្តកណ្តាល និងបន្តនាំចេញទៅស្រុកយួន តាមច្រកជ្រៃធំ ទាំងតាមផ្លូវទឹក និងតាមផ្លូវគោក មិនដែលឃើញសមត្ថកិច្ច ឬមន្ត្រីជំនាញណាម្នាក់ ហ៊ានហើបមាត់នោះទេ។ អាចបញ្ជាក់បានថា បទល្មើសនៃការដឹកជញ្ជូនឈើខុសច្បាប់ ដែលកំពុងមានសកម្មភាពគគ្រឹកគគ្រេង តាមផ្លូវជាតិលេខ២១បេ ជាពិសេស ទីតាំងស្តុកឈើខុសច្បាប់ជាច្រើនកន្លែង ក្នុងស្រុកស្អាងនិងស្រុកកោះធំ ក៏ជាការទទួលខុសត្រូវ របស់លោក ផៃ ប៊ុនឈឿន ជាអភិបាលខេត្តកណ្តាលផងដែរ។
ដូច្នេះក្នុងនាមជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តកណ្តាល លោក ផៃ ប៊ុនឈឿន មិនគួររក្សាភាពស្ងៀមស្ងាត់ ទុកឱកាសឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់និងធ្វើអ្វីៗតាមតែអំពើចិត្ត តទៅទៀតទេ ហើយគេចង់ឃើញលោក ផៃ ប៊ុនឈឿន ចាត់វិធានការបង្ក្រាបជំនួញឈើ ខុសច្បាប់ទ្រង់ទ្រាយធំរបស់ឈ្មោះ ហុង ឲ្យមានប្រសិទ្ធភាព ដើម្បីជាការរួមចំណែកអនុវត្តន៍ បទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ៕
Source from: watphnom-news.com























Loading...




Post a Comment