ខេត្តប៉ៃលិន៖យ៉ាងហោចណាស់មន្ត្រីគយតូចតាចនៅច្រកអន្តរជាតិព្រំនិងនៅក្នុងសាខាគយខេត្តប៉ៃលិនចំនួន៣៣នាក់បានរៀបចំពាក្យបណ្តឹងខេត្តប៉ៃលិន ៖ យ៉ាងហោចណាស់មន្ត្រីគយតូចតាច នៅច្រកអន្តរជាតិព្រំ និងនៅក្នុងសាខាគយ ខេត្តប៉ៃលិនចំនួន ៣៣នាក់ បានរៀបចំពាក្យបណ្តឹង ដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយគយនិងរដ្ឋាករ ដោយប្តឹងពីលោក អ៊ុក វណ្ណច័ន្ទ ជាប្រធានសាខាគយខេត្តប៉ៃលិន និងលោក លឹម សម្បត្តិ ជាប្រធានការិយាល័យគយ ប្រចាំច្រកព្រំ ដែលបានឃុបឃិតគ្នាលួចបន្លំពន្ធ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន តាមជំនាញបច្ចេកទេស ហើយគេរំពឹងទុកថាពាក្យបណ្តឹង របស់មន្ត្រីគយទាំងនេះ នឹងក្លាយជាកម្មវត្ថុដ៏សំខាន់មួយ ដើម្បីសាកល្បងការប្តេជ្ញា កែទម្រង់ លើការប្រមូលពន្ធរបស់រាជរដ្ឋាភិបាល។
មន្ត្រីម្នាក់បានលួចបង្ហើបឲ្យដឹងថា ចាប់តាំងពីការប្រកាសកែទម្រង់ គេសង្កេតឃើញលោក អ៊ុក វណ្ណច័ន្ទ ហាក់ដូចជាព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែលខ្លួនឯង ឲ្យស្របតាមគោលការណ៍ណែនាំ របស់សម្តេច ហ៊ុន សែន នោះទេ គឺលោក អ៊ុក វណ្ណច័ន្ទ បានឃុបឃិតជាមួយលោក លឹម សម្បត្តិ ក្នុងការកេងបន្លំចំណូលពន្ធ យកទៅច្រកហោប៉ៅផ្ទាល់ខ្លួន។ ពេលខ្លះលោក អ៊ុក វណ្ណច័ន្ទ បានលើកឡើងក្នុងអង្គប្រជុំ ដោយសុំឲ្យជំនាញគយ ក្រោមឱវាទទាំងអស់ រឹតបន្តឹងការប្រមូលពន្ធ ប៉ុន្តែសម្រាប់ក្រុមឈ្មួញធំៗ ដែលមានភាពជិតដិត និងទំនាក់ទំនងល្អ ត្រូវបានលោក អ៊ុក វណ្ណច័ន្ទ ខ្សឹបខ្សៀវជាមួយលោក លឹម សម្បត្តិ ឲ្យនាំចូលទំនិញគ្រប់ប្រភេទ តាមរបៀបក្លែងភេទទំនិញ ឬបំបាត់ចំណូលពន្ធទៅតាមបច្ចេកទេស យ៉ាងស្ងៀមស្ងាត់បំផុត។
មន្ត្រីគយដែលបាននាំគ្នា ផ្តិតមេដៃប្តឹងលោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ ត្រូវបានប្រភពខាងលើទម្លាយឲ្យដឹងថា មានមន្ត្រីគយនៅច្រកព្រំចំនួន ២៧នាក់ និងនៅក្នុងសាខាគយនិងរដ្ឋាករ ខេត្តប៉ៃលិន មានចំនួន ៦នាក់ផ្សេងទៀត ហើយមន្ត្រីគយទាំង ៣៣នាក់នេះ បានត្រៀមឯកសារ ភស្តុតាងជាច្រើន ដើម្បីសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ដែលអាចនឹងចុះទៅធ្វើការស៊ើបអង្កេត ក្នុងពេលឆាប់ៗនេះ។ មានការបញ្ជាក់យ៉ាងច្បាស់ថា រឿងហេតុដែលលោក លឹម សម្បត្តិ និងលោក អ៊ុក វណ្ណច័ន្ទ អាចឃុបឃិតគ្នាបង្កព្យុះភ្លៀង ឲ្យឈើគ្រញូងហូរចូល តាមច្រកព្រំតាមអំពើចិត្ត និងលួចបន្លំពន្ធតាមរបៀបបច្ចេកទេស ក៏ដោយសារតែលោក លឹម សម្បត្តិ អាងសាច់ញាតិ របស់គាត់ម្នាក់ ដែលជាមេគយចល័ត ប្រចាំផ្លូវជាតិលេខ៥ ឈ្មោះ កង ធឿន ហើយលោក កង ធឿន នេះក៏ជាមន្ត្រីដ៏ជិតដិតបំផុត ជាមួយលោក កើត សុធារ៉ា ជាមេគយចល័ត នៅទូទាំងប្រទេសផងដែរ។
មានការពន្យល់ត្រួសៗ អំពីរបៀបបំបាត់ចំណូលពន្ធ ដែលប្រព្រឹត្តដោយលោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ ដូចជាករណីបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញមានលុយ មានអំណាចដឹកឈើគ្រញូង មកពីស្រុកសៀម ចូលប្រទេសកម្ពុជាតាមច្រកព្រំ និងច្រករបៀង ២កន្លែងទៀត ដែលនៅអមសងខាង ច្រកព្រំ ហើយបើទោះបីជា ឈើគ្រញូងមិនស្ថិតក្នុង ប្រភេទទំនិញបង់ពន្ធក៏ដោយ ប៉ុន្តែក្រុមឈ្មួញត្រូវតែបង់លុយចូលហោប៉ៅ របស់លោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ បើមិនដូច្នេះទេ កុំសង្ឃឹមថាអាចដឹកជញ្ជូនឈើគ្រញូង ចូលតាមច្រកព្រំឲ្យសោះ។ ជាធម្មតា ឈើគ្រញូងរាប់សិបតោន ក្នុងមួយថ្ងៃៗ ត្រូវបានក្រុមឈ្មួញ ដឹកជញ្ជូនចូលតាមច្រកព្រំ ឡើងតាមផ្លូវជាតិលេខ៥ មកកាន់ភ្នំពេញ ឬឆ្លងស្ពានព្រែកក្តាម ទៅស្រុកយួនតាមខេត្តកំពង់ចាម យ៉ាងរលូនល្អ ហើយជាប្រភពចំណូល ធំបំផុតរបស់លោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ។
មានការបង្ហើបឲ្យដឹងផងដែរថា សម្រាប់ទំនិញជាប្រភេទកសិផល រួមមានសណ្តែកជាដើម ដែលក្នុងមួយរថយន្តផ្ទុកទម្ងន់ មិនតិចជាង ៦០តោន ទៅ៧០តោន ដែលត្រូវបានដឹកជញ្ជូន តាមច្រកអន្តរជាតិព្រំ លោក លឹម សម្បត្តិ បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ក្នុងការវាយតម្លៃឲ្យបង់ពន្ធ ដោយចេញវិក្កយបត្រ ប្រមាណ ២០ទៅ៣០ តោនប៉ុណ្ណោះ គឺលោក លឹម សម្បត្តិ បានរៀបចំឯកសារ បំបាត់ចំណូលពន្ធតាមបច្ចេកទេស តាមរយៈការក្លែងភេទទំនិញ ការបន្លំច្រកនាំចូល និងបំបាត់បរិមាណទំនិញជាដើម។ គ្រប់ទំនិញដែលមានការលួចបន្លំពន្ធ ត្រូវបាននាំចូលតាមច្រកអន្តរជាតិព្រំ ប៉ុន្តែក្នុងវិក្កយបត្រលោក លឹម សម្បត្តិ បានក្លែងទៅជាទំនិញ តាមច្រកអូរអន្លក់ ទៅតាមបច្ចេកទេស និងមធ្យោបាយរបស់គាត់ ហើយក៏មានការគាំទ្រពីលោក អ៊ុក វណ្ណច័ន្ទ ដែលជាប្រធាន សាខាគយ ខេត្តប៉ៃលិនផងដែរ។
ដោយសារតែមានពាក្យបណ្តឹងពីជំនាញគយ នៅសាខាខេត្តប៉ៃលិន និងនៅច្រកអន្តរជាតិព្រំ ចំនួន ៣៣នាក់ ដែលបានដាក់ជូន អគ្គនាយគយនិងរដ្ឋាករ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទាំងអង្គភាពប្រឆាំង អំពើពុករលួយ ផងដែរនោះ គេយល់ថាកម្មវត្ថុ នៃការប្តឹងលោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ ពីការកិបកេងបំបាត់ ចំណូលពន្ធតាមរបៀបបច្ចេកទេស នឹងក្លាយជាប្រធានបទ ដ៏សំខាន់មួយដើម្បីសាកល្បង ការប្តេជ្ញាចិត្តរបស់សម្តេច ហ៊ុន សែន អំពីចំណាត់ការកែទម្រង់ លើការប្រមូលពន្ធគយ។ ជាពិសេសលោក កង ធឿន ជាមេគយចល័ត នៅផ្លូវជាតិលេខ៥ ដែលបានជួយសម្របសម្រួលនិងបិទបាំង ការឃុបឃិតឲ្យក្រុមឈ្មួញ នាំចូលទំនិញបង់ពន្ធមិនគ្រប់ ត្រូវដៃត្រូវជើងជាមួយលោក អ៊ុក វណ្ណច័ន្ទ និងលោក លឹម សម្បត្តិ ក៏ទំនងជាមិនអាចគេចផុត ពីការស៊ើបអង្កេតទាក់ទិន អំពើពុករលួយបំបាត់ចំណូលពន្ធនោះទេ៕
Source from: watphnom-news.com
























Loading...




Post a Comment