ខេត្តបាត់ដំបង ៖ ដោយសាររឿងច្រានម៉ូតូឲ្យដួល ពេលចេញពីវង់ផឹកស៊ី បុរសម្នាក់បានយកកាំបិត តាមកាប់ដៃគូជម្លោះ តាមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ហើយជនរងគ្រោះ ត្រូវអ្នកភូមិដឹកទៅកាន់មន្ទីរពេទ្យ ចំណែកជនសង្ស័យ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ ឲ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅស្នងការរដ្ឋានគរបាលខេត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោក ស៊ិន ថឹក អធិការងស្រុកគាស់ក្រឡ បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សង សល អាយុ ៣៣ឆ្នាំត្រូវរបួសជាច្រើនកាំបិត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី។ ចំណែកជនដៃដល់មានឈ្មោះ ជា ម៉ន អាយុ ២៨ ឆ្នាំរស់នៅភូមិឃុំ កើតហេតុជាមួយគ្នា។ សាក្សីក្នុងវង់ផឹកស៊ី បានបំភ្លឺប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកគេមានគ្នាបួននាក់ បានផឹកស្រាថ្នាំចំនួន ២ បីតូប នៅចំណុចភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តាំងពីក្បាលល្ងាច រហូតដល់ម៉ោងជាង ៨ យប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ដោយម្នាក់ៗស្រវឹងដាប។
ពេលចេញពីវង់ផឹកស៊ីឈ្មោះ សង សល ដែលចាជនរងគ្រោះ បាននិយាយថា ឈ្មោះ ជា ម៉ន ដែលជាជនដៃដល់ បានច្រានម៉ូតូដួល ហើយក៍មានការប្រកែកគ្នា យ៉ាងតឹងសសៃក រួចវាយប្រតប់គ្នាតែម្តង។ ក្រោយមកត្រូវគេឃាត់ បំបែកចេញពីគ្នា ពេលនោះជនរងគ្រោះ បានដើរទៅជិតដល់ផ្ទះ ស្រាប់តែជនសង្ស័យ បានស្ទុះទៅយកកាំបិតខ្វែវ ចេញពីផ្ទះរួចកាប់ទៅលើ ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យរបួសធ្ងន់តែម្តង។ ជនរងគ្រោះត្រូវក្រុមគ្រួសារ ជួយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យរីឯជនដៃដល់ ក៏ត្រូវអ្នកភូមិជួយចាប់ប្រគល់ ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ៕
Source from: watphnom-news.com























Loading...




Post a Comment