
នាយកដ្ឋានពេទ្យសត្វធីបចោល នូវប័ណ្ណបង់ប្រាក់ពណ៌ខៀវ ដែលចេញដោយក្រសួងហិរញ្ញវត្ថុ តាមគំនិតពុករលួយរបស់លោក កៅ ផល

រាជធានីភ្នំពេញ ៖ រឿងអាស្រូវជាច្រើនកំពុងកើតមាន នៅតាមអង្គភាព ចំណុះឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលដឹកនាំដោយ លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ហើយការខាតបង់ចំណូលថវិកាជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលកន្លងមក ក៏កើតមានក្នុងនាយកដ្ឋានផលិតកម្ម និងបសុព្យាបាល ក្រោមការគ្រប់គ្រង របស់លោក កែវ ផល ដែលគេនិយមហៅថា នាយកដ្ឋានពេទ្យសត្វ ពាក់ព័ន្ធនឹងការធីបចោល នូវប័ណ្ណបង់ប្រាក់ពណ៌ខៀវ ដែលមានការទទួលស្គាល់ និងចេញដោយក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយនាយកដ្ឋានពេទ្យសត្វ បែរជាបង្កើតប័ណ្ណបង់ប្រាក់ពណ៌ស យកទៅប្រើប្រាស់យ៉ាងអនាធិបតេយ្យ នាំឲ្យមជ្ឈដ្ឋានជាច្រើនមើលឃើញយ៉ាងច្បាស់ថា វាជាចេតនាទុច្ចរិត នៃការប្រព្រឹត្តអំពើពុករលួយ របស់មន្ត្រីក្នុង នាយកដ្ឋានពេទ្យសត្វ ដែលទាមទារឲ្យលោក ឱម យ៉ិនទៀង ពិនិត្យមើលករណីនេះឡើងវិញផង។
ក្រុមអ្នករកស៊ីនាំចូល ជ្រូកមួយចំនួនបានលើកឡើងថា កន្លងមកនាយកដ្ឋានពេទ្យសត្វ ចំណុះឲ្យក្រសួងកសិកម្ម បានបង្កើតប័ណ្ណបង់ប្រាក់ ពណ៌សដោយខ្លួនឯង ដើម្បីប្រមូលលុយពីការនាំចូលជ្រូក និងការនាំចេញស្បែកគោស្រស់ ដោយធីបចោលប័ណ្ណបង់ប្រាក់ពណ៌ខៀវ ដែលចេញដោយអន្តរក្រសួង គឺក្រសួងកសិកម្ម និងក្រសួងហិរញ្ញវត្ថុ ។ គេមើលឃើញយ៉ាងច្បាស់ថា ការបង្កើតប័ណ្ណស គឺដើម្បីប្រមូលលុយ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន មិនបានបង់ចូលជាថវិកាជាតិនោះទេ ដូច្នេះករណីពុករលួយដ៏ធំ នៅក្នុងនាយកដ្ឋានពេទ្យសត្វគួរត្រូវបានលោក ឱម យ៉ិនទៀង ពិនិត្យនិងស្រាវជ្រាវឡើងវិញផង។ ក្រុមអ្នករកស៊ីនាំចូលជ្រូកមួយចំនួន ក៏ដូចជាអ្នករកស៊ីនាំចេញ ស្បែកគោស្រស់ ដែលមានច្បាប់អនុញ្ញាត ពីក្រសួងកសិកម្ម ជាប់កាតព្វកិច្ចបង់លុយ ឲ្យនាយកដ្ឋានពេទ្យសត្វ ដូចជាសម្រាប់ការនាំចូល ត្រូវបង់ពន្ធជ្រូកមួយក្បាល ចំនួន ៤ពាន់រៀល ស្មើ ១ដុល្លារអាមេរិក ហើយថវិកាទាំងនេះ ត្រូវបង្វិលបង់ចូលក្រសួងហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់ប័ណ្ណ បង់លុយពណ៌ខៀវ ដែលមានសញ្ញាក្រសួងហិរញ្ញវត្ថុ។
ផ្ទុយទៅវិញនាយកដ្ឋានពេទ្យសត្វ ក្រោមបញ្ជារបស់លោក កែវ ផល បានធីបចោលនូវប័ណ្ណខៀវនេះ ដោយបង្កើតប័ណ្ណសម្រាប់ បង់ប្រាក់ផ្ទាល់ខ្លួន ឬគេហៅថាប័ណ្ណពណ៌ស បង្គាប់ឲ្យក្រុមហ៊ុន ឬអាជីវករនាំចេញនាំចូលជ្រូក បង់លុយចំនួន ៤ពាន់រៀល ក្នុងមួយក្បាល ដែលលុយទាំងនេះមិនបាន បង់ចូលជាថវិកាជាតិនោះទេ ច្បាស់ជាហូរចូលហោប៉ៅ របស់ថ្នាក់ដឹកនាំនាយកដ្ឋានពេទ្យសត្វ។ បើគិតទៅការប្រើប្រាស់ ប័ណ្ណបង់ប្រាក់ពណ៌សនេះ បានចាប់ផ្តើមតាំងពីចុងឆ្នាំ២០១២ មកម្ល៉េះ មិនដឹងជាខាតបង់ ចំណូលថវិកាជាតិ ប៉ុន្មានលានដុល្លារអាមេរិកនោះទេ ដោយសារតែគំនិតពុករលួយ របស់ថ្នាក់ដឹកនាំ នាយកដ្ឋានពេទ្យសត្វ។ មន្ត្រីតូចតាចម្នាក់ ដែលមិនបានទទួលផលប្រយោជន៍ ពីអំពើពុករលួយនេះបាន បង្ហើបឲ្យដឹងថា មូលហេតុដែលលោក កែវ ផល សម្រេចបង្កើត ប័ណ្ណបង់ប្រាក់ពណ៌ស យកទៅប្រើប្រាស់ គឺដើម្បីងាយស្រួល លាងលុយដែលក្រុមហ៊ុនបង់ឲ្យ។
អាចបញ្ជាក់បានថា ក្នុងមួយថ្ងៃបើមានការនាំចូលជ្រូក ១សែនក្បាល នាយកដ្ឋានពេទ្យសត្វ នឹងទទួលបានចំណូល ១សែនដុល្លារអាមេរិក ដូច្នេះគេអាចលាក់បាំង តួលេខនាំចូលជ្រូក ដោយរាយការណ៍ ទៅក្រសួងហិរញ្ញវត្ថុ តែប៉ុន្មានម៉ឺនក្បាលប៉ុណ្ណោះ ដើម្បីកិបកេងលុយ ដែលបានមកពីការនាំចូលជ្រូក យកទៅច្រកហោប៉ៅធ្វើមានធ្វើបាន ផ្ទាល់ខ្លួន។ ចំណូលថវិកាជាតិយ្រូវបានបាត់បង់ ព្រោះនាយកដ្ឋានពេទ្យសត្វ មិនបានប្រើប្រាស់ប័ណ្ណពណ៌ខៀវ ដែលចេញដោយក្រសួងហិរញ្ញវត្ថុ ដូច្នេះការនាំចូលជ្រូក បានចំណូលប៉ុន្មាន ក៏គ្មាននរណាដឹង ក្រៅពីថ្នាក់ដឹកនាំនាយកដ្ឋានពេទ្យសត្វ តែប៉ុន្មាននាក់ប៉ុណ្ណោះ។ បើគិតត្រួសៗជាមធ្យម ជ្រូកដែលនាំចូលស្រុកខ្មែរ តាមរបៀបស្របច្បាប់ មិនតិចជាង ១០ម៉ឺនក្បាលក្នុងមួយថ្ងៃៗ នេះមិនទាន់គិតដល់ការនាំចូលជ្រូក ដោយខុសច្បាប់នៅឡើយទេ ដូច្នេះប្រាក់ចំណូល ដែលបានមកពីការយកពន្ធ ពីក្រុមហ៊ុននិងឈ្មួញនាំចូលជ្រូក ទទួលបានសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ ប៉ុន្តែគេមិនច្បាស់ទេថា បង់ចូលជាថវិកាជាតិបានប៉ុន្មាន គ្រាន់តែដឹងថា វាហូរចូលក្នុងហោប៉ៅមន្ត្រីពុករលួយ ច្រើនជាងការហូរចូលខ្ទង់ថវិកាជាតិ។
សូមបញ្ជាក់ថា សម្រាប់ការនាំចេញស្បែកគោ នៅក្នុងរាជធានីភ្នំពេញ មានក្រុមហ៊ុនធំៗចំនួន២ប៉ុណ្ណោះ ដែលប្រតិបត្តិការនាំចេញជាប់ជាប្រចាំ ដែលក្នុងមួយឆ្នាំៗមិនតិចជាង ១ពាន់តោននោះទេ ហើយនាយកដ្ឋានពេទ្យសត្វ បានតម្រូវឲ្យបង់លុយចំនួន ៣០ដុល្លារក្នុង ១ តោន ក៏មានការប្រើប្រាស់ ប័ណ្ណពណ៌ស ដោយធីបចោល នូវប័ណ្ណបង់ប្រាក់ពណ៌ខៀវ តាមគំនិតពុករលួយ របស់ថ្នាក់ដឹកនាំនាយកដ្ឋានពេទ្យសត្វ ផងដែរ។ គេចង់ឃើញរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ពិនិត្យឡើងវិញផង ពីការប្រើប្រាស់ប័ណ្ណស ដើម្បីប្រមូលលុយពីការនាំចូលជ្រូក ឬការនាំចេញស្បែកគោ ព្រោះគេសង្ស័យថា វាជាគំនិតពុករលួយរបស់ ថ្នាក់ដឹកនាំនាយកដ្ឋានពេទ្យសត្វ ដែលកេងប្រវ័ញ្ចយកចំណូល ពីការនាំចូលជ្រូក និងការនាំចេញស្បែកគោ ទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួលបំផុត គ្មានឆន្ទៈប្រមូលពន្ធបង់ចូលជាថវិកាជាតិ តាមកំណែទម្រង់ស៊ីជម្រៅនោះទេ ហើយអង្គភាពប្រឆាំងអំពើពុករលួយ គួរតែមានចំណែកស៊ើបអង្កេតស្រាវជ្រាវ ពីបញ្ហានេះឡើងវិញផង ដើម្បីនាំមន្ត្រីខិលខូចពុករលួយ ទៅផ្តន្ទាទោសឲ្យស្របតាម កំណែទម្រង់ស៊ីជម្រៅ៕
Source from: watphnom-news.com
Post a Comment