មេការក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ប្រមូលអ្នកស្រុកឲ្យចូលទៅ កាប់ឈើប្រណីតលើជួរភ្នំក្រវាញ ក្នុងឃុំរកាតនិងឃុំសំរោង ស្ទើររលាយទៅហើយ
ខេត្តពោធិ៍សាត់៖តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលការពារធនធានធម្មជាតិនៅខេត្តពោធិ៍សាត់បានឲ្យដឹងថាបទល្មើសកាប់ឈើប្រណីតខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ការពារធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ បានឲ្យដឹងថា បទល្មើសកាប់ឈើប្រណីត នៅតំបន់ជួរភ្នំក្រវាញ កំពុងតែកើតទ្បើងយ៉ាងពេញបន្ទុក ដូចជានៅចំណុចឃុំរកាត និងឃុំសំរោង ត្រូវបានឈ្មួញមកពីតំបន់ផ្សេង ដូចជាខេត្តកំពត និងខេត្តកំពង់ស្ពឺ បានកាប់ឈើប្រណីតគ្រប់ប្រភេទ លក់ឲ្យក្រុមហ៊ុនឧកញ៉ា ទ្រី ភាព យ៉ាងអនាធិបតេយ្យ គ្មានសមត្ថកិច្ចណា ចាត់វិធានការទប់ស្កាត់ទេ។
ប្រភពខាងលើបានឲ្យដឹងថា ឈើប្រណីតប្រភេទធ្នង់ នាងនួន បេង និងប្រភេទផ្សេងៗទៀត ត្រូវបានគេកាប់និងដឹកចេញពីព្រៃ ក្នុងមួយថ្ងៃរាប់សិបម៉ែត្រគូប នៅចំណុចអូរដា នៃឃុំរកាត ដែលជាតំបន់អភិរក្ស។ សកម្មភាពដឹកជញ្ជូនឈើនោះ គឺគេដឹកតាមត្រាក់ទ័រ គោយន្តនិងរទេះគោ ជាច្រើនគ្រឿង យកទៅស្តុកទុកក្នុងឃ្លាំងចំនួន៣ ដែលមានទីតាំង នៅឃុំសំរោង ស្រុកភ្នំក្រវាញ ហើយឃ្លាំងទាំងនោះ គឺជាកម្មសិទ្ធិក្រុមហ៊ុន អឹម ឌី អេស របស់ឧកញ៉ា ទ្រីភាព ។ ដោយសារតែប្រជាពលរដ្ឋ កាប់ឈើយកទៅលក់ឲ្យ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ទើបមន្ត្រីរដ្ឋាភិបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធ មិនធ្វើការបង្ក្រាប ព្រោះពួកគេទទួលបាន ផលប្រយោជន៍ជាប្រចាំ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំរកាត និងឃុំសំរោង ស្រុកភ្នំក្រវាញ បានឲ្យដឹងថា អ្នកបើកបររថយន្ត និងអ្នកដើរជួលប្រជាពលរដ្ឋ ឲ្យកាប់ឈើលក់ឲ្យពួកគេនោះ គឺជាកម្មករតូចតាច ធ្វើការនៅក្នុងក្រុមហ៊ុន អឹម ឌី អេស របស់ ឧកញ៉ា ទ្រី ភាព ហើយពួកគេធ្វើសកម្មភាព រយៈពេលជាង ៤ខែមកហើយ មិនឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណា ទប់ស្កាត់ទ្បើយ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗមានរថយន្តយីឌុបចំនួន ២គ្រឿង បានដឹកឈើចន្លោះពី ៤០ទៅ៨០ ម៉ែត្រគូបទៅស្តុក នៅទីតាំងរបស់ក្រុមហ៊ុនអឹម ឌី អេស យ៉ាងរលូន។ មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ សុទ្ធតែបានដឹងឮ ពីរឿងប្រជាពលរដ្ឋចូលទៅកាប់ឈើ លក់ឲ្យក្រុមហ៊ុនទ្រីភាព ប៉ុន្តែប្រហែលជាពួកគេពាក់ព័ន្ធ បញ្ហាផលប្រយោជន៍ ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់។
មន្ត្រីអង្គការ ការពារធនធានធម្មជាតិ បានបញ្ជាក់ថា មានប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី ជាច្រើនគ្រួសារនាំគ្នាមកសង់រោង ប្រក់ស័ង្កសីនិងកៅស៊ូតង់ នៅភូមិវាល ឃុំរកាត ប្រមាណជា ២០០រោង ក្នុងគោលបំណង ស្នាក់នៅនិងទ្បើងកាប់ឈើ លក់ឲ្យក្រុមហ៊ុនអឹម ឌី អេស។ ប្រភពបានឲ្យដឹងទៀតថា សកម្មភាពកាប់បំផ្លាញព្រៃឈើ ក្នុងដែនអភិរក្ស មានស្ថានភាពគួរឲ្យព្រួយបារម្ភ ហើយអាចមានការបើកដៃ ពីមន្ត្រីរដ្ឋបាលព្រៃឈើ នៅក្នុងតំបន់នោះផងដែរ ទើបអ្វីៗអាចដំណើរការយ៉ាងរលូន។ បញ្ហានេះលោក ឆេង គឹមស៊ុន មេរដ្ឋបាលព្រៃឈើ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវពិនិត្យមើល និងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះមេរដ្ឋបាលព្រៃឈើ ប្រចាំខេត្តពោធិ៍សាត់ ត្រូវបានគេដឹងថា ជាអ្នកនៅពីក្រោយខ្នងក្រុមជនល្មើស ដើម្បីប្រមូលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងងងើល។
ជាក់ស្តែង ឈើប្រណីតលើជួរភ្នំក្រវាញ ក្នុងឃុំរកាតនិងឃុំសំរោង ស្ទើរតែរលាយសាបសូន្យ ទាំងស្រុងទៅហើយ ដូចដែលមជ្ឈដ្ឋាននានា បានរិះគន់ថា នៅតំបន់ណាក៏ដោយ ឲ្យតែមានមុខក្រុមហ៊ុនទ្រីភាព គឺព្រៃឈើនៅក្នុងតំបន់នោះ ជាពិសេសឈើប្រណីត ចៀសមិនផុតពីត្រូវបំផ្លាញ ឲ្យរលាយសាបសូន្យទេ។ កន្លងមក គេមិនដែលឃើញលោក ឆេង គឹមស៊ុន មេរដ្ឋបាលព្រៃឈើ មានប្រតិកម្មអ្វីទាំងអស់ ចំពោះបទល្មើសដែលបង្កទ្បើង ដោយក្រុមហ៊ុនទ្រីភាព ហើយមិនដឹងថា គាត់ខ្លាចអំណាចរបស់ឧកញ៉ា ទ្រី ភាព ឬយ៉ាងណានោះទ្បើយ។ ជាក់ស្តែងរយៈពេលជាង ៤ខែមកហើយ ដែលមានសកម្មភាពកាប់ឈើ យ៉ាងពេញបន្ទុកនៅលើជួរភ្នំក្រវាញ យកមកលក់ឲ្យក្រុមហ៊ុន អឹម ឌី អេស របស់ឧកញ៉ា ទ្រី ភាព ក៏ប៉ុន្តែគេមិនឃើញលោក ឆេង គឹមស៊ុន ដែលជាមេរដ្ឋបាលព្រៃឈើ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ចាត់វិធានការទប់ស្កាត់ទាល់តែសោះ៕
Source from: watphnom-news.com
























Loading...




Post a Comment