គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តកំពង់ចាម បង្កដោយរថយន្តដឹកប្រេងក្រុមហ៊ុនឧកញ៉ា ឈន ថារី បុករះកុមារីម្នាក់ស្លាប់ ៧នាក់រងរបួស និងខូចខាតយានយន្តជាច្រើនគ្រឿង

នៅវេលាម៉ោង១២ ថ្ងៃត្រង់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបង្កដោយរថយន្តដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនលោកឧកញ៉ា ឈន ថារី នៅចំណុចបណ្តោយផ្លូវជាតិលេខ៧ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្តាលឲ្យកុមារីម្នាក់ស្លាប់បាត់បង់ជីវិត មនុស្សចំនួន៧នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ខូចខាតរថយន្តចំនួន២គ្រឿង ទោចក្រយានយន្តចំនួន៩គ្រឿង ម៉ូតូរ៉ឺម៉កកង់៣ ចំនួន៣គ្រឿង កង់ចំនួន២គ្រឿង និងសម្ភារៈប្រជាពលរដ្ឋមួយចំនួនធំទៀត។
សមត្ថកិច្ចនគរបាលក្រុងកំពង់ចាម បានឲ្យដឹងថា តាមព័ត៌មានបឋមករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងដោយសាររថយន្តដឹកប្រេងរបស់ក្រុមហ៊ុនលោកឧកញ៉ា ឈន ថារី ពាក់ស្លាកលេខ កំពង់ចាម 3A-2896 បានបើកបោះពួយយ៉ាងលឿនចុះពីលើស្ពានគីហ្សូណា។ ទំនងជារថយន្តដាច់ហ្វ្រាំង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តដឹកប្រេងនេះ ជ្រុលចង្កូតទៅបុករះបណ្តាលឲ្យកុមារីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្សចំនួន៣នាក់ទៀតបានរងរបួសធ្ងន់។ បន្ទាប់ពីបុករះនេះរួចហើយ រថយន្តបង្កហេតុមិនបានឈប់ទេបានជ្រុលទៅបុកទោចក្រយានយន្ត និងរថយន្តបណ្តាលឲ្យផ្ទុះឆេះ និងខូចខាតរថយន្តចំនួន២គ្រឿង ទោចក្រយានយន្តចំនួន៩គ្រឿង រ៉ឺម៉កកង់៣ និងកង់មួយចំនួនទៀត ព្រមទាំងបណ្តាលឲ្យសំយាបផ្ទះប្រជាពលរដ្ឋរងការឆាបឆេះ ប៉ុន្តែខាងភ្នាក់ងារពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មកជួយពន្លត់ទាន់ពេលវេលា។ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់។
មជ្ឈដ្ឋានអ្នកឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានធ្វើការរិះគន់ចំៗ ទៅលើក្រុមហ៊ុនប្រេងឥន្ធនៈរបស់លោកឧកញ៉ា ឈន ថារី ដែលប្រើប្រាស់យានយន្តមិនប្រុងប្រយ័ត្ន និងអ្នកបើកបរមិនសូវស្ទាត់ជំនាញហើយមិនទទួលខុសត្រូវថែមទៀត ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏ធំបែបនេះ៕




Source from: www.dtn7.com























Loading...




Post a Comment