លោក ជួប ភារុណ ហៅលាភ ជាមហាសេដ្ឋីវ័យក្មេង និងជាមេឈ្មួញរកស៊ីឈើដ៏មានអំណាច ប្រចាំស្រុកមេមត់ គ្មាននរណាហ៊ានប៉ះពាល់
ខេត្តកំពង់ចាម៖លោកជួបភារុណហៅលាភដែលមានឋានៈជាអនុប្រធានប៉ុស្តិ៍នគរបាលព្រំដែនត្រពាំងថ្មខេត្តកំពង់ចាម ៖ លោក ជួប ភារុណ ហៅលាភ ដែលមានឋានៈ ជាអនុប្រធានប៉ុស្តិ៍នគរបាលព្រំដែនត្រពាំងថ្ម ចំណុះឲ្យវរៈនគរបាល ការពារព្រំដែនលេខ៦១៥ ក្រោមបញ្ជា របស់លោក ចាន់ សារឹម បានប្រឡូកក្នុងជំនួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ឡើងដុះស្លែទៅហើយ មិនដែលមាននរណា ហ៊ានសួរនាំនោះទេ ហើយសិទ្ធិអំណាច ដែលអាចបង្កព្យុះភ្លៀង តាមតែអំពើចិត្តរបស់លោក ជួប ភារុណ ហៅលាភ កើតឡើងដោយសារតែមានលោក ចាន់ សារឹម ជាខ្នងបង្អែក ហើយថ្មីៗនេះលោក ជួប ភារុណ ហៅលាភ ទើបតែសាងសង់បង្ហើយ ភូមិគ្រឹះតម្លៃជាង១លានដុល្លារ នៅក្បែរច្រកព្រំដែន ដូង ៧ដើម ដែលទីនោះក៏ត្រូវបានប្រើប្រាស់ ជាទីតាំងស្តុកឈើមុនពេល នាំចេញទៅស្រុកយួនផងដែរ។
លោក ជួប ភារុណ ហៅលាភ បានប្រើស្បែកជានគរបាល ក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ រហូតមានសិទ្ធិអំណាច ជាន់ដីស្រុកមេមត់ ផ្អៀងទៅហើយ គឺគ្រប់ៗគ្នាបានទទួលស្គាល់ថា លោក ជួប ភារុណ ហៅលាភ គឺជាមេឈ្មួញរកស៊ីឈើធំជាងគេ ប្រចាំខេត្តកំពង់ចាម ព្រោះគាត់មានខ្សែរយៈ តាមបណ្តាខេត្តមួយចំនួន ដូចជាព្រះវិហារ ឧត្តរមានជ័យ និងនៅក្នុងខេត្តសៀមរាប សម្រាប់រៀបចំបញ្ជូនឈើប្រណីត ពីតំបន់នានាយកទៅស្តុកទុក ក្នុងស្រុកមេមត់ សម្រាប់នាំចេញទៅស្រុកយួន។ ក្រៅពីមានទំនាក់ទំនងល្អ ជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធពីគ្រប់ស្ថាប័ន នៅក្នុងប្រទេសកម្ពុជា លោក ជួប ភារុណ ហៅលាភ ក៏មានទំនាក់ទំនង ស្អិតរមួតជាមួយសមត្ថកិច្ច និងក្រុមឈ្មួញជនជាតិយួន នៅក្នុងខេត្តតៃនិញ ផងដែរ ។
ជាធម្មតា ការដឹកជញ្ជូនឈើខុសច្បាប់ របស់លោក ជួប ភារុណ ហៅលាភ ប្រើប្រាស់សុទ្ធតែរថយន្តទំនើបៗ មកពីខេត្តឧត្តរមានជ័យ សៀមរាប និងខេត្តព្រះវិហារ តាមឡានតូយ៉ូតា១បាំងកន្លះ ឡង់គ្រីស័រ ធុនដ្រា និងកាមរីគូថហើមជាដើម ក្នុងមួយយប់ៗក្បួនឡាន របស់លោក ជួប ភារុណ ហៅលាភ ប្រមាណ ៥ទៅ១០ គ្រឿង បានធ្វើដំណើរបន្តកន្ទុយគ្នា ដោយមានមេការនិងសមត្ថកិច្ចមួយចំនួន ចាំស្ពាយលុយបើកឡាន បិទគូថឬនាំផ្លូវ បង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធយ៉ាងរលូនល្អ មិនដែលមាននរណាហ៊ានក្អកទេ។ រថយន្តទំនើបៗទាំងនោះ បានដឹកឈើយកទៅស្តុកទុក ក្នុងស្រុកមេមត់ ជាច្រើនកន្លែងសុទ្ធ តែជាទីតាំងស្តុកឈើខុសច្បាប់ របស់លោក ជួប ភារុណ ហៅលាភ ហើយជាទៀងទាត់ មានរថយន្តយីឌុប មករៀបចំដឹកជញ្ជូនឈើ ពីតាមឃ្លាំងទាំងនោះ ចេញទៅស្រុកយួន តាមច្រកច័ន្ទមូល ឬច្រកត្រពាំងថ្ម យ៉ាងរលូន។
លោក ចាន់ សារឹម ជាមេបញ្ជាការនគរបាល វរៈការពារព្រំដែនគោកលេខ៦១៥ មានសិទ្ធិអំណាចធំធេង ក្នុងការពារច្រកព្រំដែន និងច្រករបៀងក្នុងស្រុកមេមត់ ក៏ទទួលបានផលប្រយោជន៍ ពីជំនួញឈើខុសច្បាប់ របស់លោក ជួប ភារុណ ហៅលាភ ដែលជាមនុស្សជំនិតរបស់គាត់ផងដែរ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ។ ដូចដែលមន្ត្រីមួយចំនួន បានធ្លោយឲ្យដឹងថា លោក ជួប ភារុណ ហៅលាភ គ្រាន់តែប្រើស្បែក ជានគរបាលសម្រាប់ការពារជំនួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ របស់គាត់តែប៉ុណ្ណោះ ដោយមានលោក ចាន់ សារឹម ជាខ្នងបង្អែក ហើយលោក ចាន់ សារឹម ក៏មានខ្នងបង្អែកដ៏រឹងមាំ នៅក្នុងក្រសួងមហាផ្ទៃ ព្រោះគាត់ត្រូវជាបងប្អូន របស់លោក ចាន់ អៀន ដូច្នេះអ្វីៗដំណើរការដោយរលូនល្អ មិនដែលមាននរណាហ៊ានប៉ះពាល់ ឬបង្ក្រាបឡើយ។
មន្តីជំនាញមួយចំនួន បានលើកឡើងថា រាល់ពេលដែលឡានដឹកឈើ របស់លោក ជួប ភារុណ ហៅលាភ ដែលជាមហាសេដ្ឋីវ័យក្មេង ឬជាមេឈ្មួញរកស៊ីឈើខុសច្បាប់ដ៏មានអំណាច ពួកគេមិនដែលហ៊ានប៉ះពាល់ទេ ព្រោះអាចនាំឲ្យលោក ជួប ភារុណ ហៅលាភ មានអារម្មណ៍មិនល្អ តែបើជ្រុលជាហ៊ានឃាត់ ប៉ះចំរថយន្តដឹកឈើរបស់លោក ជួប ភារុណ ហៅលាភ វិញច្បាស់ជាមានរឿង ដល់ខ្លួនជាមិនខាន ព្រោះលោក ជួប ភារុណ ហៅលាភ គឺជាមេឈ្មួញដែលពូកែយកចិត្តថ្លើមថ្នាក់លើ ចូលចិត្តស្ពាយលុយទាំងដុំៗ យកទៅសែនព្រេនឲ្យមន្ត្រីធំៗ ជាជាងផ្តល់លុយ ថ្លៃបាយទឹកទៅឲ្យមន្ត្រីតូចតាច ដែលប្រចាំការតាមដងផ្លូវ។ គេមិនដែលឃើញ ក្រសួងមហាផ្ទៃ ដាក់ពិន័យទៅលើលោក ជួប ភារុណ ហៅលាភ ដែលកំពុងសកម្មបំផុត ក្នុងការនាំចេញឈើខុសច្បាប់ ទៅស្រុកយួនយ៉ាងអនាធិបតេយ្យ ផ្ទុយពីការឹតបន្តឹងនោះទេ។
លោក ជួប ភារុណ ហៅលាភ ក៏ទទួលបានសិទ្ធិអំណាចយ៉ាងពិសេស ក្នុងការគ្រប់គ្រងជំនួញឈើខុសច្បាប់ នៅលើទឹកដីស្រុកមេមត់ ខេត្តកំពង់ចាម ដូចដែលឈ្មួញតូចតាចមួយចំនួន បានលើកឡើងថា ទោះជាពួកគេដឹកជញ្ជូនឈើ មកពីតាមបណ្តាខេត្តនានា ចូលដល់ទឹកដីស្រុកមេមត់ គឺត្រូវទំនាក់ទំនងបង់លុយឲ្យលោក ជួប ភារុណ ហៅលាភ ដើម្បីទទួលបានសិទ្ធិ ដឹកឈើចេញទៅស្រុកយួន តាមច្រកច័ន្ទមូល ស្ថិតនៅក្នុងឃុំដារ នៃស្រុកមេមត់ ឈមជាមួយខេត្តតៃនិញ ប្រទេសយួន។ គ្មាននរណាអាចរកស៊ីដឹកជញ្ជូនឈើ ឆ្លងកាត់ស្រុកមេមត់ ដោយមិនបានជូនដំណឹង ឬមិនបានបង់លុយ ថ្លៃសុំសិទ្ធិពីលោក ជួប ភារុណ ហៅលាភ នោះទេព្រោះគាត់គឺជាជើងខ្លាំង មានអំណាចពេញដៃ ហើយពេលខ្លះទៀតឈ្មួញជាច្រើន បានបង្ខំចិត្តលក់ឈើទៅឲ្យលោក ជួប ភារុណ ហៅលាភ ក្នុងតម្លៃថោកៗ បើមិនដូច្នេះទេ លោក ជួប ភារុណ ហៅលាភ រារាំងរំខានមិនឲ្យចេញឈើទៅស្រុកយួនទេ៕
Source from: watphnom-news.com
























Loading...




Post a Comment