រាជធានីភ្នំពេញ ៖ ក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជំហរចុងក្រោយ ដោយបញ្ជាក់ថា តំណាងរាស្ត្រទាំង ៥៥ រូបរបស់គណបក្ស សង្គ្រោះជាតិ ដែលទើបជាប់ឆ្នោតថ្មី នឹងមិនចូលរួមសម័យប្រជុំ សភាលើកដំបូង ដែលគ្រោងធ្វើនៅថ្ងៃទី២៣ ខែកញ្ញា នេះទេ បើទោះជា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតីភាពក៏ដោយ។
លោក សម រង្ស៊ី បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅតែស្មោះត្រង់ គោរពតាមឆន្ទៈ របស់ប្រជាពលរដ្ឋ គឺមិនចូលរួមប្រជុំសភា លើកដំបូងនោះទេ ដរាបណាគ្មានដំណោះស្រាយ គ្មានយុត្តិធម៌សម្រាប់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ លោក សម រង្ស៊ី បានហៅការប្រជុំសភានៅថ្ងៃទី២៣ ខែកញ្ញា នេះថា ជារឿងតក់ក្រហល់ និងផ្ទុយរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ជាច្រើនមាត្រា ហើយទទូចសុំឲ្យមានការជួបចរចា រវាងមេដឹកនាំកំពូលនៃគណបក្សទាំងពីរ ដើម្បីផលប្រយោជន៍ប្រទេសជាតិ។
ដោយឡែកក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២០ ខែកញ្ញា ក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី លោក សម រង្ស៊ី បានរំលឹកពីបទពិសោធន៍ នៃការដោះស្រាយបញ្ហាជាតិ របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ២០០៣។ លោក សម រង្ស៊ី បានលើកឡើងថា ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាត ទូលថ្វាយព្រះករុណា ជាអម្ចាស់ទ្រង់ព្រះមេត្តាជ្រាបថា កាលពីរដ្ឋសភានីតិកាលទី៣ ឆ្នាំ២០០៣ អតីតព្រះបាទ នរោត្តម សីហនុ ទ្រង់មានព្រះរាជតម្រិះ និងសម្រេចព្រះទ័យ មិនយាងជា ព្រះរាជាធិបតី ក្នុងសម័យប្រជុំដំបូងនៃសភា ដោយហេតុថា ពេលនោះ មានតែបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជាចំនួន ៧៣ រូបតែប៉ុណ្ណោះ ដែលសម្រេចចូលប្រជុំ។
លោក សម រង្ស៊ី បានស្នើសុំព្រះមហាក្សត្រជាថ្មី ក្នុងការពន្យារពេល សម័យប្រជុំដំបូង នៃរដ្ឋសភានីតិកាលទី ៥ នេះ រហូតដល់គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា រកដំណោះស្រាយ ដោយសន្តិវិធី ចំពោះវិវាទឬបញ្ហាទាំងឡាយ ស្របតាមព្រះរាជតម្រិះ របស់ព្រះករុណា។ លោក សម រង្ស៊ី ក៏បានទូលថ្វាយ ព្រះមហាក្សត្រនូវមាត្រា មួយចំនួននៃរដ្ឋធម្មនុញ្ញ ដូចជា មាត្រា១ មាត្រា៨ មាត្រា៩ មាត្រា៥១ មាត្រា៧៦ និងមាត្រា៨២ ដែលចែងពីតួនាទី របស់ព្រះមហាក្សត្រ ជានិមិត្តរូបនៃឯកភាពជាតិ និងរយៈពេលនៃការបើក សម័យប្រជុំសភាលើកដំបូង។
ទន្ទឹមនឹងនេះលោកបណ្ឌិត ហង្ស ពុទ្ធា ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា បានឲ្យដឹងថា បន្ទប់ឃ្លាំមើលស្ថានការណ៍បោះឆ្នោត ដែលមានអង្គការជិត ២០ រួមគ្នា នឹងដាក់ញត្តិ ថ្វាយព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ឲ្យពន្យារពេលការប្រជុំសភា ដើម្បីទុកឱកាស ឲ្យគណបក្សជាប់ឆ្នោតទាំងពីរ ឯកភាពគ្នាសិនព្រោះនៅក្នុងបរិបទ នយោបាយបច្ចុប្បន្ន ការពន្យារពេល បើកកិច្ចប្រជុំសភាលើកដំបូងនេះ ជាមធ្យោបាយល្អបំផុត ។
សង្គមស៊ីវិលបានស្នើឲ្យគណបក្ស សង្គ្រោះជាតិ ជំរុញគណបក្សកាន់អំណាច ក្នុងការស្វែងរកការពិត ស្ដីពីភាពមិនប្រក្រតី ជុំវិញដំណើរការបោះឆ្នោត ហើយបើសិនជារកការពិតឃើញ គណបក្សជាប់ឆ្នោតទាំងពីរ ទទួលបានផលប្រយោជន៍ដូចគ្នា គណបក្ស សង្គ្រោះជាតិ អាចជម្រះមន្ទិលអ្នកគាំទ្រថា ខ្លួនជាប់ឆ្នោតមែនឬអត់? ហើយគណបក្សកាន់អំណាច នឹងមានកិត្តិយស ក្នុងនាមជាអ្នកឈ្នះដោយយុត្តិធម៌។
ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលគាំទ្រគណបក្ស សង្គ្រោះជាតិ បាននាំគ្នាយកស្នាមមេដៃ ធ្វើជាញត្តិថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ហើយខ្លឹមសារក្នុងញត្តិនោះ សុំឲ្យបេក្ខជនតំណាងរាស្ត្រ ជាប់ឆ្នោតនៃគណបក្ស សង្គ្រោះជាតិ កុំចូលចូលប្រជុំសភា និងសុំឲ្យព្រះមហាក្សត្រ ពន្យារពេលការបើកសម័យប្រជុំ លើកដំបូងនៅ ថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ ដើម្បីឲ្យគណបក្សទាំងពីរ មានការឯកភាពជាតិជាមុនសិន ហើយដើម្បីតម្កល់ផលប្រយោជន៍ជាតិ ហើយត្រូវតែស្រុះស្រួលគ្នា ធ្វើការកែទម្រង់ឲ្យ ស៊ីជម្រៅបំផុត តាមដែលអាចធ្វើទៅបាន។
មិនខុសពីការលើកឡើងរបស់អ្នកវិភាគឯករាជ មួយចំនួនដែលថា គណបក្ស សង្គ្រោះជាតិ នឹងអាចមានឱកាសតទល់ ដោយស្មើមុខជាមួយ គណបក្សកាន់អំណាច បើសិនជាបានគ្រប់គ្រងរដ្ឋសភា ប៉ុន្តែគណបក្ស សង្គ្រោះជាតិ ត្រូវមើលគំរូរបស់សម្ដេចក្រុមព្រះ ដែលរលាយបក្ស ដោយសារធ្វើជាប្រធានសភាជាតិ ផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment