ខេត្តកំពង់ចាម ៖ រថយន្តធុនធំដឹកដំឡូងមី បានបើកបុកនិងកិន គោយន្តកែច្នៃពីលើ ក្នុងទិសដៅស្របទិសគ្នា កាលពីវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតក្នុងភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ បណ្តាលឲ្យបុរសជាកូនប្រសានិងម្តាយក្មេកបានស្លាប់ កៀបជាប់នៅក្នុងគោយន្តកែច្នៃ ហើយភ្លាមៗនោះអ្នកបើករថយន្តបង្ក បានដាក់មេប្រូច បាត់ស្រមោលតែម្តង ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ុយ សាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជាកូនប្រសា និងម្នាក់ទៀតឈ្មោះ កង ហ៊ាត អាយុ ៥៥ឆ្នាំ ជាម្តាយក្មេក ស្នាក់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ។ ពេលកើតហេតុ គោយន្តកែច្នៃជិះ ២នាក់ម្តាយក្មេក និងកូនប្រសា ចេញពីភូមិឋានរបស់គាត់ ឆ្ពោះទៅខេត្តព្រៃវែងដើម្បីដឹកស្រូវ ពេលមកដល់ចំណុចកើតហេតុ បុរសជាកូនប្រសា បានបើកវ៉ារថយន្តធុនធំ ដឹកដំឡូងមីមួយគ្រឿង ដែលបើកនៅពីមុខ ។
គ្រាន់តែវ៉ាផុតបន្តិច ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកបញ្ច្រាសទិសគ្នា ជនរងគ្រោះបានអែបមកខាងស្តាំដៃវិញ ខណៈនោះរថយន្តដឹកដំឡូងមី ដែលបើកមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកនិងកិន គោយន្តពីលើ រួចជ្រុលល្បឿនធ្លាក់ស្នាមភ្លោះ ផ្អៀងមួយចំហៀងចាក់ដំឡូងមី រាយពេញផ្លូវ ។ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច យកអេស្កាវ៉ាទ័រចូកយកដំឡូងមីចេញ និងបង្ហើបរថយន្ត ទាញយកសពមកប្រគល់ ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ៕
Source from: watphnom-news.com
Post a Comment