អាមេរិក អង់គ្លេស និង បារាំង បានអត្ថាធិប្បាយថា របាយការណ៍ការប្រើប្រាស់អាវុធគីមីនៅស៊ីរី ដែលបានធ្វើបទបង្ហាញដោយលោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ វាល្មមគ្រប់គ្រាន់ ក្នុងការដាក់គំនាបបន្ថែមទៅលើរដ្ឋអំណាចស៊ីរី។ ព្រោះវាពិតប្រាកដណាស់ថា លោកប្រធានាធិបតីស៊ីរី អាស្សាដ បានប្រើប្រាស់អាវុធគីមីទៅលើក្រុមឧទ្ទាមកាលពីថ្ងៃទី ២១ ខែសីហា ដែលបានសម្លាប់មនុស្សជាង ១ ពាន់នាក់។ប្រទេសមហាអំណាចទាំង ៣ បានធ្វើការសន្និដ្ឋានចំពោះរបាយការណ៍ថា មានតែរបបលោក Bashar al-Assad តែមួយគត់ប៉ុណ្ណោះ ដែលត្រូវទទួលខុសត្រូវចំពោះការវាយប្រហារនោះ។
ក៏ប៉ុន្តែសម្រាប់រុស៊្សីវិញ ដែលជាសម្ព័ន្ធមិត្តរបស់ស៊ីរី បានចេញមុខអះអាងការពារលោកអាស្សាដថា រដ្ឋអំណាចស៊ីរី មិនអាចជាអ្នកទទួលខុសត្រូវចំពោះបញ្ហានេះជាដាច់ខាត។
កាលពីជាងពីរសប្តាហ៍មុន ក្រុមអ្នកត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ បានបញ្ចប់ការស្រាវជ្រាវ របស់ខ្លួន ក្នុងកម្មវត្ថុស្វែងរកធាតុពិតនៃការប្រើប្រាស់អាវុធគីមី ដែលគេបានចោទប្រកាន់ ចំពោះរដ្ឋាភិបាលលោក អាសាដ ថា បានវាយប្រហារអាវុធគីមីចំពោះក្រុមឧទ្ទាមកាលពីថ្ងៃទី ២១ ខែ សីហាកន្លងទៅ នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី ដែលកាលណោះបានសម្លាប់មនុស្សប្រមាណជាង ១ពាន់នាក់។
គួររម្លឹកថាកាលពីថ្ងៃសុក្រកន្លងទៅ អគ្គលេខាធិការអង្គការសហប្រជាតិលោក Ban Ki-moon បានធ្វើការ ចោទប្រកាន់ដោយត្រង់ៗចំពោះលោក ប្រធានាធិបតីស៊ិរី Bashar al-Assad ថា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ប្រឆាំងទៅនឹងមនុស្សជាតិជុំវិញការប្រើបា្រស់អាវុធគីមី។
បញ្ហានៅស៊ីរីចាប់តាំងពីមានការវាយប្រហារក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ២១ ខែ សីហា កន្លងទៅ ដែលបណ្តាលឲ្យមនុស្សជាង ១ពាននាក់បានស្លាប់មក ភាពតានតឹងរវាង ស៊ីរី និង ប្រទេសមហាអំណាច ជាពិសេសអាមេរិកតែម្តងបានកើនឡើងយ៉ាងខ្លាំង ព្រោះ ប្រទេសទាំងនេះបានចោទប្រកាន់ថា វាជាករណីប្រើប្រាស់អាវុធគីមីរបស់រដ្ឋាភិបាលស៊ីរី។ ប្រទេសបារាំង និងសហរដ្ឋអាមេរិក សុទ្ធតែបាន តាំងចិត្តរួចរាល់ហើយថា នឹងរួមគ្នាកម្ទេច របបអាស្សាដ ចោលប្រសិនបើស៊ីរីមិនព្រមបោះបង់អាវុធ គីមីទេនោះ ។
ចំណែកប្រទេសមហាអំណាចធំៗពីរទៀត គឺចិន និងរស្ស៊ីវិញ បានបដិសេធដាច់អហិង្កាចំពោះការចង់អន្តរាគមទៅលើរដ្ឋាភិបាលស៊ីរី របស់រដ្ឋាភិបាលអាមេរិកផងដែរ។ មិនតែប៉ុណ្ណោះ ប្រទេសទាំងពីរនេះ បានប្រកាសថា នឹងជួយស៊ីរីប្រសិនបើ អាមេរិកបើកការវាយប្រហារមែននោះ។
ជម្លោះហែកហួរនៅក្នុងប្រទេសស៊ីរី បានអូស បន្លាយអស់រយៈពេល៣០ ខែទៅហើយ ដែលបានបណ្តាល ជីវិតមនុស្ស ជាង១សែននាក់ ត្រូវបានសម្លាប់យ៉ាងវេទនាបំផុតក្រោមភ្លើងសង្គ្រាម រវាងក្រុមអ្នកប្រឆាំង និង កងទ័ពរដ្ឋាភិបាលស៊ីរី ។ ដោយជា ធីរិទ្ធ
Source from: Vayofm























Loading...




Post a Comment