រាជធានីភ្នំពេញ ៖ ភ្ញៀវប្រុសស្រីដែលបាន ទៅចូលរួមពិធីមង្គលការ នៅបុរីពិភពថ្មី ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុះហិង្សាវាយតប់គ្នា កាលពីវេលាម៉ោង ២១និង៣០ នាទីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ បណ្តាលឲ្យមន្ត្រីសន្តិសុខ សាលាខណ្ឌដង្កោម្នាក់ បានរងរបួសយ៉ាងដំណំ ត្រូវបានដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយភ្លាមៗនោះ ប៉េអឹមខណ្ឌដង្កោ បានឃាត់ខ្លួនមនុស្ស ៣នាក់យកមកសាកសួរ មិនបានប៉ុន្មានម៉ោងផង ក៏បានដោះលែងជនបង្ក ឲ្យមានសេរីភាពវិញ។
ជនដែលត្រូវឃាត់ខ្លួនរួមមានឈ្មោះ ឃុត មុន្នីរដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ បម្រើការនៅក្រសួងអប់រំ ឈ្មោះ រាម ចាន់មុន្នីរ៉ា ភេទប្រុស អាយុ ២២ឆ្នាំ មន្ត្រីយោធានៃវិទ្យាស្ថាន កងទ័ពជើងគោក និងឈ្មោះ អ៊ុក វឌ្ឍនៈ ភេទប្រុស អាយុ ២៩ឆ្នាំ ជានិស្សិត សុទ្ធតែជាភ្ញៀវដែលបាន ចូលរួមនៅក្នុងពិធីមង្គលការខាងលើ។ ចំណែកជនរងគ្រោះ គឺជាមន្ត្រីសន្តិសុខ សាលាខណ្ឌដង្កោ បានយល់ព្រមទទួលសំណង ពីក្រុមជនបង្ក ដើម្បីបញ្ចប់រឿង កុំឲ្យវែងឆ្ងាយ។
ករណីទំនាស់ពាក្យសំដី ក្នុងពិធីមង្គលការឈាន ដល់ការវាយតប់គ្នា ដែលបណ្តាលឲ្យមន្ត្រីសន្តិសុខសាលាខណ្ឌដង្កោ ទទួលរងរបួសនេះ គឺផ្តើមចេញពីការរាំរែក រួចហើយលើកដៃ បះនារីម្នាក់ ខណៈដែលនោះនាងបាន ទៅប្រាប់បងប្អូនរបស់គាត់ រហូតមានការឈ្លោះប្រកែកគ្នា តឹងសរសៃកដាក់គ្នា បង្កឲ្យមានការវាយតប់ បណ្តាលឲ្យមានរងរបួស ទាំងសងខាង។ ជនរងគ្រោះបានចូលទៅឃាត់ មិនឲ្យវាយតប់គ្នា ស្រាប់តែក្រុមជនបង្កទាំងនោះ បានទាញកៅអីវាយ និងគប់កែវ ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសឈាមពេញខ្លួន៕
Source from: watphnom-news.com
Post a Comment