
ឡានដឹកគោរបស់មន្ត្រីដ៏មានអំណាច បើកបុកក្មេងស្រីម្នាក់ដាច់កស្លាប់ និងរងរបួស ៦នាក់

ខេត្តបន្ទាយមានជ័យ ៖ រថយន្តដឹកគោ របស់មន្ត្រីដ៏មានអំណាច ពាក់ស្លាកលេខ ភ្នំពេញ 3A-2727 បើកបរដោយឈ្មោះ ហ៊ូន ហូយ ហៅឡូញ អាយុ ២៥ឆ្នាំ បានបោះពួយយ៉ាងលឿន ទៅបុកជាមួយរថយន្តកាមរីឆ្នាំ៩៣ ពាក់ស្លាកលេខប.ជ 2A-1474 បណ្ដាល ឲ្យស្លាប់ក្មេងស្រីម្នាក់ ដាច់ក្បាលស្លាប់ភ្លាមៗ និងអ្នករួមដំណើរ ក្នុងរថយន្តចំនួន ៦នាក់ រងរបួសធ្ងន់ស្រាល ត្រង់ចំណុច ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ហើយអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។
អ្នកបើករថយន្តរងគ្រោះ មានឈ្មោះ មាន សាលួន អាយុ ៥២ឆ្នាំ មានទីលំនៅភូមិអូរអំបិល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានរងរបួសស្រាល ហើយអ្នករួមដំណើរ រួមមាន ១- ឈ្មោះ ពេជ្រ ពន្នី ភេទ ប្រុស អាយុ ៤៣ឆ្នាំ ទីលំនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក របួសធ្ងន់។ ២-ឈ្មោះ យួន ចេន ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក របួសធ្ងន់។ ៣- ឈ្មោះ ពេជ្រ អានុង ភេទស្រី អាយុ ៩ឆ្នាំ រស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក របួសស្រាល។ ៤-ឈ្មោះ សូ អ៊ីន ភេទ ប្រុសអាយុ ១១ឆ្នាំ រស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក របួសស្រាល។ ៥- ឈ្មោះ យួន អូ ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក របួសស្រាល។ ៦- ឈ្មោះ ពេជ្រ ស្រីណា ភេទស្រី អាយុ ៣ឆ្នាំ រស់នៅភូមិចក់ពួក ឃុំស្លក្រាម បានស្លាប់។
គ្រោះថ្នាក់ចរាចរខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថា គឺបណ្ដាលមកពីការ បើកបរក្នុងល្បឿនលឿនលើផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន បង្កឲ្យមានគ្រោះថ្នាក់។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ ទៅធ្វើការវាស់វែង និងនាំយករថយន្តទាំង ២ មករក្សាទុក រង់ចាំការដោះស្រាយ។ ចំណែកសពក្មេងស្រីរងគ្រោះ ត្រូវសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណី។ ចំពោះរថយន្តដឹកគោខាងលើនេះ ភាគច្រើនជារថយន្តរបស់ក្រុមហ៊ុន ដែលមានអំណាច និងខ្នងបង្អែកជាអ្នកធំ ហើយតែងបង្កការភ័យខ្លាច ដល់អ្នកធ្វើដំណើរតាមផ្លូវ តាមរយៈការបើក លឿន មិនថាក្នុងស្ថានភាពផ្លូវ បែបណានោះទេ៕
Source from: watphnom-news.com
Post a Comment