
សង្ស័យរឿងគំនុំ តាមបាញ់សម្លាប់អ្នករត់តាកស៊ី ផ្អើលទាំងព្រឹកនៅមុខក្រសួងព័ត៌មាន

រាជធានីភ្នំពេញ ៖ យុវជន ៣នាក់ ត្រូវបានខ្មាន់កាំភ្លើង តាមបាញ់ចំនួន ៥គ្រាប់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ ខណ:ដែលជនរងគ្រោះទាំង ៣នាក់ កំពុងជិះម៉ូតូ ប្រភេទធំមួយគ្រឿង ម៉ាកឌូក ចេញពីហាងផឹកស៊ី កាលពីព្រលឹម វេលាម៉ោង ៥និង១០ នាទីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៤ នេះ ស្ថិតនៅលើកំណាត់ផ្លូវព្រះមុនីវង្ស ជាប់របងក្រសួងព័ត៌មាន ទល់មុខសណ្ឋាគារយូអ៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
សមត្ថកិច្ចបាននិយាយថា ករណីបាញ់ប្រហារនេះ អាចបណ្តាលមកពីរឿងគំនុំ មិនមែនប្លន់ នោះទេ ព្រោះក្រោយកើតហេតុ ជនល្មើសមិនបានយកម៉ូតូ និងទ្រព្យសម្បត្តិរបស់ជនរង គ្រោះទាំង ៣នាក់។ ជនរងគ្រោះដែលស្លាប់ មានឈ្មោះ វ៉ាន់ សុធារ៉ា អាយុ ២៦ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី ភ្នំពេញ-ព្រះសីហនុ ស្នាក់នៅក្នុងបុរីប៉េងហួត សង្កាត់ទួលពង្រ ខណ្ឌពោធិសែនជ័យ ។ ដោយឡែកមិត្តភក្តិ ដែលរងរបួសធ្ងន់ មានឈ្មោះថាយ ម៉េង អាយុ ២៧ឆ្នាំ រស់នៅសង្កាត់ ផ្សារដេប៉ូ ខណ្ឌទួលគោក និងម្នាក់ទៀតរងរបួសស្រាល មានឈ្មោះ ជិន ហួតរ៉ាឌី អាយុ ២៧ឆ្នាំ រស់នៅខណ្ឌ ៧មករា ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ បានជិះម៉ូតូ ប្រភេទធំ មួយគ្រឿង ម៉ាកឌូក ឌុបគ្នាតាមបណ្តោយផ្លូវព្រះមុនីវង្ស ហើយលេចមុខជនបង្ក មិនស្គាល់អត្តសញ្ញាណ និងមិនដឹងថា ជិះម៉ូតូម៉ាកអ្វីនោះ បានជិះមកអែប ហើយដកកាំភ្លើងបាញ់ ប្រហារលើជនរងគ្រោះ បណ្តាលឲ្យស្លាប់ និងរបួសតែម្តង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចដែលចុះទៅពិនិត្យ នៅកន្លែងកើតហេតុ មិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលនាំអោយមានការបាញ់ ប្រហារ ដោយសាហាវឃោរឃៅ ខាងលើនេះនៅឡើយទេ ពីព្រោះស្ថិតក្នុងដំណាក់កាល ធ្វើការស៊ើបអង្កេត រកតម្រុយជនល្មើស៕
Source from: watphnom-news.com
Post a Comment