

ក្រុងបាងកក ៖ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ដ្រីថៃ កាលពីថ្ងៃទី១០ ខែធ្នូ បានប្រកាសថា លោកស្រីនឹងមិនលាលែង ចេញពីតំណែងនៅមុន ការបោះឆ្នោតសភា ដែលគ្រោងធ្វើនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ នោះទេ បើទោះបីជាក្រុមបាតុករ ដឹកនាំដោយលោក ស៊ូថេប កំណត់ពេលវេលា ២៤ម៉ោង ឱ្យលោកស្រីចាកចេញ ពីតំណែងក៏ដោយ ហើយបញ្ហានេះ បាននាំឲ្យស្ថានភាព នយោបាយក្នុងប្រទេសថៃ កាន់តែលង់ក្នុងវិបត្តិជ្រៅឡើងៗ។
នាយករដ្ឋមន្ដ្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានប្រកាសរំលាយសភារួចហើយ កាលពីយប់ថ្ងៃទី៩ ខែធ្នូ ហើយព្រះមហាក្សត្រ ក៏បានអនុញ្ញាតឱ្យរំលាយសភា និងកំណត់ថ្ងៃបោះឆ្នោតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ តែមេដឹកនាំប្រឆាំងលោក ស៊ូថេប នៅតែមិនពេញចិត្ដ ដោយទាមទារឱ្យលោកស្រី យីងឡាក់ និងគណៈរដ្ឋមន្ដ្រីរបស់លោកស្រី ត្រូវលាចេញពីតំណែង ក្នុងរយៈពេល ២៤ម៉ោង។ គោលដៅរបស់លោក ស៊ូថេប ចង់ឱ្យរដ្ឋាភិបាល យីងឡាក់ ចុះចេញប្រគល់អំណាចទៅឱ្យ គណៈកម្មការប្រជាជន ដែលលោក ស៊ូថេប ទើបបង្កើតឡើងក្នុងអំឡុងពេល ធ្វើបាតុកម្មជាអ្នកដឹកនាំ ប្រទេសវិញម្តង ។
លោក ស៊ូថេប មិនយល់ព្រមនឹងព្រះរាជសារ របស់ព្រះមហាក្សត្រ ភូមិវិបុល ដែលប្រកាសរំលាយរដ្ឋសភា កំណត់យកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ សម្រាប់ការបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មី។ មេដឹកនាំបក្សប្រឆាំងលោក ស៊ូថេប ធ្លាប់ប្រកាសថា ការបោះឆ្នោតអាចធ្វើ ទៅបានត្រូវការយៈពេលពី ៨ទៅ១៥ខែ ហើយរយៈពេលនោះ ការដឹកនាំប្រទេសជាតិ ត្រូវស្ថិតនៅលើគណៈកម្មការប្រជាជន ដែលមានលោកជាអ្នកដឹកនាំ ហើយលោក ស៊ូថេប នៅតែអំពាវនាវដល់ ក្រុមបាតុករឲ្យបន្ដធ្វើសកម្មភាព ៣ថ្ងៃបន្ថែមទៀត។
លោក ស៊ូថេប បានបញ្ជាក់ទៀតថា សកម្មភាពរំលាយសភា របស់លោកស្រី យីងឡាក់ ជាយុទ្ធសាស្ដ្រនយោបាយ ដើម្បីដណ្ដើមយកអំណាច ឡើងវិញតែប៉ុណ្ណោះ ក្រោយការបោះឆ្នោត។ លោក ស៊ូថេប បានរិះគន់លោកស្រី យីងឡាក់ ថា “យីងឡាក់ជាអ្នកនិយាយកុហក ពលរដ្ឋថៃមិនមែនជាមនុស្សល្ងង់ ដូចអ្នកគិតឡើយ។ ខ្ញុំជាអ្នកតវ៉ាតែមិនឱនក្បាល ចំពោះអ្នកនិងរដ្ឋាភិបាលរបស់អ្នក នោះឡើយ សូម្បីតែពេលអ្នក បាត់បង់ជីវិតក៏ដោយ” ។ ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យកម្លាំងទាហានថៃ បានប្រកាសថា កម្លាំងទាហាននឹងរក្សាសណ្ដាប់ធ្នាប់ ដោយអំពាវនាវដល់ភាគីទាំង ២ផ្សះផ្សាបញ្ចប់វិបត្ដិនេះ ។
ដោយសារភាពនយោបាយ ប្រែប្រួលកាន់តែអាក្រក់ទៅ ធ្វើឱ្យលោកស្រី យីងឡាក់ ប្រកាសរំលាយសភា ដោយប្រគល់សិទ្ធិអំណាច សងប្រជាជនវិញ ដើម្បីឱ្យប្រជាជនទៅបោះឆ្នោត សម្រេចជ្រើសរើស មេដឹកនាំជាថ្មីឡើងវិញ។ គណបក្សភឿថៃ បានចេញសេចក្ដីប្រកាសថា លោកស្រី យីងឡាក់ នឹងបន្ដឈរឈ្មោះជា បេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោត សភានាពេលខាងមុខ ដោយបានអំពាវនាវដល់ បណ្ដាគណបក្សនយោបាយ ជាពិសេសគណបក្ស ប្រជាធិបតេយ្យរបស់លោក អាប់ភីស៊ីត ចូលរួមបោះឆ្នោត ដើម្បីបញ្ឈប់សកម្មភាព ដង្ហែក្បួនតវ៉ាតាមផ្លូវថ្នល់ បង្កផលប៉ះពាល់ដល់ ផលប្រយោជន៍ជាតិ និងប្រជាជន៕
Source from: watphnom-news.com
Post a Comment