
ប្រភពព័ត៌មានពីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣នេះ លោកព្រះរាជអាជ្ញារង សំម ឫទ្ធីវាសនា តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលបានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីបាត់ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធនៅភ្នំព្រះរាជទ្រព្យកាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងមក បន្ទាប់ពីសមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនជនសង្ស័យមកសាលាដំបូងខេត្តកណ្តាលភ្លាមៗ ហើយជនត្រូវចោទទាំង៥នាក់នេះ ក៏ត្រូវបានលោកចៅក្រម វេង ហ៊ត់ អនុប្រធានសាលាដំបូងខេត្តកណ្តាលនិងជាចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចផងដែរ ។
ជនត្រូវចោទទាំង៥នាក់ដែលត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួនពាក់ព័ន្ធនឹងករណីបាត់ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធនោះ មានឈ្មោះដូចតទៅ ៖ ១-ឈ្មោះ ផា សុខែម អាយុ៤៦ឆ្នាំ ជាប្រធានក្រុមឆ្មាំ,២-ឈ្មោះ កា សាត អាយុ៤៧ឆ្នាំ,៣-ឈ្មោះ ស៊ាង សារិន អាយុ៥២ឆ្នាំ,៤-ឈ្មោះ កាន់ ស័ក្ត្រ អាយុ៣៨ឆ្នាំ និង៥-ឈ្មោះ ថៃ ។
សូមបញ្ជាក់ជូនថា មុននឹងសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យដែលជាក្រុមឆ្មាំយាមភ្នំព្រះរាជទ្រព្យទាំង៥នាក់ទៅតុលាការនោះ គឺកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ វេលាម៉ោង១០និង១៥នាទីព្រឹកម្សិលមិញនេះ កម្លាំងនគរបាលបានចុះទៅឆែកឆេរលំនៅឋានឈ្មោះ ផា សុខែម ជាប្រធានក្រុមឆ្មាំដោយផ្ទាល់ឋិតនៅផ្លូវលេខ១៥១ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ អស់រយៈពេលចំនួនជាង២ម៉ោង ដោយបានរកឃើញព្រះបដិមានិងវត្ថុបុរាណមានតម្លៃជាច្រើនរហូតដល់ទៅ២៨ប្រភេទលាក់នៅក្នុងផ្ទះនិងនៅក្នុងរថយន្តដែលជនសង្ស័យប្រើប្រាស់ ។ ដូច្នេះហើយទើបកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញានៃការបាត់បង់ព្រះសុវណ្ណកោដ្ឋតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ ទៅលើជនសង្ស័យទាំង៥នាក់នោះតែម្តង ៕


Source from: www.dtn7.com























Loading...




Post a Comment