
ឧត្តមសេនីយ៍យោធាពាក់ផ្កាយ២ មានអត្ថលេខ០១០០៨៩ បម្រើការងារនៅអង្គភាពបញ្ជាការដ្ឋានកងអង្គរក្សម្នាក់ គឺលោក ជា តារា ត្រូវបានស្ថាប័នតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន៨ខែ ពីបទបរិហារបង្កាច់កេរ្តិ៍ តាមបញ្ញត្តិមាត្រា៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីប្តឹងគេមិនឈ្នះនៅស្ថាប័នតុលាការរួចមក ។
ដំណើររឿងហេតុដែលនាំឲ្យលោកឧត្តមសេនីយ៍យោធាផ្កាយ២ ជា តារា ត្រូវតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ៨ខែ ពីបទបរិហារបង្កាច់កេរ្តិ៍ ដូច្នេះ គឺដោយសារមុនដំបូងលោកឧត្តមសេនីយ៍យោធារូបនេះ បានដាក់ពាក្យប្តឹងបុរស២នាក់ឈ្មោះ ជួប ច័ន្ទ និងឈ្មោះ ឌឿន សុវណ្ណ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០១០ពីបទឆបោកប្រាក់និងក្លែងលិខិតសាធារណៈ ដោយអះអាងថា ឈ្មោះ ជួប ច័ន្ទ និងឈ្មោះ ឌឿន សុវណ្ណ រួមគ្នាធ្វើឯកសារក្លែងបន្លំក្នុងកិច្ចការលក់ដីធ្លីឲ្យក្រុមហ៊ុនគឹមហាប់ ទំហំជាង៤ហិចតា ។ ប៉ុន្តែពាក្យបណ្តឹងរបស់លោក ជា តារានេះ ត្រូវបានស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចតម្កល់រឿងទុកឥតចាត់ការ ហើយក៏ត្រូវសាលាឧទ្ធរណ៍សម្រេចតម្កល់ដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្ត ទៀត លើពាក្យបណ្តឹងឧទ្ធរណ៍របស់លោក ជា តារា តាមដីកាសម្រេចលេខ០៧៩សត.ប្រក/០១១ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១១ ។ មានន័យថា លោកឧត្តមសេនីយ៍យោធា ជា តារា ចាញ់ក្តីឈ្មោះ ជួប ច័ន្ទ និងឈ្មោះ ឌឿន សុវណ្ណ នៅតុលាការ ។
ក្រោយមកឈ្មោះ ជួប ច័ន្ទ និងឈ្មោះ ឌឿន សុវណ្ណ បានប្តឹងតបប្រឆាំងទៅលើលោក ជា តារា ពីបទបរិហារបង្កាច់កេរ្តិ៍វិញ ជាហេតុធ្វើឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញវិនិច្ឆ័យចេញជាសាលក្រមព្រហ្មទណ្ឌផ្តន្ទាទោសលោក ជា តារា ដាក់ពន្ធនាគារកំណត់ចំនួន៨ខែ និងពិន័យជាប្រាក់ចំនួន១.៥០០.០០០រៀល ដាក់ចូលថវិការដ្ឋ ព្រមទាំងបង្គាប់ឲ្យឈ្មោះ ជា តារា សងសំណងជំងឺចិត្តទៅឲ្យឈ្មោះ ឌឿន សុវណ្ណ ជាដើមបណ្តឹងរដ្ឋប្បវេណីទៀតផង ។
សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចផ្តន្ទាទោសទៅលើឈ្មោះ ជា តារានោះ ក៏ត្រូវបានតម្កល់ទុកជាបានការដដែលដោយសាលាឧទ្ធរណ៍និងតុលាការកំពូលទៅលើពាក្យបណ្តឹងរបស់ជនជាប់ចោទ ជា តារា ជាហូរហែ ។ ដូច្នេះ លោកឧត្តមសេនីយ៍យោធាផ្កាយ២ ជា តារា បានក្លាយជាទណ្ឌិតតាមរយៈអំណាចសាលដីកាព្រហ្មទណ្ឌរបស់តុលាការកំពូល តែមិនទាន់បានអនុវត្តន៍ទោសនៅក្នុងពន្ធនាគារនៅឡើយ ។
បច្ចុប្បន្ននេះ ស្ថាប័នតុលាការសាលាដំបូងរាជធានីភ្នំពេញដែលជាតុលាការអនុវត្តន៍បានបង្គាប់ឲ្យមន្ត្រីនគរបាលយុត្តិធម៌តាមស្វែងរកចាប់ខ្លួនលោក ផ្កាយ២យោធា ជា តារា យកមកផ្តន្ទាទោសដាក់ពន្ធនាគារតាមច្បាប់ជាធរមាន ៕

Source from: www.dtn7.com























Loading...




Post a Comment