តាមរយៈការថ្លែងតាមកញ្ចក់ទូរទស្សន៏អារ៉ាប់ លោកAhmad Jarba ជាមេបក្សប្រឆាំងនៅស៊ីរីបានអះអាងថា ដើម្បីបញ្ចប់ការសម្លាប់រង្គាល់ទៅលើប្រជាជនស៊ីរី គឺមានការបញ្ចប់របបម៉ាស៊ីនសង្គ្រាមក្នុងប្រទេសស៊ីរីតែប៉ុណ្ណោះ។
ក្នុងន័យនេះលោកAhmad Jarba ចង់មានន័យថា មានតែការបញ្ចប់របបដឹកនាំរបស់លោក Bashar al-Assad តែប៉ុណ្ណោះដែលអាចបញ្ចប់បញ្ហាសង្គ្រាមដ៏ស្មុគស្មាញ់បាន។
ក្នុងនោះមេបក្សប្រឆាំងស៊ីរី ក៏បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិចាត់វិធានការជាបន្ទាន់ដោយផ្អែកទៅលើជំពូកទី៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីប្រើកម្លាំងអន្តរាគមន៏ក្នុងប្រទេសស៊ីរី សម្រាប់ជាការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមីដែលក្រុមអ្នកជំនាញ់ទើបតែបង្ហាញ់របាយការណ៏របស់ខ្លួនកាលពីពេលថ្មីៗនេះ។
ទាក់ទងនឹងបញ្ហានេះដែរ គេមើលឃើញថា ប្រទេសបារាំង អង់គ្លេស និង អាមេរិក សុទ្ធតែមានជំនោទៅរកអន្តរាគមន៏ ខណៈពេលដែលរុស្ស៊ី និង ចិន មិនយល់ព្រមនោះទេ ឲ្យមានការចូលអន្តរាគមន៏នៅស៊ីរី។
ដូច្នេះសេចក្តីសម្រេចរបស់ក្រុមព្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ពិតជាមិនអាចដាក់ចេញបានដោយងាយឡើយ ព្រោះតែការខ្វែងគំនិតគ្នានេះ។
សូមបញ្ជាក់ថា រុស្ស៊ី និងចិន ដែលជាសមាជិកក្នុងស្ថាប័នកំពូលរបស់អន្តរជាតិនេះតែងតែប្រឆាំងជានិច្ចមិនឲ្យមានការលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ស៊ីរី។
ស្របពេលជាមួយគ្នានេះដែរ រុស្ស៊ី ដែលជាមិត្តស៊ីរីបានចេញមុខប្រកាសជាថ្មីម្តងទៀត ដោយបដិសេធមិនឲ្យក្រុមប្រឹក្សាសន្តិសុខបើកផ្លូវឲ្យមានអន្តរាគមន៏ឡើយ។
កាលពីពេលថ្មីៗកន្លងទៅប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានប្រកាសថា ខ្លួនមានបំណងបោះបង់អាវុធគីមីចោល។ ហើយប្រការនេះក៏ត្រូវបានពិភពលោកស្វាគមន៏ផងដែរ។
ចំណែកអាមេរិក និងរុស្ស៊ី ក៏បានព្រមព្រៀងគ្នាថា នឹងធ្វើការបំផ្លាញ់អាវុធគីមីក្នុងប្រទេសស៊ីរីចោលឲ្យបានមុនពាក់កណ្តាលឆ្នាំ ២០១៤។(ដោយៈអ៊ុន រស្មី)
Source from: Vayofm























Loading...




Post a Comment