ជប៉ុនចូលរួមពិធីតាំងពិព័រណ៍សព្វាវុធការពារជាតិជាលើកទី១នៅប្រទេសបារាំង
ក្រុមហ៊ុនឧស្សាហកម្មចំនួន១៣របស់ជប៉ុន បានចូលរួមពិធីតាំងពិព័រណ៍សព្វាវុធការពារជាតិ Eurosatory ចាប់តាំងពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលផលិតផលបង្ហាញរបស់ជប៉ុនក្នុងពិធីតាំងពិព័រណ៍ជាលក្ខណៈអន្តរជាតិនោះ គឺសម្រាប់បម្រើវិស័យស៊ីវិលប៉ុណ្ណោះ មិនមែនសម្រាប់បំពាក់ឲ្យកងកម្លាំងយោធាទេ ។
សម្ភារៈដែលជប៉ុនបានដាក់បង្ហាញក្នុងពិធីតាំងពិព័រណ័នោះ មានឧបករណ៍ស្ថាបនាស្ពានសម្រាប់យោធា ប្រព័ន្ធរ៉ាដាតាមដានអាកាសធាតុ កែវឆ្លុះសម្រាប់មើលនៅពេលយប់ ឧបករណ៍ជួយសង្គ្រោះបន្ទាន់ ម៉ាស៊ីនរាវមីនយួរដៃ និងប្រភេទយន្តហោះគ្មានមនុស្សបើកសម្រាប់ធ្វើសង្គ្រាមនៅលើដែនអាកាស ។
អ្នកជំនួយក្នុងពិធីតាំងពិព័រណ៍ បានអំពាវនាវដល់ក្រុមហ៊ុនជប៉ុនឲ្យដាក់បង្ហាញឧបករណ៍ជួយសង្គ្រោះបន្ទាន់ និងការអភិវឌ្ឍន៍ស្តារឡើងវិញ ក្រោយរងការវាយប្រហារដោយរលកយក្សស៊ូណាមិ កាលពីខែមីនា ឆ្នាំ២០១១កន្លងទៅ ។
ការណ៍ដែលក្រុមហ៊ុនជប៉ុនចូលរួមពិធីតាំងពិព័រណ៍ការពារជាតិលើកទី១នៅប្រទេសបារាំងនេះ គឺក្នុងគោលបំណងជំរុញសកម្មភាពផលិតសម្ភារៈការពារជាតិរបស់ប្រទេសនៅពេលអនាគត បន្ទាប់ពីលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសជាផ្លូវការអំពីសកម្មភាពផលិតសព្វាវុធ ក៏ដូចជាការនាំចេញទៅបរទេស ៕
Source from: www.dtn7.com
Post a Comment