
ស្ត្រីអាយុ៣៧ឆ្នាំមានជីវភាពក្រីក្រម្នាក់រួមទាំងកូនក្នុងផ្ទៃផងបានស្លាប់បាត់បង់ជីវិតយ៉ាងវេទនានៅពេលទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោងប្រមាណ០៩ព្រឹក នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣នេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលសម្រាលកូនស្លាប់ទាំងម្តាយ ទាំងកូនក្នុងផ្ទៃនោះ មានឈ្មោះ សាន សារុំ អាយុ៣៧ឆ្នាំ និងមានប្តីឈ្មោះ ស្រ៊ន ស្រ៊ាង អាយុ៤០ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
បុរសឈ្មោះ ស្រ៊ន ស្រ៊ាន ជាប្តីរបស់ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង០៦ព្រឹក ប្រពន្ធរបស់គាត់បានឈឺពោះសម្រាលកូន គាត់ក៏បានដឹកប្រពន្ធមកកាន់មន្ទីរពេទ្យបង្អែក ។ លុះដល់ម៉ោងប្រមាន០៩ព្រឹក កូនរបស់គាត់ត្រូវបានគ្រូពេទ្យប្រាប់ថា កើតមិនរួចត្រូវប្រើវិធីបូម ។ ខណៈពេលគ្រូពេទ្យធ្វើការបូមយកកូននោះ ប្រពន្ធរបស់គាត់បានធ្លាក់ឈាមយ៉ាងខ្លាំង ក៏បណ្តាលឲ្យកូនស្លាប់នៅក្នុងពោះ ។ ទំនងជាមិនមានលទ្ធភាពសង្គ្រោះឬក៏ខ្វះបច្ចេកទេសសម្រាលយ៉ាងណានោះទេ ទើបក្រុមគ្រូពេទ្យបានតម្រូវឲ្យរថយន្តសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជប៉ុនរាជធានីភ្នំពេញ ប៉ុន្តែដោយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យក៏បានដឹកប្រពន្ធរបស់គាត់យកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាលវិញ ក្រោយមកក៏ក្រុមគ្រូពេទ្យនៅទីនោះបានប្រាប់ថា ប្រពន្ធរបស់គាត់ស្លាប់បាត់បង់ជីវិតទៅហើយ ។
ពាក់ព័ន្ធនឹងការស្លាប់បាត់បង់ជីវិតស្ត្រីរងគ្រោះនិងកូនក្នុងផ្ទៃពេលចូលសម្រាលកូននៅមន្ទីរពេទ្យបង្អែកស្រុកស្អាងនេះ អ្នកស្រី ឈឿន សុម៉ាលី ជាគ្រូពេទ្យគ្រប់គ្រងផ្នែកឆ្មបរបស់មន្ទីរពេទ្យបានបញ្ជាក់អះអាងថា ការស្លាប់របស់ស្ត្រីរងគ្រោះនេះ គឺដោយសារស្ត្រីរងគ្រោះមានជំងឺច្រើនមុខ សុខភាពខ្សោយនិងធ្លាក់ឈាមច្រើន ។
ទោះយ៉ាងណាសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងដែលថា បច្ចុប្បន្នបុរសជាប្តីរបស់ស្ត្រីរងគ្រោះដែលមានជីវភាពទីទាល់ក្រនោះ គាត់កំពុងខ្នះខ្នែងរកប្រាក់ធ្វើបុណ្យឲ្យប្រពន្ធនិងកូនរបស់ខ្លួន ដែលសឹងតែមិនបានផង រីឯការប្តឹងផ្តល់យ៉ាងដូចម្តេចនោះ គាត់មិនទាន់បានសម្រេចដាក់ពាក្យប្តឹងជាផ្លូវការនៅឡើយទេ រង់ចាំរៀបចំពិធីបុណ្យប្រពន្ធនិងកូនតាមប្រពៃណីបានចប់សព្វគ្រប់សិន ៕


Source from: www.dtn7.com























Loading...




Post a Comment