

ខេត្តបាត់ដំបង ៖ បុរសស្ត្រី ២នាក់ត្រូវបាន សមត្ថកិច្ចអាវុធហត្ថ ខេត្តបាត់ដំបង ចាប់ឃាត់ខ្លួន និងឆែកឆេរលំនៅដ្ឋាន កាលពីម៉ោង ១៥និង៣០ នាទីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ នៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងដោយដកហូតបានថ្នាំញៀន ម៉ាទឹកកកចំនួន ៥៤ថង់ទម្ងន់ ៣,៥៥ ក្រាមនិងសម្ភារៈមួយចំនួនទៀត តាមការញុះញង់អោយលក់ដូរខុសច្បាប់ ដើម្បីកសាងសំណុំរឿង ពីបទជួញដូរគ្រឿងញៀនខុសច្បាប់។
លោក ហេង សេងហុង នាយការិយាល័យ ស្រាវជ្រាវប្រឆាំងគ្រឿងញៀន បានអោយដឹងថា នៅវេលាម៉ោង ១១និង៣០ នាទីព្រឹកកម្លាំងសម្ងាត់ n12 បានធ្វើការទំនាក់ទំនង ជាមួយជនល្មើសជួញដូរគ្រឿងញៀន អោយលក់គ្រឿងញៀន ប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ចំនួន ១០ម៉ឺនរៀល។ លុះដល់ម៉ោង ១៥និង៣០ នាទីរសៀលថ្ងៃដដែល កម្លាំងសម្ងាត់បានទៅផ្ទះ របស់ជនសង្ស័យទិញថ្នាំញៀនចំនួន ៤ថង់តម្លៃ ១០ម៉ឺនរៀល ហើយពេលដែលជនសង្ស័យ កំពុងដោះដូរ កម្លាំងជំនាញបានឃាត់ខ្លួន និងឆែកឆេរ លំនៅដ្ឋានតែម្តង។
ជនសង្ស័យ ២នាក់រួមមានឈ្មោះ អ៊ុង អន ភេទស្រី អាយុ៣៨ ឆ្នាំ ប្រកបរបរធ្វើចំការ ជាអ្នកលក់ថ្នាំញៀននិងឈ្មោះ សុត ថេង ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នកលក់ដូរចាប់ហួយ ទាំង២នាក់រស់នៅភូមិកើតហេតុ។ ស្ត្រីឈ្មោះ អ៊ុង អន បានសារភាពថា ខ្លួនបានរកស៊ីលក់ចែកចាយ តាំងពីពាក់កណ្តាលឆ្នាំ២០១២ មកម្ល៉េះហើយមានបន្ទប់ សម្រាប់ឲ្យភ្ញៀវ អង្គុយជក់ផងដែរ។ ចំពោះឈ្មោះ សុត ថេង មិនមែនជាអ្នកប្រើប្រាស់ទេ គាត់គ្រាន់តែមកសុំ បាយហូបប៉ុណ្ណោះ បន្ទាប់ពីឈ្មោះ សុត ថេង កាច់ពោតនៅចំការអស់កំលាំង ក៏ត្រូវឃាត់ខ្លួនតែម្តង៕
Source from: watphnom-news.com
Post a Comment