ខេត្តកំពង់ឆ្នាំង៖បុរសវ័យកណ្ដាលម្នាក់បានរងរបួសដាច់ពោះវៀន៣កំណាត់និងបានសន្លប់រវើរវាយរយៈពេល៨យប់ខេត្តកំពង់ឆ្នាំង ៖ បុរសវ័យកណ្ដាលម្នាក់ បានរងរបួសដាច់ពោះវៀន ៣កំណាត់ និងបានសន្លប់រវើរវាយ រយៈពេល ៨យប់ ៨ថ្ងៃ មិនទាន់ដឹងខ្លួននៅឡើយទេ គឺកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ បន្ទាប់ពីគាត់បានជិះម៉ូតូពេលយប់ ចាំងភ្លើងហ្វារថយន្ត មើលផ្លូវមិនឃើញ ជ្រុលទៅបុករ៉ឺម៉កលក់ឥវ៉ាន់ កាលពីម៉ោង ៦និង៣០ នាទីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។
ស្ត្រីឈ្មោះ តូច សុផារី អាយុ ៣១ឆ្នាំ ជាប្រពន្ធបុរសរងគ្រោះ មានកូន ២នាក់ក្នុងបន្ទុក រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ប្ដីរបស់គាត់ឈ្មោះ ស៊ន ហេប អាយុ ៤១ឆ្នាំ មានមុខរបរជា កម្មករផ្សារដែក នៅសិប្បកម្មមួយ ក្នុងក្រុងកំពង់ឆ្នាំង។ នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣ ម្ចាស់សិប្បកម្មបានឲ្យ ក្រុមរបស់គាត់ទៅផ្សារ ធ្វើសំយ៉ាបផ្ទះនៅព្រៃខ្មែរ ក្នុងឃុំអណ្តូងស្នាយ។
លុះដល់ពេលល្ងាចចប់ការងារ កម្មករក្នុងក្រុមរបស់គាត់ ក៏បានជួបជុំគ្នា ហូបស្រាបន្តិចបន្តួច នៅពេលព្រលប់ៗ ទើបបើកម៉ូតូត្រឡប់មកផ្ទះវិញ ដោយសារតែចាំងភ្លើងហ្វារថយន្ត គាត់ក៏បានបើកម៉ូតូទៅបុក រ៉ឺម៉ករុញដឹកឥវ៉ាន់ តាមផ្លូវជាតិលេខ៥ យ៉ាងពេញទំហឹង បណ្តាលឲ្យដួលម៉ូតូសង្កត់លើពោះ រងរបួសធ្ងន់ និងសន្លប់ស្តូកស្តឹង។ គ្រូពេទ្យបានឲ្យដឹងថា បុរសរងគ្រោះបានដាច់ពោះវៀន ៣កំណាត់ ត្រូវវះកាត់តពោះវៀនទាំង ៣កំណាត់ ១យប់ជិតភ្លឺទើបរួចរាល់។
ស្ត្រីជាប្រពន្ធបានឲ្យដឹងថា ក្រោយពេលវះកាត់រួច ប្តីគាត់បានសន្លប់ស្តូកស្តឹង ហើយដឹងខ្លួនម្តងម្កាល ក្នុងស្ថានភាពរវើរវាយរយៈពេល ៨យប់ ៨ថ្ងៃមកហើយ។ ក្រុមគ្រួសារគាត់ មានជីវភាពក្រីក្រគ្មានប្រាក់ សំរាប់ព្យាបាលនោះទេ ហើយស្ថានភាពរបួស របស់ជនរងគ្រោះ កាន់តែដុបដាបទៅៗ ពួកគាត់មានក្តីសង្ឃឹមតិចណាស់ ក្នុងការជួយសង្គ្រោះជីវិត ពីសំណាក់ក្រុមគ្រូពេទ្យ នៅខេត្តកំពង់ឆ្នាំង ទើបសុំបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត ក្រែងលមានសង្ឃឹម៕
Source from: watphnom-news.com























Loading...




Post a Comment