ខេត្តកោះកុង៖បទបញ្ជាក្នុងការបង្ការបង្ក្រាបជំនួញឈើខុសច្បាប់ទាំងការដឹកជញ្ជូនក្នុងស្រុកក៏ដូចជាការនាំចេញទៅក្រៅប្រទេស គ្មានប្រសិទ្ធភាពនោះទេក៏ព្រោះតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តកោះកុង ៖ បទបញ្ជាក្នុងការបង្ការបង្ក្រាប ជំនួញឈើខុសច្បាប់ ទាំងការដឹកជញ្ជូនក្នុងស្រុក ក៏ដូចជាការនាំចេញទៅក្រៅប្រទេស គ្មានប្រសិទ្ធភាពនោះទេ ក៏ព្រោះតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ស្រេកឃ្លានតែអំពើពុករលួយហើយរឿងធំបំផុតនោះ គឺក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើគ្រញូងធំៗជាច្រើន សុទ្ធតែជ្រកក្រោមស្បែក ជាកម្លាំងប្រដាប់អាវុធ។ ដូចជាសកម្មភាពរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំ ប្រចាំខេត្តកោះកុង នាពេលបច្ចុប្បន្ននេះ សុទ្ធតែមន្ត្រីយោធាជើងទឹក គ្មាននរណាហ៊ានប៉ះពាល់ទេ។
សេចក្តីរាយការណ៍ព័ត៌មានពីខេត្តកោះកុង បានឲ្យដឹងថា នៅចំណុចកោះអៅវ៉ៅ ឬកោះកុងក្រៅ មានការស្តុកឈើគ្រញូង យ៉ាងអនាធិបតេយ្យបំផុត ហើយមេឈ្មួញរកស៊ីឈើគ្រញូង ដែលគេនិយមហៅថា ស្តេចត្រាញ់ប្រចាំដែនសមុទ្រនោះ មានឈ្មោះ អែម ចន្ថា មានតួនាទីជាមេបញ្ជាការរង នៃវរទាហានជើងទឹក កងពលតូចលេខ២ មិនដែលមាននរណា ហ៊ានក្អកនោះទេ។ ពេលខ្លះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បានក្លាយជាអ្នកជួយប្រមូល ឈ្មួញតូចតាចឲ្យដឹកជញ្ជូន ឈើគ្រញូងយកទៅលក់ឲ្យលោក អែម ចន្ថា យ៉ាងគគ្រឹកគគ្រេង ព្រោះក្រៅពីលោក អែម ចន្ថា គ្មានឈ្មួញណាម្នាក់អាចមានសិទ្ធិ ចុះទៅឈរជើងប្រមូលទិញឈើគ្រញូង យកទៅស្តុកទុកនៅចំណុចកោះកៅវ៉ៅ ដើម្បីនាំចេញទៅលក់នៅស្រុកយួននោះទេ។
កាលពីពេលមុនលោក អែម ចន្ថា គ្រាន់តែជាអាជីវករ រកស៊ីកាប់ជ្រូកតាមផ្សារ តាមរបៀបសាមញ្ញ ហើយក្រោយមកគាត់ បានប្តូរអាជីពទៅប្រមូលទិញឈើគ្រញូង យកទៅលក់នៅស្រុកយួនតាមដែនសមុទ្រ រហូតមានលុយកាក់ច្រើនហូរហៀរ លោក អែម ចន្ថា បានបែកគំនិតចាយលុយរត់រកខ្សែទុយោ បានចូលធ្វើជានាយទាហានជើងទឹក ហើយបានឡើងតំណែង ជាបន្តបន្ទាប់រហូតក្លាយជា មេបញ្ជាការរងនៃវរកោះកុងក្រៅលេខ២ ដែលមានមូលដ្ឋានឈរជើង នៅចំណុចកោះអៅវ៉ៅ ដើម្បីពង្រឹងពង្រីកមុខជំនួញរកស៊ីឈើខុសច្បាប់ របស់គាត់កាន់តែរលូនល្អ។ ការដឹកជញ្ជូនឈើគ្រញូងតាមទូក របស់ឈ្មួញតូចតាច ទទួលបាននូវការយោគយល់ ពីមន្ត្រីជំនាញក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធ ព្រោះលោក អែម ចន្ថា បានណែនាំរួចហើយ។
សម្រាប់សកម្មភាពប្រមូលទិញ ឈើគ្រញូងនៅចំណុចកោះអៅវ៉ៅនោះ ក៏មានឈ្មួញដុះស្លែម្នាក់ឈ្មោះ សុខ គឹមហុង ហៅឡូ ដែលជាអ្នកលេងប្រចាំកោះអៅវ៉ៅ ធ្លាប់មានសំណុំរឿងព្រហ្មទណ្ឌ នៅតុលាការខេត្តកោះកុង ជាអ្នកជួយសម្របសម្រួល ប្រមូលទិញឈើឲ្យលោក អែម ចន្ថា ផងដែរ។ ហើយសមត្ថកិច្ចនិងជំនាញខ្លះដែលមិនព្រម ទទួលយកសេវាតិចតួចដែលលោក អែម ចន្ថា បន្តក់ឲ្យ ត្រូវឈ្មោះ សុខ គឹមហុង ហៅឡូ មើលលើមើលក្រោម ហាក់ដូចជាចង់ស៊ីសាច់ ក្នុងន័យគំរាមកំហែង បំបាក់ស្មារតីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបធ្វើឲ្យមន្ត្រីមួយចំនួន ខ្លបខ្លាចបាក់ស្បាត មិនសូវហ៊ានក្អក ឬកោសរូសរំខាន ចំពោះជំនួញរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់របស់លោក អែម ចន្ថា នោះទេ។
នៅពេលប្រមូលឈើគ្រញូង ស្តុកទុកនៅចំណុចកោះអៅវ៉ៅ បានគ្រប់ចំនួនរួចហើយ គេសង្កេតឃើញលោក អែម ចន្ថា បានរៀបចំដឹកជញ្ជូនឈើគ្រញូងទាំងនោះ តាមទូកផ្ទាល់ខ្លួនរបស់គាត់ ចេញពីចំណុចកោះអៅវ៉ៅ យកទៅលក់នៅស្រុកយួន គ្មាននរណាហ៊ានហើបមាត់ទេ ព្រោះរៀងរាល់ពេលចេញទូកទៅស្រុកយួនម្តងៗ គេសង្កេតឃើញលោក អែម ចន្ថា បានចំណាយលុយរត់ការបង់ផ្លូវ ឲ្យមន្ត្រីនិងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ ទៅតាមចំណែកនីមួយៗ ដែលលោក អែម ចន្ថា ធ្លាប់បានផ្តល់ឲ្យ។ សូម្បីតែនៅផ្ទះរបស់លោក អែម ចន្ថា ក៏គេសង្កេតឃើញមានឈ្មួញ ជនជាតិយួនរាប់សិបនាក់ បានទៅដេកចាំប្រមូលទិញឈើគ្រញូង ឬប្រកបអាជីពផ្សេងៗទៀត ក៏ព្រោះតែលោក អែម ចន្ថា មានឥទ្ធិពលអំណាចអាចជួយសម្របសម្រួល មុខជំនួញទាំងស្របច្បាប់ និងខុសច្បាប់ឲ្យជនជាតិយួនទាំងនោះ បានរលូនល្អមិនដែលជួបឧបសគ្គនោះទេ។
យ៉ាងណាក៏ដោយ នៅចំណុចកោះអៅវ៉ៅ នេះ មានបន្ទាយទាហានជើងទឹក ក្នុងអង្គភាពវរកោះកុងក្រៅលេខ២ ដែលមានលោកស័ក្តិ៥ ទេព វុទ្ធី ជាមេបញ្ជាការគ្រប់គ្រង បញ្ជានៅតំបន់នោះ ប៉ុន្តែលោក ទេព វុទ្ធី ទំនងជាចូលដៃចូលជើង ឬមានភាគហ៊ុនរកស៊ីដឹកជញ្ជូន ឈើគ្រញូងជាមួយលោក អែម ចន្ថា ហើយមើលទៅបានជាលោក ទេព វុទ្ធី ប្រកាសជាសាធារណៈថា នៅចំណុចកោះអៅវ៉ៅ ក្រៅពីលោក អែម ចន្ថា មិនអនុញ្ញាតឲ្យឈ្មួញណាម្នាក់ ដឹកជញ្ជូនឈើ ស្តុកឈើ ឬនាំចេញឈើទៅកាន់ស្រុកយួន ឆ្លងកាត់តាមតំបន់នោះទេ។ ករណីនេះទាមទារឲ្យថ្នាក់លើ និងផ្នែកពាក់ព័ន្ធទាំងអស់ ពិនិត្យមើលឡើងវិញជាបន្ទាន់ ដែលយ៉ាងហោចណាស់ បង្ហាញនូវស្មារតីអនុវត្តន៍ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល៕
Source from: watphnom-news.com
























Loading...




Post a Comment