
ទំនាស់រឿងទិញដីបណ្តាក់បង់លុយមិនគ្រប់ ឈានដល់ការប្រើហិង្សា ត្រូវប៉ូលីសឃាត់ខ្លួន

ខេត្តបាត់ដំបង ៖ ជនជាតិខ្មែរអ៊ិស្លាម ២ក្រុម បានបង្ករបួសស្នាមដោយបុរស ២នាក់ ចំណោម ៣នាក់ ខឹងគេមកទាមទារយកប្លង់ដី ដែលទិញមិនទាន់ បង់ប្រាក់គ្រប់ចំនួន និងជេរអុកឡុកដល់ផ្ទះ កាលពីវេលាម៉ោង ៥និង៣០ នាទីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ នៅក្នុងភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង បានយកដកកូកាកូឡា វាយបុរសម្នាក់ចំណោម ៤នាក់ បណ្តាលឲ្យរបួសធ្ងន់ ហើយត្រូវសមត្ថកិច្ច នគរបាលឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការនារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ដើម្បីចាត់ការបន្តតាមនីតិវិធី។
មន្ត្រីការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល បានឱ្យដឹងថា ភាគី(ក) ខាងបុរសដែលប្រើ ដបកូកាកូឡាវាយគូជម្លោះមានគ្នា ៣នាក់ ទី១-ឈ្មោះ សើហ្វារ៉ាត់ អាយុ ២៨ឆ្នាំ ជាជនដៃដល់របួសថ្ងាស់និងក្បាលខាងក្រោយ ទី២-ឈ្មោះ សើឌីអះម៉ាត់ អាយុ ២៩ឆ្នាំ ទី៣-ឈ្មោះ ឌីន អាយុ ៦២ឆ្នាំរបួសភ្នែក ជាឪពុកជនជាតិខ្មែរអ៊ិស្លាម អ្នកទាំង២ មានទីលំនៅក្រុមទី២ ភូមិកើតហេតុ។ ភាគី(ខ) បុរសរងគ្រោះមានគ្នា៤ នាក់ ទី១-ឈ្មោះ ហ៊ុំរ៉ស៊ីឌី អាយុ ៣០ឆ្នាំ រងរបួសធ្ងន់ ទី២-ឈ្មោះ ហ៊ុំគីភ្លី អាយុ ២១ឆ្នាំ ទី៣-ឈ្មោះ សុះតាស់ អាយុ ៥២ឆ្នាំ ជាឪពុកទាំង ៣នាក់ នៅក្រុមទី៩ ភូមិកើតហេតុ និងទី៤-ឈ្មោះ នាក់រ៉ាសេត អាយុ ៤០ឆ្នាំ រស់នៅក្រុមទី១០ ភូមិឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។
ឈ្មោះ សុះតាស់ ឪពុកជនរងគ្រោះ បានអោយដឹងថា ឈ្មោះ ហ៊ុំ រ៉ស៊ីឌី កូនប្រុសនិងម្តាយក្មេក បានយកប្រាក់ ៤០០ដុល្លារ ទៅផ្ទះឈ្មោះ ឌីន ដើម្បីប្តូរយកប្លង់កម្មសិទ្ធិ ដែលដីនេះទិញរាប់បណ្តាក់យូរមកហើយ។ ក្រោយមកកូនប្រុសឈ្មោះ ហ៊ុំរ៉ស៊ីឌី បាននាំខ្លួន ទៅផ្ទះឈ្មោះ ឌីន តែពេលទៅដល់ ត្រូវឈ្មោះ ឌីន និងកូនប្រុស បានចោទថា ពួកខ្លួនទៅអុកឡុកផ្ទះគេ ចង់ឃាត់ម៉ូតូទុក ខ្លួនមានបំណងប្តឹងទៅសាលាឃុំ ពេលនោះក៏ប្រតាយប្រតប់គ្នា ហើយឈ្មោះ ហ៊ុំរ៉ស៊ីឌីត្រូវគេវាយនឹងដបកូកាកូឡា ចំមុខរបួសតែម្តង។
ឈ្មោះ សើហ្វារ៉ាត់ បានអោយដឹងថា ម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ឈ្មោះ ហ៊ុំរ៉ស៊ីឌី និងម្តាយក្មេកបានយកប្រាក់ ៤០០ដុល្លារ មកឲ្យម្តាយខ្លួន បង្ខំអោយធ្វើលិខិតលក់ដីអោយ។ ពេលនោះម្តាយខ្លួន អោយយកអត្តសញ្ញាប័ណ្ណឈ្មោះ មីរ៉ុល ដែលរស់នៅប្រទេសម៉ាឡេស៊ី អ្នកទិញហើយក៏កើតជម្លោះតែម្តង។ ពេលឪពុកម្តាយខ្លួន ឈ្លោះប្រកែកគ្នាជាមួយពួកគេ ខ្លួនខឹងពេកក៏យក សំបកដបទឹកដោះគោ ផលិតនៅថៃ វាយទៅលើពួកគេវិញ មិនដឹងត្រូវលើនរណាខ្លះទេ។ មន្ត្រីការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាល បានបញ្ជាក់ថាបុរសងស្ស័យ ២នាក់ សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី៕ ដោយ សុខជា
Source from: watphnom-news.com
Post a Comment