រាជធានីភ្នំពេញ៖តុលាការទាំង៣ថ្នាក់គឺសាលាដំបូងរាជធានីភ្នំពេញសាលាឧទ្ធរណ៍និងតុលាការកំពូលបានសម្រេចនិងផ្តន្ទាទោសរាជធានីភ្នំពេញ ៖ តុលាការទាំង ៣ថ្នាក់ គឺសាលាដំបូងរាជធានីភ្នំពេញ សាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចនិងផ្តន្ទាទោស លោក ជា តារា អាយុ ៤៥ឆ្នាំ អត្តលេខ ០១០០៨៩ មានឋានន្តរស័ក្តិជា ឧត្តមសេនីយ៍ទោ បម្រើការងារក្នុង អង្គភាពបញ្ជាការដ្ឋានអង្គរក្ស ដោយផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៨ខែ តាមមាត្រា៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ ពីបទបរិហាកេរ្តិ៍។ តុលាការកំពូលក៏បាន បង្វិលសំណុំរឿងមកកាន់ សាលាដំបូងរាជធានីភ្នំពេញ ឲ្យអនុវត្តន៍សាលដីកាព្រហ្មទណ្ឌនេះ ទៅតាមផ្លូវច្បាប់ ប៉ុន្តែមកដល់ម៉ោងនេះ លោកផ្កាយ២ ជា តារា មិនទាន់បង្ហាញវត្តមានមកទទួលទោសនៅឡើយទេ ទើបសមត្ថកិច្ចពាក់ព័ន្ធ បាននាំគ្នាចេញប្រមាញ់ តាមរកលោកផ្កាយ២ ជា តារា ដើម្បីនាំទៅផ្តន្ទាទោស តាមសាលដីកាស្ថាពរ របស់តុលាការកំពូល។
ដើមហេតុដែលនាំឲ្យមានការ សម្រេចផ្តន្ទាទោសលោកផ្កាយ២ ជា តារា ពីបទបរិហាកេរ្តិ៍គឺផ្តើមឡើងដោយសារលោក ជា តារា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០ បានដាក់ពាក្យប្តឹងឈ្មោះ ជួប ច័ន្ទ និងឈ្មោះ ឌឿន សុវណ្ណ ពីបទបន្លំអាជ្ញាធរ ក្លែងលិខិតសាធារណៈ និងឆបោកប្រាក់ ដែលក្នុងពាក្យបណ្តឹងនោះឈ្មោះ ជា តារា បានសរសេរថា ឈ្មោះ ឌឿន សុវណ្ណ បានរួមគ្នាជាមួយឈ្មោះ ជួប ច័ន្ទ ធ្វើឯកសារដើម្បីលក់ដី ឲ្យក្រុមហ៊ុន គឹម ហាប់ ទំហំ៤ហិតា៥០អា ដោយចោទថា បានធ្វើការចាត់ចែង បន្លំអាជ្ញាធរសង្កាត់ទន្លេបាសាក់ និងក្លែងលិខិតសាធារណៈ ដើម្បីឲ្យក្រុមហ៊ុនទុកចិត្ត និងចុះកិច្ចសន្យាទិញលក់។ បន្ទាប់ពីការស្រាវជ្រាវ អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចតម្កល់រឿង ទុកឥតចាត់ការ តាមដីកាលេខ៦៥៤ អ.យ.ខ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១០។
ប៉ុន្តែឈ្មោះ ជា តារា មិនសុខចិត្តបានប្តឹង ពីដីកាតម្កល់រឿង ទៅសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍ក៏បានសម្រេច តម្កល់ទុកឥតចាត់ការ តាមដីកាលេខ ០៧៩ សត.ប្រក.០១១ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១១ ហើយតាមរយៈពាក្យបណ្តឹង របស់ ជា តារា និងការបរិហាកេរ្តិ៍ បានធ្វើឲ្យប្រធានអង្គភាព ផ្អាកការងារនិងមិនដំឡើងឋានៈ ឲ្យឈ្មោះ ឌឿន សុវណ្ណ។ ដោយសារតុលាការ រកមិនឃើញកំហុសឆ្គង និងភស្តុតាងដាក់បន្ទុក ចោទប្រកាន់បានធ្វើឲ្យលោក ជា តារា មានទោសពីបទបរិហាកេរ្តិ៍ ក៏ត្រូវឈ្មោះ ឌឿន សុវណ្ណ និងឈ្មោះ ជួប ច័ន្ទ ប្តឹងតបតវិញ ហើយជាហូរហែ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះទោស ដោយប្រកាសសាលក្រម ផ្តន្ទាទោសលោក ជា តារា ដាក់ពន្ធនាការកំណត់ចំនួន៨ខែ ពិន័យជាប្រាក់១,៥លានរៀល ដាក់ចូលថវិការដ្ឋចាប់ពីពេល សាលក្រមចូលជាស្ថាពរ ហើយក៏បង្គាប់ឲ្យលោក ជា តារា សងជំងឺចិត្តនិងសោហ៊ុយ ខាតបង់ចំនួន ៨០លានរៀលទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ឌឿន សុវណ្ណ ផងដែរ។
លោក ជា តារា មិនពេញចិត្តចំពោះ សាលក្រមនេះទេ ហើយបានប្តឹងជំទាស់ ទៅសាលាឧទ្ធរណ៍ ក៏មានការតម្កល់សាលក្រម សាលាដំបូងរាជធានីភ្នំពេញ ហើយលោក ជា តារា បានបន្តប្តឹងទៅតុលាការកំពូល ជំទាស់ទៅនឹងសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ ទើបនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូលបានបើកសវនាការ ដោយផ្តន្ទាទោសលោក ជា តារា ដាក់ពន្ធនាគារចំនួន ៨ខែ តាមមាត្រា៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ ដោយតម្កល់សាលដីកាសាលាឧទ្ធរណ៍ និងសាលក្រមរបស់ សាលារាជធានីភ្នំពេញដដែល។ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ តុលាការកំពូលបានបញ្ជូន សំណុំរឿងព្រហ្មទណ្ឌលេខ៣០០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់តុលាការកំពូល និងសំណុំរឿងពាក់ព័ន្ធមួយចំនួនទៀត មកកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយចំណាត់ការនោះ គឺតាមរកចាប់ខ្លួនលោក ជា តារា មកអនុវត្តន៍ទោស។
ស្របតាមការរឹតបន្តឹង របស់រាជរដ្ឋាភិបាល ក្នុងការគោរពច្បាប់ និងនាំមន្ត្រីខិលខូច ទៅដាក់ទោស គេសង្កេតឃើញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាននឹងកំពុងតាមប្រមាញ់ ដើម្បីនាំខ្លួនលោក ជា តារា មកទទួលទោសតាមផ្លូវច្បាប់ ដោយគ្មានការយោគយល់នោះទេ។ ដូច្នេះការសម្រេច ដោយបិទផ្លូវតវ៉ា និងចូលជាស្ថាពរ របស់តុលាការកំពូល បានផ្តល់យុត្តិធម៌ជូនឈ្មោះ ជួប ច័ន្ទ និងឈ្មោះ ឌឿន សុវណ្ណ ដែលត្រូវធ្លាក់បុណ្យស័ក្តិ និងអស់ការងារ ដោយសារតែបណ្តឹង ដែលមានលក្ខណៈញុះញង់ របស់លោក ជា តារា។ មកដល់ពេលនេះ គេមិនទាន់ដឹងថាលោក ជា តារា កំពុងស្ថិតនៅទីណាឡើយ ទន្ទឹមពេលដែលសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ កំពុងតាមប្រមាញ់ ដោយអនុវត្តន៍តាមសាលដីកាស្ថាពរ របស់តុលាការកំពូល ហើយគ្រប់ៗគ្នាបានវាយតម្លៃថា លើកនេះទោះបីជាពាក់ផ្កាយ ២លើស្មា ក៏លោក ជា តារា មិនអាចគេចផុត ពីសំណាញ់ច្បាប់បានដែរ៕
Source from: watphnom-news.com























Loading...




Post a Comment